គិតត្រឹមថ្ងៃទី១២ មីនា ២០២០នេះ នៅប្រទេសកម្ពុជា មានករណីឆ្លងវីរុស Covid-19 សរុបចំនួន ៥ ករណីហើយ រួមមាន ករណីដំបូងគេ ឆ្លងលើបុរសជនជាតិចិនម្នាក់ វ័យ ៦០ឆ្នាំ នៅខេត្តព្រះសីហនុ, ករណីទី២ ឆ្លងលើបុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ នៅខេត្តសៀមរាប, និង ៣ករណីចុងក្រោយបំផុតនេះ ឆ្លងលើខ្លួនអ្នកដំណើរជនជាតិអង់គ្លេស នៅលើនាវា Viking Cruise Journey។
យោងប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ មីនា ២០២០ បន្ទាប់ពីបានយកសំណាករបស់អ្នកដំណើរទាំងអស់នៅលើនាវា Viking Cruise ដែលចតនៅខេត្តកំពង់ចាម មកធ្វើតេស្តនៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ជាសរុប អ្នកដំណើរជនជាតិអង់គ្លេស មានផ្ទុកវីរុស Covid-19 ចំនួន ០៣នាក់ ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើការនៅលើនាវាទាំងអស់ ៦៤នាក់។
អ្នកដំណើរ ៣នាក់ដែលរកឃើញមានផ្ទុក Covid-19 មានម្នាក់ជាស្ត្រីជនជាតិអង់គ្លេស អាយុ ៦៥ឆ្នាំ ដែលបច្ចុប្បន្ន បានផ្ទេរមកព្យាបាលនិងតាមដានសុខភាព នៅភ្នំពេញ និង ០២នាក់ទៀត ជាប្តីប្រពន្ធជនជាតិអង់គ្លេស ដែលប្ដីមានអាយុ៧៣ឆ្នាំ និងប្រពន្ធមានអាយុ៦៩ឆ្នាំ។
បច្ចុប្បន្ន ប្ដីប្រពន្ធជនជាតិអង់គ្លេសនេះ កំពុងត្រូវបានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចាត់ចែងដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីព្យាបាលនិងតាមដានសុខភាព។ អ្នកដំណើរផ្សេងទៀតចំនួន ៦១នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវយកមកដាក់ដោយឡែកនៅទីកន្លែងសមរម្យ នៅលើគោក ដើម្បីតាមដានសុខភាព។
គួរបញ្ជាក់ថា នាវាទេសចរណ៍ Viking Cruise បានធ្វើដំណើរតាមទន្លេមេគង្គ ពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា និងបានចូលសំចតនៅក្រុងកំពង់ចាម កាលពីថ្ងៃចន្ទ ទី៩ មីនា ២០២០៕