ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានអះអាងថា បើទោះបីរងការគំរាមកំហែងពីជំងឺកូវីដ-១៩ ក៏ដោយ ក៏ប៉ុន្ដែអង្ករកម្ពុជា ត្រូវបានគេរំពឹងថា អាចនឹងត្រូវនាំចេញទៅក្រៅប្រទេសប្រហែល ៨០ម៉ឺនតោន ឬអាចដល់១លានតោន នៅឆ្នាំ២០២០នេះ។
ឯកឧត្តមបញ្ជាក់ថា គិតមកដល់រយៈពេល៥ខែដំបូងនេះ កម្ពុជាបាននាំចេញអង្ករបានប្រមាណ ៤៥ភាគរយ នៃចំនួនកសិផលដែលបាននាំចេញសរុបទូទាំងប្រទេស ហើយទីផ្សារដែលមានតម្រូវការអង្ករ ពីកម្ពុជានៅតែរក្សារទីផ្សារដដែល ដែលមានជាង ៦០ប្រទេស។
បើតាមរបាយការណ៍ក្រសួងកសិកម្ម ការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិនៅក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០ សម្រេចបានជាង ៣៥ ម៉ឺនតោនកើនឡើង ៤២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងនោះការនាំចេញទៅកាន់សហគមន៍អឺរ៉ុបមាន ១២ម៉ឺន តោន កើន ៥១ ភាគរយ ខណៈទីផ្សារប្រទេសចិនមានចំនួនជាង ១៣ម៉ឺន តោន កើន ២៥ ភាគរយ និងប្រទេសក្នុងតំបន់អាស៊ានមានចំនួនជាង ៤ម៉ឺន៥ពាន់តោនកើន ៤៥ ភាគរយ និងទិសដៅផ្សេងៗទៀតមានចំនួន ៥ម៉ឺន តោន កើនឡើង ៧៩ ភាគរយ។
ឯកឧត្តម ងិន ឆាយ បានគូសបញ្ជាក់ទៀតថា ផ្អែកលើតម្រូវការទីផ្សារ និងសន្ទុះនៃការនាំចេញអង្ករនៅដើមឆ្នាំនេះអាចរំពឹងការនាំចេញបានក្នុងរង្វង់ ៨០ម៉ឺនតោន ឬឈានរហូតជិត ១លានតោន ហើយក៏នឹងអាចប៉ាន់ស្មានបានថា ទំហំនៃការនាំចេញផលិតផលកសិកម្មសរុប នៅឆ្នាំ២០២០ ក៏នឹងកើនឡើងដូចគ្នា ប្រមាណ៥លានតោន។
សូមជម្រាបថា កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសកម្ពុជាទទួលបានចំណូលប្រមាណ៥០០លានដុល្លារអាមេរិក ពីការនាំចេញអង្ករ ក្នុងបរិមាណ៦២ម៉ឺនតោន។
ជាមួយគ្នានេះសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានព្យាករណ៍ដែរថា ក្នុងឆ្នាំ២០២០នេះ ស្ថានភាពទីផ្សារអាចមានសន្ទុះ និងកំណើនល្អជាងឆ្នាំ២០១៩ ដោយសារកត្តាតម្រូវការអង្ករពីទីផ្សារ ប្រទេសចិន សហគមន៍អឺរ៉ុប ទីផ្សារអាស៊ាន និងទីផ្សារផ្សេងៗទៀត៕