លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានអះអាងថា ស្របពេលដែលសកម្មភាពដឹកជញ្ជូនទំនិញធ្លាក់ចុះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនក៏ធ្លាក់ចុះខ្ទង់ ៦០% ទៅ៧០%ផងដែរ។ លោកបន្ថែមថា បើសិនជាបញ្ហានេះ នៅតែអូសបន្លាយ ប្រហែលជា ២ ទៅ៣ខែទៀត នឹងមានក្រុមហ៊ុនដឹកជញ្ជូនប្រមាណ ២០% ទៅ៣០% អាចនឹងត្រូវប្រឈមនឹងការព្យួរប្រតិបត្តិការអាជីវកម្ម ឬអាចបិទទ្វារ។
អ្នកជំនាញរូបនេះបានឲ្យដឹងទៀតថា តាំងពីខែកុម្ភៈមក វិស័យដឹកជញ្ជូនរបស់កម្ពុជាបានធ្លាក់ចុះសកម្មភាពដុនដាបកាន់តែខ្លាំងឡើង ដោយមកទល់នឹងពាក់កណ្ដាលឆ្នាំ២០២០នេះ សកម្មភាពដឹកជញ្ជូននៅមានតែប្រមាណ ៣០% ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះដល់ទៅ ៧០% ទៅហើយ។ ក្នុងនោះ ការដឹកជញ្ជូនផ្លូវអាកាស គឺមានការធ្លាក់ចុះស្ទើរតែស្មើសូន្យទៅហើយ ខណៈដែលការដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក គឺនៅមានសកម្មភាពតិចតួច។
បច្ចុប្បន្ន សកម្មភាពដឹកជញ្ជូនដែលនៅមាន គឺភាគច្រើន ជាការដឹកជញ្ជូនតាមផ្លូវគោក ដោយសារតែកម្ពុជាមានការនាំចេញកសិផលខ្លះទៅកាន់ប្រទេសជិតខាង ដូចជាថៃ និងវៀតណាម ហើយក៏មានតម្រូវការនាំចូលផលិតផលចំណីអាហារ និងសម្ភារប្រើប្រាស់ខ្លះពីប្រទេសទាំងនោះមកវិញផងដែរ។
ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានគូសបញ្ជាក់ទៀតថា ដោយសារតែជួបបញ្ហាលំហូរសាច់ប្រាក់ មានក្រុមហ៊ុនជាច្រើនបានស្វែងរកប្រភពទុនបន្ថែមពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីយកមកទល់ទល់នឹងការចំណាយនាពេលបច្ចុប្បន្ន។
កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជួយជាបន្ដបន្ទាប់ទៅដល់វិស័យឯកជន ក៏ដូចជាកម្មករនិយោជិត ដែលរងគ្រោះដោយសារតែវិបត្តិកូវីដ-១៩ ប៉ុន្ដែ បើតាមការបញ្ជាក់របស់លោក ស៊ិន ចន្ធី ចំពោះវិស័យដឹកជញ្ជូនគឺនៅមិនទាន់បានទទួលអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាលនៅឡើយទេ ដ្បិតថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល គឺជួយទៅលើវិស័យដែលងាយរងគ្រោះ ឬរងគ្រោះខ្លាំងជាមុនសិន ដូចជា វិស័យរោងចក្រកាត់ដេរ និងទេសចរណ៍ជាដើម។ ទោះយ៉ាងណា ប្រធានសមាគម ភ្នាក់ងារបញ្ជូនទំនិញកម្ពុជារូបនេះ បានអំពាវនាវឲ្យរាជរដ្ឋាភិបាលជួយគាំទ្រដល់វិស័យដឹកជញ្ជូនផង ដូចជាការសម្រួលដល់នីតិវិធី ក៏ដូចជាកាត់បន្ថយការចំណាយលើការដឹកជញ្ជូនឲ្យមានតម្លៃកាន់តែទាបថែមទៀត។
សូមបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ននេះ ចំនួនក្រុមហ៊ុនដឹកជញ្ជូនដែលបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្មកម្ពុជាមានប្រមាណជិត ៤០០ ក្រុមហ៊ុនហើយ ខណៈក្រុមហ៊ុនដឹកជញ្ជូនដែលជាសមាជិកសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា មានជាង ១០០ ក្រុមហ៊ុន៕