នៅក្នុងពិធីផ្ដល់ជូនវ៉ាក់សាងកូវីដ-១៩ដែលកម្ពុជាបានផ្ដល់ទៅឲ្យវៀតណាមខាងលើនេះ គឺធ្វើឡើងនៅក្នុងគោលបំណងបង្ហាញនូវភាពជិតស្និតរវាងកម្ពុជា និងវៀតណាម ដែលជាភូមិផងរបងជាមួយប្រទេសដែលជាសម្ព័ន្ធមិត្ត ហើយការផ្ដល់ជូនទៅកាន់រាជរដ្ឋាភិបាលវៀតណាមនេះផងដែរ សំដៅទៅលើការលើកកម្ពស់នូវផ្នែកសុខាភិបាល សុខាមាលភាពប្រជាពលរដ្ឋវៀតណាមនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងបន្តរីករាដាលឆ្លងនៅទូទាំងពិភពលោកនេះផងដែរ។
យ៉ាងណាមិញប្រទេសវៀតណាម គឺជាប្រទេសទី២ហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយ ខណៈកាលពីកន្លងទៅកម្ពុជាក៏បានផ្ដល់ជំនួយវ៉ាក់សាំងទៅកាន់ប្រទេសឡាវ ចំនួន២០ម៉ឺនដូសផងដែរ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ។ បន្ថែមពីនេះ ក្រៅពីថវិកាកម្ពុជាក៏ធ្លាប់បាន ផ្ដល់ជាជំនួយជាគ្រឿងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសវៀតណាម និងឡាវ ដូចជាម៉ាស ឧបករណ៍តេស្តរហ័ស និងម៉ាស៊ីនជំនួយអុកស៊ីសែនជាដើម។
សូមជម្រាបថា ទន្ទឹមនឹងការផ្ដល់ជំនួយនេះផងដែរ កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ធ្វើការចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ខណៈកន្លងទៅនេះការចាក់វ៉ាក់សាំងនៅកម្ពុជាហាក់មានសន្ទុះគួរឲ្យកត់សម្គាល់ដែល សម្រេចបានរហូតទៅដល់ជិត ១០០%ហើយ ចំពោះប្រជាជនគោលដៅ ១០លាននាក់។ តួយ៉ាងកាលពីថ្ងៃទី ២៦ខែតុលា កន្លងទៅនេះលោកស្រី យក់ សម្បត្តិ ដែលជារដ្ឋលេខាធិកានៃក្រសួងសុខាភិបាលបានឲ្យដឹងថា កម្ពុជាមានវ៉ាក់សាំងចំនួនជាង ៣៦លានដូសដែលបានមកពីការបញ្ជាទិញពីសំណាក់រាជរដ្ឋាភិបាលក៏ដូចជាជំនួយដែលកម្ពុជាទទួលបានកាលកន្លងទៅផងដែរ៕
អត្ថបទ៖ ហួន ស្រីនីត