ប្រធានសមាគមចិញ្ចឹមជ្រូកកម្ពុជា លោក ស្រុន ពៅ បានបញ្ជាក់ប្រាប់ខេមបូណូមីស ថា តម្លៃជ្រូកពិតជាបានងើបឡើងថ្លៃខ្ពស់មែននាពេលថ្មីៗនេះ ដោយតម្លៃជ្រូករស់មួយគីឡូក្រាម បានកើនឡើងថ្លៃដល់ទៅ ជាង១ម៉ឺនរៀលទៅហើយ។ លោក ស្រុន ពៅបន្តថា បានជាតម្លៃជ្រូកក្នងស្រុកមានការកើនឡើងថ្លៃខ្លាំងយ៉ាងដូច្នេះ គឺដោយសារតែ បច្ចុប្បន្ន កម្ពុជាយើងមានការចិញ្ចឹមជ្រូកក្នុងស្រុកតិចតួច ហើយកន្លងមក គឺធ្លាប់ពឹងផ្អែកការនាំចូលជ្រូកពីប្រទេសថៃ និងវៀតណាម តែក្រោយពីវៀតណាមកើតមានការរាតត្បាតជំងឺប៉ះជ្រូកអាហ្វ្រិក បានធ្វើឲ្យវៀតណាមមានការផ្គត់ផ្គង់សាច់ជ្រូកធ្លាក់ចុះ ហើយតម្លៃជ្រូកវៀតណាមក៏បានហក់ឡើងថ្លៃខ្ពស់ដែរ ធ្វើឲ្យវៀតណាមមិនមានលទ្ធភាពនាំចូលមកកម្ពុជាបានបន្តទៀតទេ។
លោក ពៅ បានបន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជាកំពុងមានការនាំចូលជ្រូកតែពីប្រទេសថៃ ប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ប៉ុន្ដែ បែរជាឈ្មួញបន្តយកសាច់ជ្រូកដែលនាំចូលពីប្រទេសថៃនោះ ទៅលក់បន្តទៅឲ្យវៀតណាមទៀត ព្រោះវៀតណាមតម្លៃជ្រូកនៅវៀតណាមមានតម្លៃខ្ពស់។
«បញ្ហាជ្រូកស្រុកខ្មែរយើងសព្វថ្ងៃហ្នឹង គឺខ្វះជាងពាក់កណ្ដាល បានន័យថាកសិករយើងដួលអស់ហើយ ចិញ្ចឹមវាមិនបាន ទី១។ ទី២ គឺជ្រូកដែលយកទៅវៀតណាម ភាគច្រើនយកពីថៃ ពីថៃទៅវៀតណាម ដូច្នេះ នៅប្រទេសវៀតណាម ក៏ថ្លៃ នៅថៃក៏ថ្លៃ។ ចឹងពីថ្ងៃនេះទៅ អត់មានរឿងចុះ [តម្លៃជ្រូក] មានរឿងតែឡើងរហូត ព្រោះជ្រូកនៅប្រទេសជិតខាងយើងវាឡើងដែរ។» ប្រសាសន៍របស់លោក ស្រុន ពៅ។
ម្ចាស់សិប្បកម្មកែច្នៃសាច់ជ្រូក បានប្រាប់ខេមបូណូមីស ដោយស្នើសុំមិនបញ្ចេញឈ្មោះ ថា សាច់ជ្រូកកំពុងឡើងថ្លៃខ្លាំង គឺបានឡើងថ្លៃចាប់តាំងពីក្រោយពិធីអុំទូករួចមក។ ពោលគឺ តែមកទល់ពេលនេះ គឺបានឡើងថ្លៃដល់ទៅ ១៥.០០០ រៀលហើយក្នុងមួយគីឡូក្រាម។
«សាច់ជ្រូកតាំងពីអុំទូកមក ឡើងថ្លៃគំហុកម៉ង មើល៍ ឡើងដល់ ៤.០០០ [រៀល]ហើយ មួយគីឡូ។ ពីមុន ទិញតែមួយគីឡូ ១១.០០០ [រៀល] ទៅ ១១.៥០០ អីទេ ឥឡូវឡើងដល់ ១៤.៥០០ ទៅ១៥.០០០ ហើយហ្នឹង! ហើយអត់មានសាច់ល្អឲ្យយើងទៀត»។ ការលើកឡើងរបស់ម្ចាស់សិប្បកម្មកែច្នៃសាច់ជ្រូក។
ម្ចាស់សិប្បកម្មកែច្នៃ សាច់ជ្រូករូបនេះ បានបញ្ជាក់ទៀតថា សាច់ជ្រូកឡើងថ្លៃ ធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់គាត់ ហើយក៏ពិបាកនឹងរកទិញដែរ ដោយសារតែសាច់ជ្រូកមិនសូវជាសម្បូរដូចមុនឡើយ។
គួរបញ្ជាក់ថា បើតាមសមាគមចិញ្ចឹមជ្រូក សព្វថ្ងៃនេះ ការចិញ្ចឹមជ្រូកនៅក្នុងស្រុករបស់កម្ពុជាយើង គឺនៅមានតែក្រុមហ៊ុនធំៗ និងកសិដ្ឋានធំៗប៉ុណ្ណោះ រីឯការចិញ្ចឹមខ្នាតតូច និងមធ្យម គឺបានដួលអស់ហើយ។
តើហេតុអ្វី បានជាវៀតណាមសម្រុកនាំចូលជ្រូកខ្លាំងយ៉ាងដូច្នេះ? ដើម្បីអ្វី?
គឺដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលអាចប្រឈមនឹងការខ្វះខាត ដោយសារតែ កន្លមកមានការរាតត្បាតនៃជម្ងឺប៉េស្តជ្រូក ធ្វើឲ្យ ការផ្គត់ផ្គង់ក្នុងស្រុកធ្លាក់ចុះ និងនិន្នាការកើនឡើង តម្រូវការសាច់ជ្រូកខ្លាំង នាឱកាសបុណ្យចូលឆ្នាំវៀតណាម ដែលកាន់តែខិតជិតមកដល់ នាពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
លោក ហួង អាញ ធួន អនុប្រធាននាយកដ្ឋានទីផ្សារក្នុងស្រុកវៀតណាមនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានអះអាងក្នុងសារព័ត៌មានក្នុងស្រុកវៀតណាមថា« ការនាំចូលសាច់ជ្រូកនេះ គឺដើម្បីការពារ អាជីវកម្ម កសិករ និងអ្នកប្រើប្រាស់វៀតណាម ហើយការនាំចូលនេះ ដើម្បីធានាការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ នាឱកាសបុណ្យចូលឆ្នាំវៀតណាម នាពេលខាងមុខ។»
លោក ង្វៀន សួន ឌួង ប្រធានស្តីទីនៃនាយកដ្ឋានផលិតកម្មបសុសត្វនៃ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានមានប្រសាសន៍ថា ការនាំចូលសាច់ជ្រូក គឺគ្មានការកំណត់កូតានោះទេ ហើយគ្រប់គ្រងដោយការដាក់ដោយឡែកពីគ្នា ដើម្បីធានាគុណភាព និងសុវត្ថិភាពចំណីអាហារ។
លោក សួន ឌួង និយាយថា «ថ្ងៃបុណ្យចូលឆ្នាំខាងមុខ តម្រូវការសាច់ជ្រូក នឹងកើនឡើងរហូត ២៥% ហើយវៀតណាម ក៏មានកង្វះខាតសាច់ជ្រូកប្រមាណ ២សែនតោន ដោយសារតែ ជម្ងឺប៉េស្តជ្រូក ដូច្នេះហើយ ទាមទារឲ្យមានការនាំចូល ដើម្បីបំពេញតម្រូវការក្នុងស្រុក។»
លោក សួន ឌួង បន្ថែមថា តម្លៃសាច់ជ្រូកនៅវៀតណាម គឺនៅមានស្ថិរភាពល្អ ដោយនៅប៉ែកខាងជើង មានតម្លៃប្រមាណ ២ដុល្លារ ៨០សេន ក្នុង ១គីឡូក្រាម និងប៉ែកខាងត្បូង តម្លៃសាច់ជ្រូក គឺប្រមាណ ២ដុល្លារ ៦០សេន ក្នុង ១គីឡូក្រាម។
គួររម្លឹកបន្តិចដែរថា កាលពីពេលថ្មីៗនេះ ឈ្មួញជ្រូកវៀតណាម បានសម្រុកនាំចេញ សាច់ជ្រូកទៅកាន់ប្រទេសចិន ក្នុងតម្លៃប្រសើរជាងមុន ដោយសារតែ ចិន មានតម្រូវការខ្ពស់ជាងមុន ដោយសារជម្ងឺប៉េស្តជ្រូក ជាពិសេសគឺ ចិន លុបចោលការកម្ម៉ង់ទិញជ្រូកពី សហរដ្ឋអាមេរិក ដោយសារតែបញ្ហាជម្លោះពាណិជ្ជកម្ម ហើយចិន ងាកមកទិញ សាច់ជ្រូកពី វៀតណាម វិញ ដែលធ្វើឲ្យ តម្លៃសាច់ជ្រូកវៀតណាម កើនខ្ពស់លើសពីការរំពឹងទុក។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានបង្ហាញថា ជម្ងឺប៉េស្តជ្រូក បានរាតត្បាតជាង ៧.៧០០ឃុំ ក្នុង ៦៣ខេត្តក្រុងនៃប្រទេសវៀតណាម ដែលឈានដល់ការដកហូតជ្រូកជាង ៥លានក្បាល៕