អ្នកជំនាញចាត់ទុកការកើនឡើងនេះ វាជាការបង្ហាញពីចំណុចវិជ្ជមានក្នុងការពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ នាពេលអនាគត។ អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា វិនិយោគិនជប៉ុននឹងបន្តមកបោះទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនក្រោយស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាសង្កេតឃើញថា ទោះបីកម្ពុជា និងជប៉ុនទទួលរងនូវការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តែការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានស្ថិរភាពនិងរក្សាកំណើនល្អប្រសើរនៅប៉ុន្មានខែកន្លងមកនេះ។ ការរក្សាបាននូវស្ថិរភាព និងកំណើននេះ វាបានបង្ហាញពីសុខមាលភាពពាណិជ្ជកម្មល្អ រវាងប្រទេសទាំងពីរនាពេលអនាគត។ កត្តានេះ បានបង្កើនភាពទាក់ទាញសម្រាប់កម្ពុជា ក្នុងការស្រូបទាញវិនិយោគិនជប៉ុនឲ្យមកបោះទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនផងដែរ។
ស្រដៀងគ្នានេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមើលឃើញថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុននៅឆមាសទី១ ឆ្នាំ២០២១ នៅតែបង្ហាញសញ្ញាវិជ្ជមាន ទោះបីមានការរំខានអុកឡុកពីជំងឺកូវីដ-១៩។ អ្នកជំនួញរូបនេះ បានចាត់ទុកចំណុចវិជ្ជមាននេះថា វាបានបង្ហាញពីភាពល្អប្រសើរក្នុងការពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។ ឧកញ៉ា លឹម ហេង រំពឹងថា កម្ពុជានឹងឈានដល់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុននាពេលខាងមុខផងដែរ។
ដោយឡែក បើយើងប្រៀបធៀបទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន ជាមួយទំហំពាណិជ្ជកម្មកម្ពុជា-ចិន គឺនៅមានទំហំខុសគ្នាឆ្ងាយមែនទែន ពោលគឺទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុននៅមានចំនួនតិចតួចនៅឡើយទេ។ ប៉ុន្តែបើយើងមើលទៅលើទំហំនាំចេញវិញ គឺការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុនមានទំហំធំជាងការនាំចូល ប៉ុន្តែការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិនមានទំហំតួចជាងការនាំចូលពីចិនមកវិញ។ ជុំវិញបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនចូលជាធរមាន កម្ពុជានឹងសម្រេចបានតុល្យភាពពាណិជ្ជកម្មជាមួយចិននៅថ្ងៃណាមួយនាពេលអនាគត។
បើតាមរបាយការណ៍របស់អង្គការពាណិជ្ជកម្មក្រៅប្រទេស Jetro របស់ជប៉ុន ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុននៅឆមាសទី១ឆ្នាំ២០២១ សម្រេចបានជាង១ពាន់១រយលានដុល្លារអាមេរិក កើនឡើងជិត១០% បើធៀបនឹងឆមាសទី១កាលពីឆ្នាំ២០២០ ដែលសម្រេចបានប្រមាណ១ពាន់លានដុល្លារអាមេរិក។ ការនាំចេញទំនិញរបស់កម្ពុជាទៅជប៉ុននៅឆមាសទី១សម្រេចបានជាង៨រយលានដុល្លារ កើនឡើងជិត៣% បើធៀបនឹងឆ្នាំមុខមានតែជិត៨រយលានដុល្លារ។ ចំណែកការនាំចូលពីជប៉ុនមកកម្ពុជាមានទឹកប្រាក់ជិត៣រយលានដុល្លារ កើនឡើង៣៥% បើធៀបនឹងឆមាសទី១កាលពីឆ្នាំមុន ដែលមានជាង២រយលានដុល្លារប៉ុណ្ណោះ៕