ក្នុងចំណោមអង្ករដែលបាននាំចេញនៅក្នុងខែមករានេះ អង្ករក្រអូបមាន ៩១% ស្មើនឹង ៤៦.០០៦ តោន និងអង្ករសគ្រាប់វែងមានចំនួនតែ៩% ប៉ុណ្ណោះ ឬស្មើនឹង៤.៤៤៤តោន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទីផ្សារអឺរ៉ុប និងចិន ដែលជាទីផ្សារនាំចេញអង្ករដ៏ធំរបស់កម្ពុជានោះ សុទ្ធតែបានបង្ហាញពីតួលេខធ្លាក់ចុះដូចគ្នានៅក្នុងខែមករាឆ្នាំនេះ។
តួយ៉ាង ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដែលមានចំណែកទីផ្សារដល់ទៅ ៣៧% នៃចំណែកទីផ្សារនាំចេញអង្ករសរុបនោះ បានថយចុះការនាំចេញចំនួន២២% ស្មើនឹងបរិមាណចំនួន ៥.២៦៩តោន។ បើតាមការសង្កេតជារួមរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ហេតុផលដែលមានការធ្លាក់ចុះនេះ បណ្ដាលមកពីការយកពន្ធអង្ករកម្ពុជានាំចូទៅសហគមន៍អឺរ៉ុប នៅឆ្នាំដំបូង ក្នុងអង្ករមួយតោនចំនួន ១៧៥អឺរ៉ូ ដោយគិតចាប់ពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៩មក។សហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ទៀតថា បើទោះបីជាមានការយកពន្ធលើការនាំចូលអង្ករពីកម្ពុជាក៏ដោយ ក៏ទីផ្សារអង្ករកម្ពុជា មានស្ថានភាពប្រែប្រួល ដោយប្ដូរពីការនាំចេញអង្ករសគ្រាប់វែង អង្ករចំហុយ ទៅជាអង្ករក្រអូបវិញ ស្ទើរតែទាំងស្រុង ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ដែលអាចប៉ាន់ប្រមាណថា បរិមាណទឹកប្រាក់ដែលបានពីការនាំចេញអង្ករទៅអឺរ៉ុប មានបរិមាណប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ដែរ។
រីឯទីផ្សារចិនវិញ ការនាំចេញអង្កររបស់កម្ពុជានៅខែមករាកន្លងមកនេះ បានថយចុះផងដែរ ប្រមាណ ២០% ឬស្មើនឹង ៣.៦៦៤តោន ខណៈដែលទីផ្សារចិន ត្រូវបានដឹងថា មានចំណែកទីផ្សារ ៣០% នៃទីផ្សារនាំចេញអង្ករសរុបរបស់កម្ពុជា បន្ទាប់មកទីប្រទេសអាស៊ាន ដែលមាន១១%។
សហព័ន្ធស្រូវអង្ករកម្ពុជាមើលឃើញថា ការនាំចេញអង្ករទៅចិនធ្លាក់ចុះនេះ គឺដោយសារតែចិនមានការប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ខ្លួន ដែលធ្វើឡើងនៅក្នុងខែមករា ឆ្នាំ២០២០ លឿនជាងការចូលឆ្នាំចិន នៅឆ្នាំ២០១៩ ដែលចូលនៅដើមខែកុម្ភៈ។ ហេតុនេះហើយ បានជាធ្វើឲ្យការបញ្ជាទិញ និងដំណើរការដឹកជញ្ជូនត្រូវឈប់សម្រាក ក្នុងរយៈពេលជាមធ្យមប្រមាណ ២សប្ដាហ៍។
ដោយឡែក សម្រាប់ទីផ្សារអាស៊ានវិញ ហាក់មិនសូវជាមានការប្រែប្រួលអ្វីជាដុំកំភួននោះទេ។