ការប្រកាសករណីពលរដ្ឋខ្មែរ ដំបូងគេ ដែលមានឆ្លងមេរោគ Covid-19 នេះ គឺបានធ្វើឡើង ដោយមានវត្តមានរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា។
បុរសខ្មែរ ដែលបានឆ្លងមេរោគ Covid-19 នេះ គឺជាម្នាក់ នៃមនុស្សចំនួន ៣ផ្សេងទៀត នៅក្នុងខេត្តសៀមរាប ដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយនឹងបុរសជនជាតិជប៉ុន ដែលមានមេរោគ Covid-19 កាលពីបុរសជប៉ុនម្នាក់នោះ ស្នាក់នៅក្នុងប្រទេសកម្ពុជា។
ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា សម្រាប់មនុស្ស៣ នាក់ផ្សេងទៀត ដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយនឹងបុរសជនជាតិជប៉ុន ដែលមានផ្ទុកមេរោគកូរ៉ូណានោះ គឺមិនទាន់រកឃើញវិជ្ជមានមេរោគ Covid-19 នេះនៅឡើយទេ ហើយក្រសួងនឹងនៅតែបន្ដតាមដានបន្ថែមទៀត។
ក្រៅពីមនុស្សចំនួន ៤នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយនឹងបរុសជនជាតិជប៉ុន មានមេរោគ Covid-19 នោះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថា គឺំមានមនុស្សចំនួន ៤០នាក់ផ្សេងទៀត គឺបានប៉ះពាល់ដោយប្រយោល។