បើទោះបីជា ២ខែ ចុងក្រោយនេះ សេដ្ឋកិច្ចពិភពលោកកំពុងរងឥទ្ធិពល ដែលបានកើតឡើងដោយសារតែការរីករាលដាលនៃវីរុសកូវីដ ១៩ យ៉ាងណាក្ដី ប៉ុន្ដែ បើយើងក្រឡេកទៅមើលទិន្នន័យការនាំចេញអង្កររបស់កម្ពុជាវិញ នៅ២ខែ ដើមឆ្នាំនេះ គឺសម្រេចបានលទ្ធផលល្អជាមួយកំណើន។
ទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា សម្រាប់ក្នុងខែកុម្ភៈ កន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករជាង ៨,៦ ម៉ឺនតោន កើនឡើងជាង ៣,៥ ម៉ឺនតោនឯណោះ បើធៀបននឹងខែមករា ពោលគឺសរុបទាំងពីរខែចូលគ្នា ឃើញថា កម្ពុជាសម្រេចបានការនាំចេញអង្ករជាង ១៣,៦ ម៉ឺនតោន កើនឡើងជាង ២២% ដោយក្នុងនោះ ប្រទេសចិនបានស្រូបយកចំណែកទីផ្សារនាំចេញអង្កររបស់កម្ពុជា ៣៧% នៃចំណែកទីផ្សារនាំចេញអង្ករសរុប ខណៈដែលសហភាពអឺរ៉ុប និងអង់គ្លេស មាន៣០% ប្រទេសសហគមន៍អាស៊ាន ១៨% និងបណ្ដាប្រទេសគោលដៅផ្សេងៗទៀត មាន ១៤%។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា បើយើងក្រឡេកមើលកំណើននាំចេញអង្ករក្នុងខែកុម្ភៈដូចគ្នានេះ នៃ២០២០ ជាមួយ ឆ្នាំ ២០១៩ យើងឃើញថា កំណើន ទៅអ៊ឺរ៉ុបកើន ១២៦% ទីផ្សារប្រទេសចិន កើន ៣៣% និងទីផ្សារក្នុងប្រទេសអាស៊ាន ១១៩%។ គិតជារួមសម្រាប់ខែកុម្ភៈ ឆ្នាំ២០២០ កើន ៦៣%% ធៀបទៅខែកុម្ភៈ ២០១៩។
ទោះយ៉ាងណា បើតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២០ ការនាំចេញអង្កររបស់កម្ពុជាសម្រេចបានប្រមាណ ៥ម៉ឺនតោនប៉ុណ្ណោះ មានការធ្លាក់ចុះ ជាង ១៥% ធៀបនឹងខែមករាកាលពីឆ្នាំ២០១៩។
លោក លន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា កត្តាជំរុញឲ្យមានកំណើននៃការនាំចេញអង្ករ ២ខែដើមឆ្នាំនេះ ពិសេស កំណើនទៅកាន់ទីផ្សារចិន និងអឺរ៉ុប គឺដោយសារតែ ការនាំចេញទៅទីផ្សារអឺរ៉ុប ដែលកន្លងមកដោយទទួលរងនូវវិធានការ Safeguard ពីសហគមអឺរ៉ុបមកលើអង្ករកម្ពុជា បានតម្រូវឲ្យមានការយកពន្ធអង្ករកម្ពុជា ១៧៥ អឺរ៉ូ កាលពីឆ្នាំ២០១៩ តែឆ្នាំ២០២០នេះ អត្រាពន្ធនេះ បានធ្លាក់ចុះ មកនៅ ១៥០ អឺរ៉ូវិញ។ មួយវិញទៀត កេរ្តិ៍ឈ្មោះអង្ករកម្ពុជាបានកំពុងកើនឡើង ក្រោយមានកិច្ចផ្សព្វផ្សាយ និងយុទ្ធនាការណ៍នានា លើការប្រឹងប្រែងរបស់កសិករកម្ពុជា លើកាផលិតស្រូវសរីរាង្គ ការផលិតស្រូវដែលមាននិរន្តភាព ការផលិតស្រូវដែលគោរពតាមគោលការណ៍សមធម៌ពាណិជ្ជកម្ម ជាដើម។ លើសពីនេះទៀត បច្ចុប្បន្ន អង្ករក្រអូបរបស់កម្ពុជា មានតម្លៃទាបជាងអង្កររបស់ថៃដែលលក់នៅអឺរ៉ុបដូចគ្នា ខណៈដែលគុណភាព ក៏មានប្រហាក់ប្រហែលគ្នាដែរ។ កត្តាមួយទៀតនោះ គឺទីផ្សារស្បៀងអាហារពិភពលោកកំពុងមានការកើនឡើង ក្រោយពីមានបញ្ហាផ្ទុះឡើងនៃវីរុសកូរ៉ូណា។
លោក លន់ យ៉េង បានបញ្ជាក់ទៀតថា ចំពោះកត្តាជំរុញកំណើននាំចេញអង្ករទៅកាន់ទីផ្សារចិនវិញ គឺដោយសារតែ ការនាំចេញ អង្កររបស់កម្ពុជាទៅចិន នៅតែរក្សាក្នុងកូតាដដែល ៤០ម៉ឺនតោន។ អ្វីដែលពិសេស ជាងនេះទៀតនោះ គឺវត្តមានរបស់សម្តេច តេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន អំឡុងពេលមានផ្ទុះកើតឡើងនៃកូរ៉ូណា បានធ្វើឲ្យប្រជាជនចិន កោតស្ញប់ស្ញែងពីទឹកចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះប្រទេសចិន ក៏ដូចជាជនចិន ដែលទង្វើនេះ បានធ្វើឲ្យប្រជាជនចិនជាច្រើនមានក្ដីរំភើប ហើយពួកគេកាន់តែចាប់អារម្មណ៍ពីកម្ពុជា ក៏ដូចជាផលិតផលអង្កររបស់កម្ពុជា នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនបញ្ជាទិញពីប្រទេសចិន។
បើតាមការបញ្ជាក់របស់លោក លន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០២០នេះ កម្ពុជារំពឹងថា អាចនឹងនាំចេញអង្ករបានរហូតដល់ទៅ ៨០ម៉ឺនតោន ឬយ៉ាងហោចណាស់ ក៏មានកំណើនប្រចាំឆ្នាំជាង ២០% ដែរ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា កាលពីឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ ៦២ម៉ឺនតោន ធ្លាក់ចុះជិត ១% ធៀបនឹងឆ្នាំ២០១៨។