ជាមួយនឹងទុនវិនិយោគកើនឡើងដើរស្របទន្ទឹមនឹងគម្រោងវិនិយោគថ្មីៗកើតឡើងដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា តើកម្ពុជាជាមេដែកមួយឆក់ទាញវិនិយោគនៅក្នុងតំបន់អាស៊ានមែនឬយ៉ាងណា? ជុំវិញទៅនឹងការចោទសួរនេះដែរ ត្រូវបានប្រមុខថ្នាក់ដឹកនាំកម្ពុជា បញ្ជាក់អះអាងថា កម្ពុជាជាប្រទេសស្ថិតនៅចំចំណុចយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលបាននិងកំពុងក្លាយជា រោងចក្រនៃអាស៊ី ដែលមានសក្តានុពលវិនិយោគជាខ្លាំង។
ជាក់ស្តែងបើយើងក្រឡេកទៅមើលរយៈពេល ៥ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ ២០១៤ ដល់ ២០១៨ ស្ថានភាពនៃការវិនិយោគនៅកម្ពុជា មានលក្ខណៈល្អប្រសើរគួរឲ្យកត់សម្គាល់។ ល្អប្រសើរ ដោយសារតែកម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណចំនួន ២៣ពាន់លានដុល្លារអាមេរិក និងបង្កើតការងារចំនួនប្រមាណ ១លានកន្លែងឯណោះ។ ទាំងនេះជាភស្តុតាងបង្ហាញថា កម្ពុជាជាមេដែកឆក់ ស្រូបទាញអ្នកវិនិយោគបរទេសមកកាន់កម្ពុជាជាច្រើន។បើតាមការកត់ត្រារបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេលជាង ២ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យម ក្នុងរង្វង់ ៧.៧% ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា ៧.៥% ធៀបនឹងការគ្រោងទុក ៧.១%ពីដើមឆ្នាំ ដែលជាមូលដ្ឋាននៃការបន្តភាពរឹងមាំនៅក្នុងឆ្នាំ២០១៩ នេះ ហើយក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅដែលមានសក្តានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។
កំណើនសេដ្ឋកិច្ចល្អនេះហើយ ដែលធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជាហ៊ានបញ្ជាក់អះអាងថា កម្ពុជាស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ានដែលបាននិងកំពុងក្លាយជា រោងចក្រនៃអាស៊ី ដែលមានសក្តានុពលវិនិយោគជាខ្លាំង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ធ្លាប់បានលើកឡើងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់កាលពីពេលថ្មីៗនេះថា សក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗ របស់កម្ពុជាលើ ៤ចំណុច រួមមានទី ១ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ទី២ ការបើកចំហរសេដ្ឋកិច្ច សម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើង ទី៣ កម្លាំងពលកម្ម ដែលមានភាពសម្បូរបែប និងវ័យក្មេង គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង និង ចំណុចទី៤ ចុងក្រោយ គឺ កម្ពុជា ស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រនៃអាស៊ី» ដោយទំនិញផលិតនៅកម្ពុជា អាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។
ជាងនេះទៅទៀត កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនសម្រាប់ទាក់ទាញវិនិយោគិនបរទេស។ បើតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៨ តំបន់សេដ្ឋកិច្ចពិសេស ដែលមានដំណើរការ មានចំនួនរហូតដល់ ២១តំបន់ ក្នុងនោះ មានរោងចក្រចំនួន ២៦៦ និងបានបង្កើតការងារចំនួនជាង ១១ម៉ឺនកន្លែង។
ចំពោះសកម្មភាពវិនិយោគដទៃទៀត ដែលមិនត្រូវបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមមានដូចជា វិស័យសំណង់ និង វិស័យធនាគារ និងហិរញ្ញវត្ថុជាដើម ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។
ជាក់ស្តែង នៅក្នុងវិស័យសំណង់ ទុនវិនិយោគមានការកើនឡើងជាបន្តបន្ទាប់ ក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ២៣ភាគរយ ក្នុងនោះទំហំទុនវិនិយោគនៅឆ្នាំ ២០១៨ មានចំនួនប្រមាណជាង ៥ពាន់ ៧រយលានដុល្លារអាមេរិក។
សម្រាប់វិស័យហិរញ្ញវត្ថុវិញ ចំនួនធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើងពី ៨៦ ដល់ ១៣៧គ្រឹះស្ថាន។
គិតត្រឹមឆ្នាំ ២០១៨ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួនជាង ៥សែន ស្មើនឹង ៩៩ភាគរយនៃ ចំនួនសហគ្រាសសរុប និងបានផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៣លាន ៥សែននាក់។
បើនិយាយពីវិស័យទេសចរណ៍វិញ ក្នុងរយៈពេលត្រីមាសទី ១ ឆ្នាំ២០១៩ កម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជិត ២លាននាក់ មានការកើនឡើង ៩% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ ហើយកម្ពុជា ក៏រំពឹងដែរថា ចំនួនភ្ញៀវទេសចរ នឹងកើនឡើងបន្ថែមទៀត នៅក្នុងឆ្នាំបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អ សម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ទុនក្នុងវិស័យនេះ៕