ក្រុមអ្នកជំនាញសេដ្ឋកិច្ចកត់សម្គាល់ឃើញថា នារយៈពេលប៉ុន្មានខែចុងក្រោយនេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជា ហាក់កាន់តែបង្ហាញនូវភាពវិជ្ជមានជាថ្មី បន្ទាប់ពីវិស័យនេះ បានរងគ្រោះដោយសារវិបត្តិកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំមកនេះ ពិសេសតាមរយៈលំហូរនៃអ្នកដំណើរ និងក្រុមវិនិយោគិនបរទេសដែលចូលមកកម្ពុជា។ ទន្ទឹមនេះ ក្រុមអ្នកជំនាញក៏បានអះអាងទៀតថា ដ្បិតការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នហាក់នៅមានកម្រិតនៅឡើយ តែសកម្មភាពអ្នកដំណើរ និងវិនិយោគិនបរទេស ដែលបានចូលមកកម្ពុជា គឺបានបង្ហាញពីភាពវិជ្ជមាននៃវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ឃើញថា សព្វថ្ងៃនេះស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា បាននិងកំពុងតែវិលទៅរកសភាពធម្មតា និងកាន់តែមានភាពវិជ្ជមាន ចាប់ពីកម្ពុជា បានប្រកាសបើកសង្គមនិងសេដ្ឋកិច្ចពេញលេញជាផ្លូវការ បើទោះបី ស្ថានភាពនៅមិនទាន់ត្រលប់ទៅរកភាពធម្មតា ដូចនៅឆ្នាំ២០១៩ នៅពេលមិនទាន់មានការរាតត្បាតកូវីដ១៩ក៏ដោយចុះ។
ជាក់ស្ដែង របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា នៅ៤ខែដំបូងឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបជាង២៤ម៉ឺននាក់ កើនឡើងជាង១៩០%ឯណោះ។ ដោយឡែក បើមើលទៅលើការធ្វើពាណិជ្ជកម្មវិញ នៅ៤ខែដើមឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំចេញសរុបជាង៧ពាន់៦រយលានដុល្លារ កើនឡើងជាង៣២% ខណៈដែលការនាំចូលមកវិញមានដល់ជាង១០ពាន់លានដុល្លារ កើនជាង៥%។ នេះបើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ពាក់ទងនឹងស្ថានភាពវិនិយោគវិញ តាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញថា នៅរយៈពេល ៤ខែ ឆ្នាំ២០២២ ស្ថាប័នដែលជាសេនាធិការរបស់រដ្ឋមួយនេះ បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៦០គម្រោង ដែលមានទំហំទឹកប្រាក់សរុប ២ពាន់៦រយលានដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា រហូតជាង៤ម៉ឺនកន្លែង។
ពាក់ព័ន្ធនឹងសកម្មភាពវិនិយោគនៅកម្ពុជានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ នៅតែយល់ឃើញថា កម្ពុជា នៅតែអាចទាក់ទាញវិនិយោគិនបរទេសជាបន្តបន្ទាប់។ ជាក់ស្ដែង ថ្មីៗនេះលោកក៏សង្កេតឃើញថា មានក្រុមហ៊ុនបរទេសជាច្រើន បានចូលមកវិនិយោគនៅកម្ពុជា ដែលបានចាប់អារម្មណ៍វិនិយោគលើវិស័យជាច្រើនដែលមិនមែនវិស័យវកាត់ដេរ ដូចជា វិស័យអគ្គិសនី វិស័យកសិកម្ម វិស័យអចលនទ្រព្យនិងសំណង់ និងការផលិតសំបកកង់រថយន្ត ជាដើម។
បន្ថែមលើនោះលោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចម្នាក់ទៀត និងជាអ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិតសភាកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា ស្ថានភាពសេដ្ឋកិច្ចនៅរយៈពេល ៥ខែ ក្នុងឆ្នាំ២០២២នេះ កាន់តែមានភាពល្អប្រសើរ ដោយលោកបានកត់សម្គាល់ឃើញថា មានគម្រោងវិនិយោគមួយចំនួនដែលបានជួបបញ្ហាដោយសារការឆ្លងជំងឺកូវីដ១៩ នៅបណ្ដាប្រទេសមួយចំនួន បានផ្លាស់ប្ដូរទីតាំងវិនិយោគ ដោយជ្រើសរើសកម្ពុជា គឺជាផលិតខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា តាមរយៈសន្និសីទសារព័ត៌មានស្ដីពី«វេទិកាធុរកិច្ចបារាំង-កម្ពុជា» កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញនិងអ្នកជំនួញមកពីប្រទេសបារាំង ក៏បានបង្ហាញពីគោលបំណងរបស់ខ្លួនដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។ បើតាមការអះអាងរបស់ក្រុមធុរកិច្ចបារាំង កម្ពុជា គឺជាប្រទេសមានសក្ដានុពលវិនិយោគជាងបណ្ដាប្រទេសដទៃក្នុងតំបន់ ដោយសារកម្ពុជា ជាច្រកដែលមានភាពងាយស្រួល មានភាពប្រកួតប្រជែងខ្ពស់ និងមានប្រសិទ្ធភាព សម្រាប់ក្រុមហ៊ុន ក្នុងការនាំចេញ ទៅកាន់ទីផ្សារអាស៊ី និងពិភពលោកផងដែរ។ លើសពីនោះ ការលុបចោលនូវការធ្វើចត្តាឡីស័ក និងវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការបង្កនូវលក្ខណៈងាយស្រួលជាងបណ្ដាប្រទេសដទៃ ដូចជា ថៃ វៀតណាម និងភូមា ជាដើម ដែលធ្វើឲ្យក្រុមអ្នកវិនិយោគមកពីបារាំង ក៏ដូចជា វិនិយោគក្នុងតំបន់ អាចចូលមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា៕