តាមការអះអាងរបស់ក្រសួងសុខាភិបាល ស្ត្រីខ្មែរដែលបានរកឃើញថា មានវិជ្ជមានកូវីដ-១៩នេះ គឺមានអាសយដ្ឋានស្នាក់នៅភូមិក្ដុល ឃុំក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក តាមជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០។ បន្ទាប់មកនៅថ្ងៃទី ១៩ កញ្ញា ឆ្នា២០២០ គាត់បានចាកចេញពីរាជធានីភ្នំពេញទៅខេត្តបាត់ដំបង ក្រោយលទ្ធផលតេស្ដលើកទី០១ របស់គាត់អវិជ្ជមានកូវីដ-១៩។
លុះក្រោយមកទៀត នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ គឺត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញា ការវិភាគសំណាកលើកទី២របស់គាត់ គឺទទួលបានលទ្ធផល វិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្នគាត់ត្រូវបានដាក់ឲ្យនៅសម្រាកព្យបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
តាមការស្រាវជ្រាវជាបឋមរបស់ក្រសួងសុខាភិបាល បានបង្ហាញថា មានអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ម្នាក់នេះ ចំនួន ៧នាក់ (៥នាក់ជាក្រុមគ្រួសារ និង០២នាក់ជាមិត្តភក្ដិ) ហើយអ្នកដំណើរតាមជើងហោះហើរជាមួយអ្នកជំងឺនោះ មានចំនួន ៤០នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ២ ខែតុលា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ២៧៨ នាក់ ខណៈដែលអ្នកដែលបានព្យាបាលសះស្បើយមាន២៧៥នាក់ ដូច្នេះ អ្នកនៅសម្រាកព្យាបាលមានចំនួន ៣នាក់។ គិតមកទល់ពេលនេះ កម្ពុជាមិនមានអ្នកបាត់បង់ជីវិតដោយសារតែជំងឺកូវីដ-១៩នោះទេ៕