រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិស្សុត បានអះអាងថា គិតមកទល់នឹងពេលនេះ ស្ដុកបំណុលសាធារណៈដែលកម្ពុជាជំពាក់បរទេស គឺនៅមានក្រោម៣០% នៃទំហំ GDP សរុបប៉ុណ្ណោះ ដែលវាគឺជាទំហំមួយតិចតួច បើធៀបនឹងប្រទេសផ្សេងទៀតដូចជាវៀតណាម មានរហូតដល់ទៅ ៦០% ទៅ៧០% នៃ GDPឯណោះ។ នេះសបញ្ជាក់ឲ្យឃើញថា កម្ពុជានៅតែមានលទ្ធភាពខ្ចីបំណុលពីបរទេស និងស្ថាប័នដៃគូអន្តរជាតិផ្សេងៗបន្ថែមទៀត ដើម្បីយកមកប្រើប្រាស់ក្នុងការជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត ក្នុងចំណោមបំណុលដែលកម្ពុជាជំពាក់បរទេសទាំងនោះ គឺកម្ពុជាបានខ្ចីពីប្រទេសចិនច្រើនជាងគេ ដែលមានប្រមាណជាង ៤០% នៃបំណុលសរុប។ ទោះយ៉ាងណា ឯកឧត្តម សង្កត់ធ្ងន់ថា ការខ្ចីបំណុលពីប្រទេសចិននេះ បានបង្ហាញពីនិន្នាការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅរយៈពេល២ ទៅ៣ ឆ្នាំចុងក្រោយនេះ ប៉ុន្ដែ បែរជាមានការខ្ចីកើនឡើងពីបណ្ដាប្រទេស និងដៃគូអភីវឌ្ឍន៍ផ្សេងទៀត។
ឯកឧត្តម វង្សី វិស្សុតមានប្រសាសន៍ថា «ស្ដុកបំណុលយើងមានមិនដល់៣០% នៃGDP ទេ! ហើយទោះបីជាសេណារីយោអាក្រក់ម៉េចក៏ដោយ ក៏បំណុលយើងនៅតែមានចីរភាពអញ្ចឹងដែរ។ អ្នកណាឲ្យយើងខ្ចីធំជាងគេមកដល់ថ្ងៃនេះ? ចិន គឺមានជាង៤០% នៃបំណុលដែលយើងមានទាំងអស់។ អត្រាការប្រាក់ដែលខ្ចីពីចិនមានបី គឺ មានសូន្យ (០%), មាន១,២៥% មាន២%។ [អត្រាការប្រាក់ ] ០% និង ១,២៥% គឺសម្រាប់ [កម្ចីជា] លុយយ័ន ២% សម្រាប់ដុល្លារអាមេរិក។ រយៈពេលសង២០ឆ្នាំ Grace Period (រយៈពេលអាចពន្យារសងត្រឡប់ដោយមិនមានការដាក់ពិន័យ) ៧ឆ្នាំ»។
ឯកឧត្តម បន្ថែមទៀតថា «មួយឆ្នាំៗ យើងសងទៅចិនទាំងប្រាក់ដើម និងប្រាក់ការជិត២០០លានដុល្លារ គឺជិត៥០% ដូចគ្នាអញ្ចឹង! ប៉ុន្ដែ ចុងក្រោយនិន្នាការដែលយើងចង់ប្រាប់គឺថា ជប៉ុនក៏ដំឡើងការឲ្យខ្ចីយើងសម្បើមដែរ លឿនដែរ! World Bank, ADB នេះ ក៏ឡើងគួរសមដែរ កូរ៉េក៏ខ្លាំងដែរ។ ចុងក្រោយតួលេខកូរ៉េ ជប៉ុន ADB, World Bank ឡើង! តែចិនអត់ឡើងប៉ុន្មានទេ! ចិនដាំដូងវិញហើយ! ការខ្ចីពីចិនចាប់ផ្ដើមធ្លាក់វិញហើយ! ប៉ុន្ដែខ្ចីពីដៃគូផ្សេងគឺឡើងខ្លាំងពីរឆ្នាំចុងក្រោយនេះ។ ដូច្នេះ ក្នុងរយៈពេលមធ្យម Loan portfolio របស់យើងនឹងកាន់តែមានតុល្យភាពជាងមុន»។
បើតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៧.៥៩៩ លានដុល្លារអាមេរិក ក្នុងនោះ បំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ០,០៤% ស្មើនឹង២,៧៤ លានដុល្លារអាមេរិក និងបំណុលសាធារណៈក្រៅប្រទេសមានចំនួន ៩៩,៩៦% ត្រូវនឹងប្រមាណ ៧.៥៩៦ លានដុល្លារ។ របាយការណ៍បានបង្ហាញទៀតថា ក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ជាង៣០៨លានដុល្លារអាមេរិក។ បើគិតចាប់ពីឆ្នាំ ១៩៩៣ រហូតដល់ដំណាច់ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ១,៦៩ពាន់លានដុល្លារអាមេរិក៕