បំណុលសាធារណៈ​របស់កម្ពុជា

កម្ពុជា នឹងខ្ចីបំណុលបរទេសថ្មីបន្ថែមទៀត ចន្លោះពី ២ពាន់លាន ទៅជិត ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ


រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទំហំនៃការខ្ចីថ្មីបន្ថែម ក្នុងរង្វង់ ១,៥ ពាន់លាន SDR (ប្រហែល ២ពាន់លានដុល្លារអាមេរិក) ទៅ ២ ពាន់លាន SDR (ប្រហែល ២.៨០០ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ទៅតាមបរិការណ៍ នៃគោលនយោបាយថវិកា និងវិវឌ្ឍនាការម៉ាក្រូសេដ្ឋកិច្ចជាក់ស្ដែងរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់នៅក្នុងសារាចរណែនាំ ស្ដីពីការរៀបចំ ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២០ ២០២២ របស់រាជរដ្ឋាភិបាល។
កម្ពុជា នឹងខ្ចីបំណុលបរទេសថ្មីបន្ថែមទៀត ចន្លោះពី ២ពាន់លាន ទៅជិត ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ (រូបភាព៖ ខេមបូណូមីស)
ដោយ

សូមបញ្ជាក់ថា SDR គឺជា​ទ្រព្យ​សកម្ម​បម្រុង​របស់​អន្តរជាតិ ដែលវាត្រូវបាន​បង្កើតដោយ​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) តាំងពីឆ្នាំ ១៩៦៩ ដើម្បី​បំពេញ​បន្ថែម​លើ​ប្រាក់បម្រុង​ផ្លូវការ​របស់​ប្រទេស​ជាសមាជិក​នៃស្ថាប័ននេះ។ អត្រាប្ដូរ​ប្រាក់ គិតនៅក្នុង​ខែមិថុនា ២០១៩នេះ ១ SDR ស្មើនឹង​ប្រមាណ ១,៣៨ ដុល្លារ​អាមេរិក។

ស្របពេលដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ទំហំ​កម្ចីថ្មីបន្ថែម ពីបរទេសនេះដែរ គេសង្កេតឃើញថា ទំហំបំណុលរបស់​កម្ពុជា ដែលជំពាក់​បរទេស​នៅឆ្នាំ ២០១៨ មានប្រមាណ ៧ពាន់លាន​ដុល្លារ​អាមេរិករួចទៅហើយ។ នេះបើតាម​របាយការណ៍ ពីក្រសួង​ហិរញ្ញវត្ថុ។ 

ក្នុងសារាចរ​ណែនាំនោះ បាន​បញ្ជាក់ពីវិធានការផ្នែក​ចំណាយ ក្នុងក្របខ័ណ្ឌ​នៃគោលដៅ ទ្រទ្រង់​ចលនការ​នៃការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងបរិការណ៍ នៃការកើនឡើង​នូវភាព​មិនច្បាស់លាស់ និងហានិភ័យ ពាក់ព័ន្ធ ជាពិសេស លទ្ធភាព​នៃការ​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយ​សហភាពអឺរ៉ុប រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវវិធានការ​ជាក់លាក់ និងមុតស្រួចជាច្រើន ដើម្បី បង្កើន​ប្រសិទ្ធភាព​ចំណាយ​ក្នុងឆ្នាំ២០២០។ វិធានការមួយ ក្នុងចំណោម​នោះ គឺ​រាជរដ្ឋាភិបាល នឹងបន្ដ​អនុវត្ត ក្របខ័ណ្ឌ គោលនយោបាយ ស្ដីពីការ​គ្រប់គ្រង​បំណុល​សារធារណៈ ក្នុងគោលដៅ រក្សាចីរភាព​បំណុល ទៅតាម​វិធានការ​គោលនយោបាយ​គន្លឹះ ដែលបានគ្រោងទុក។ ក្នុងនោះ រាជរដ្ឋាភិបាល បាន​កំណត់ ទំហំ​នៃការខ្ចី​ថ្មី​បន្ថែម ក្នុងរង្វង់ ១,៥ ពាន់លាន SDR (ប្រហែល ២ពាន់លានដុល្លារអាមេរិក) ទៅ ២ ពាន់លនា SDR (ប្រហែល ២.៨០០ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ទៅតាម​បរិការណ៍ នៃគោលនយោបាយ​ថវិកា​ និងវិវឌ្ឍនាការ​ម៉ាក្រូ​សេដ្ឋកិច្ចជាក់ស្ដែង​របស់កម្ពុជា។

មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល នឹងរក្សា​អនុបាត​តម្លៃបច្ចុប្បន្ន​នៃបំណុលសាធារណៈ​ក្រៅប្រទេស (រួមទាំងបំណុល​ដែលមានការធានាពីរដ្ឋ) ធៀបនឹង​ផលិតផលក្នុងស្រុក​សរុប ឲ្យស្ថិតនៅក្រោម ៤០%។ 

ខ្ចីបំណុលបរទេសច្រើន កម្ពុជាពិតជាធ្លាក់ ចូលអន្ទាក់បំណុល ឬយ៉ាងណា?

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន បានបញ្ជាក់នាពេល​កន្លងទៅ​ថ្មីៗនេះដែរថា កម្ពុជាទើបតែ​ជំពាក់បំណុល​បរទេសក្នុង​ចំនួនប្រមាណ​តែ ២១,៥% ប៉ុណ្ណោះ នៃផសស ខណៈដែល​លទ្ធភាពអាច​ខ្ចីបាន គឺមាន​រហូតដល់ ៤០%ឯណោះ។ ណាមួយទៀតនោះ កម្ចីដែល កម្ពុជាបាន​ខ្ចីពីបរទេសទាំង​នោះ គឺជាកម្ចីឥណទាន​សម្បទាន ដោយអត្រាការ​ប្រាក់ទាប និងរយៈពេលសង​វែង ហើយប្រាក់កម្ចី​ទាំងនោះ គឺសុទ្ធតែយក​មកប្រើប្រាស់​បាន​ចំគោលដៅ សម្រាប់ការ​អភិវឌ្ឍប្រទេស។

ប្រទេសចិន ត្រូវបាន​គេដឹងថា ជាម្ចាស់​បំណុល​ធំមួយ របស់កម្ពុជា ហើយការបន្ត​ខ្ចី​បំណុលពី​មហាមិត្តដែកថែប​ចិន​នេះទៀតសោត ត្រូវបាន​អ្នកតាមដាន សេដ្ឋកិច្ច សង្គម លើកឡើងពីក្ដី ព្រួយបារម្ភថា កម្ពុជា អាចនឹង​ធ្លាក់ចូលអន្ទាក់បំណុល​របស់ចិន។ ទោះយ៉ាងណា ទាក់ទង​នឹងការលើឡើងនេះ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់យ៉ាង​ដាច់​ណាត់ថា កម្ពុជា​នឹង​មិនធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល​ចិនវណ្ឌ ក នោះឡើយ។ 

សម្ដេច ហ៊ុន សែន បញ្ជាក់ថា មានហេតុផល ៣ យ៉ាង ដែលកម្ពុជា នឹងមិនធ្លាក់ចូល​ចូលក្នុង​បន្ទាក់​បំណុលចិន រួមមាន៖

ទី១ គឺ កម្ពុជា​រក្សាបាន​ធិបតេយ្យភាព​របស់ខ្លួន ក្នុងការខ្ចី​បំណុល​ពីចិន ពោលគឺខ្ចីទៅតាម​គម្រោងដែល​ជាតម្រូវការ​សម្រាប់ការអភិវឌ្ឍ។ ម្យ៉ាងវិញទៀតនោះ ប្រទេសចិន គឺគោរព​នូវការសម្រេចចិត្ត​របស់​កម្ពុជា ដោយមិនបាន​ចាប់បង្ខំឲ្យ​កម្ពុជា​ត្រូវតែខ្ចីបំណុល​ពីចិននោះឡើយ។

ចំណុចសំខាន់ទី២នោះ គឺកម្ចី​ដែលកម្ពុជា​បានខ្ចី គឺជាកម្ចី​ឥណទាន​សម្បទាន ដោយមានអត្រា​ការប្រាក់ទាប និងការសង​ត្រឡប់​ទៅវិញនោះ មានរយៈពេលវែង។ លើសពីនេះ​កម្ពុជានឹង​បន្ដខ្ចី​កម្ចីបែបនេះ ថែមទៀត ហើយមិនមែន​គ្រាន់តែខ្ចីពីចិន​នោះទេ អាចខ្ចី​ពីជប៉ុន និងជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ដទៃទៀតផងដែរ។

និងចំណុចសំខាន់ទី៣នោះ គឺកម្ពុជា​មានការប្រុង​ប្រយ័ត្ន​ខ្លាំងណាស់ ចំពោះការខ្ចី​បុលពី​បរទេសនេះ។ ជាក់ស្ដែង មកទល់ពេលនេះ កម្ពុជាទើបតែ​ជំពាក់បំណុល​បរទេស​ប្រមាណ ២១,៥% ប៉ុណ្ណោះ នៃអនុបាត៤០ ភាគរយដែល​អនុញ្ញាត​ឲ្យខ្ចីបាន។ 

ជុំវិញនឹង​ការខ្ចីបំណុល​ពីបរទេសនេះដែរ ក្រុមអ្នកជំនាញ​សេដ្ឋកិច្ច បាន​លើកឡើង​ដែរថា ដើម្បីអាច​អភិវឌ្ឍ​ទៅមុខបានលឿន គឺកម្ពុជា​ពិតជាត្រូវការ​ខ្ចី​បំណុលពីបរទេស​បន្ថែមទៀត ដើម្បីយកមក​ធ្វើការអភិវឌ្ឍ ដ្បិតថា លទ្ធភាព​ខ្ចី​របស់​កម្ពុជា​នៅមានច្រើននៅឡើយ បើធៀបនឹង​បណ្ដាប្រទេសផ្សេងៗទៀត។

ទោះយ៉ាងណា ក្រុមអ្នក​តាមដាន​សេដ្ឋកិច្ច សង្គម ក៏បាន​គូសបញ្ជាក់ដែរថា កម្ពុជា​ទន្ទឹមនឹង​ការ​ខ្ចី​បំណុលបន្ថែម​ពីបរទេសនេះ រាជរដ្ឋាភិបាល​គួតែ​បង្កើន​សមត្ថភាព​គ្រប់គ្រង​បំណុលសាធារណៈ​នេះឲ្យ​កាន់តែ​ប្រសើរឡើងថែមទៀត​ ពោលគឺ ប្រើប្រាស់​ឲ្យបាន​ចំគោលដៅ ក្នុងការអភិវឌ្ឍ​យ៉ាងមានប្រសិទ្ធភាព។ ​

ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ធ្លាប់បាន​អះអាងថា ការគ្រប់គ្រង​បំណុល​សាធារណៈ​របស់​រាជរដ្ឋាភិបាល គឺមានប្រសិទ្ធភាពខ្ពស់ និងមានការ​ប្រយ័ត្ន​ប្រយែង​ខ្ពស់ណាស់។ មិនតែប៉ុណ្ណោះ បំណុល​ដែល​កម្ពុជា​បានខ្ចីពីបរទេស​គឺសុទ្ធសឹងតែ​ជាកម្ចី​ដែលមានការអនុគ្រោះ​ ពោលគឺអត្រាការប្រាក់ទាប និងការសង​ត្រឡប់​ទៅវិញ​មានរយៈពេល​វែង។  

ការចំណាយ និងចំណូល​ថវិកា​រដ្ឋ ឆ្នាំ២០២០

បើយើងពិនិត្យទៅមើល ការចំណាយ និងចំណូល​របស់រដ្ឋវិញ ឃើញថា នៅឆ្នាំ២០២០ ខាងមុខនេះ រាជរដ្ឋាភិបាល​ក៏មាន​គម្រោង​នឹងពង្រីកការចំណាយ និងចំណូល​របស់ខ្លួន​ផងដែរ។

ដើម្បីសម្រេច​គោលដៅ នៃក្របខ័ណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច​ និងក្របខ័ណ្ឌ​គោលនយោបាយ ហិរញ្ញវត្ថុ​សាធារណៈ រាជរដ្ឋាភិបាល​បានកំណត់​គោលដៅ សូចនាករ ហិរញ្ញវត្ថុ​សាធារណៈ​មួយចំនួន សម្រាប់​ឆ្នាំ ២០២០ ដូចជា ចំណូល​ក្នុងស្រុកនៅឆ្នាំ ២០២០ គ្រោង​នឹង​សម្រេច​ឲ្យបាន​២២,៥២% នៃ ផលិតផលក្នុងស្រុកសរុប (ផសស) ក្នុងនោះ ចំណូលចរន្ដ ក្នុងទំហំ ២២,៣៦% នៃផសស និងចំណូលមូលធន​ក្នុងទំហំ ០,១៦% នៃផសស។ ដោយឡែក ការប្រមូលចំណូល​ពីអគ្គនាយកដ្ឋាន​ពន្ធដារ ត្រូវគ្រោងសម្រេច​ឲ្យបាន ៩,៦៩% នៃផសស ខណៈចំណូល​ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករវិញ គ្រោងសម្រេច​ឲ្យបាន ៩,៧៨% នៃផសស។ 

ដោយឡែក ការចំណាយ​សរុប​ថវិការដ្ឋ​នៅឆ្នាំ ២០២០ វិញ រាជរដ្ឋាភិបាល កំណត់​ក្នុងរង្វង់ ២៨,៤០% នៃផសស។

តាមរាជរដ្ឋាភិបាល កំណើនេសេដ្ឋកិច្ច​កម្ពុជា នៅឆ្នាំ ២០១៩នេះ ត្រូវបានព្យាករថា អាចនឹងសម្រេចបាន​ក្នុងរង្វង់ ៧,១% ខណៈឆ្នាំ២០១៨ សម្រេច​បាន​កំណើនខ្ពស់ គឺ ៧,៥%។ ដោយឡែក នៅឆ្នាំ ២០២០ សេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​រំពឹងថា នឹងថមថយ​កំណើន​មកត្រឹម ៦,៥% ប៉ុណ្ណោះ ដោយសារតែការរំពឹងទុក​ផលប៉ះពាល់​នៃលទ្ធភាព​ក្នុងការដក ប្រព័ន្ធអនុគ្រោះពន្ធ EBA​ដែលអាច​នឹង​ដាក់សម្ពាធ​ដល់ការនាំចេញ​របស់កម្ពុជា ជាពិសេស​លើផលិតផល​កាត់ដេរ ទៅកាន់ទីផ្សារអឺរ៉ុប៕ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន ឃែស យូ អាប់ ផ្លាស់ប្តូរទីថ្មីក្នុងខេត្តកំពង់ចាម ដើម្បីពង្រីកទីផ្សារឲ្យកាន់តែទូលាយ និងផ្តល់ភាពងាយស្រួលដល់អតិថិជន

ក្រុមហ៊ុន ឃែស យូ អាប់ ដែលជាក្រុមហ៊ុនទទួលបញ្ចាំស្របច្បាប់ និងឈានមុខគេមួយនៅកម្ពុជា ក្រោយពីបើកសាខានៅខេត្តកំពង់ចាមកាលពីឆ្នាំ២០១៦មក ថ្មីៗនេ…

ក្រុមហ៊ុន Longmate គ្រោងពង្រីកផ្ទៃដីដាំចេកឲ្យបាន១.០០០ ហិកតា នៅត្រឹមឆ្នាំ២០២០

ក្រុមហ៊ុន Longmate Agriculture ជាក្រុមហ៊ុនដាំដុះ និងវេចខ្ចប់ចេកនាំចេញទៅចិន មួយក្នុងចំណោមក្រុមហ៊ុន ៥ ផ្សេងទៀត ដែលទើបតែបាននាំចេញចេកផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ