ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានប្រាប់ខេមបូណូមីសថា ក្រសួងពាណិជ្ជកម្មកំពុងពិនិត្យ និងសិក្សាពីលទ្ធភាពក្នុងការជួយកាត់បន្ថយការចំណាយរបស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករបន្ថែមទៀត ពាក់ព័ន្ធការកែច្នៃ និងស្តុកទុកអង្ករនៅក្នុងស្រុក។ បន្ថែមលើនេះ ក្រសួងក៏គ្រោងស្នើសុំកូតាបន្ថែមពីចិន ដើម្បីជំរុញការប្រកួតប្រជែង និងបង្កើនការនាំចេញរបស់កម្ពុជាផងដែរ។
ឯកឧត្តមបានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានខេមបូណូមីសតាមតេឡេក្រាមដូច្នេះថា៖«ដើម្បីជំរុញភាពប្រកួតប្រជែងក្នុងការនាំចេញអង្ករ ក្រសួងកំពុងស្វែងរកការស្នើសុំពង្រីកកូតាបន្ថែមពីប្រទេសចិន សម្រាប់ឆ្នាំក្រោយៗ និងពិនិត្យលទ្ធភាពថែមទៀត ក្នុងការជួយកាត់បន្ថយចំណាយ ដែលជាថ្លៃដើម ដូចជាការចំណាយក្នុងស្រុកទាក់ទងនឹងការកែច្នៃ និងស្តុកទុក ការស្វះស្វែងរកការសម្របសម្រួលពីអ្នកបញ្ជាទិញនៅទីផ្សារអឺរ៉ុប ទាក់ទងការដឹកជញ្ជូនរួមមានការបង្កើនជើងនាវា ចំនួនកុងតឺន័រ និងការងារភស្តុភាកម្មពាក់ព័ន្ធផ្សេងទៀត»។
ពាក់ព័ន្ធការជួយកាត់បន្ថយការចំណាយនេះ ឯកឧត្តម ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា កន្លងមកក្រសួងពាណិជ្ជកម្មធ្លាប់បានជួយសម្របសម្រួលមួយកម្រិតរួចមកហើយ តាមរយៈកាត់បន្ថយកម្រៃសម្រាប់សេវានានា និងការបំពេញសេវារហ័សសម្រាប់ការស្នើសុំវិញ្ញាបនបត្រប្រភពដើមទំនិញ ឯកសារពាក់ព័ន្ធ និងកាត់បន្ថយថ្លៃសេវាតាមកំពង់ផែនាំចេញជាដើម។
គួរបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជានៅត្រីមាសទី១ក្នុងឆ្នាំ២០២១ សម្រេចបានជាង១៥ម៉ឺនតោន ធ្លាក់ចុះជាង៣៣% បើធៀបនឹងត្រីមាសទី១កាលពីឆ្នាំ២០២០។ បើតាមឯកឧត្តម ប៉ែន សុវិជាតិ មូលហេតុដែលធ្វើឲ្យការនាំចេញអង្កររបស់កម្ពុជាមានការធ្លាក់ចុះដោយសារថ្លៃដឹកជញ្ជូនឡើងថ្លៃ ខ្វះជើងនាវាដឹកជញ្ជូន និងទូកុងតឺន័រវេចខ្ចប់អង្ករសម្រាប់នាំចេញ។
ទោះបីយ៉ាងនេះក្តី ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាអាចធានានិងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកជញ្ជូនគ្រប់កូតាទៅកាន់ទីផ្សារប្រទេសចិន។ ហើយ ឯកឧត្តម សង្កេតឃើញថា ការបញ្ជាទិញអង្ករកម្ពុជារបស់ចិន នៅតែមានតម្រូវការខ្ពស់ ទោះបីបច្ចុប្បន្នពិភពលោកកំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ។ ចិនជាទីផ្សារអង្ករធំជាងគេរបស់កម្ពុជា ក្នុងនោះអង្ករប្រមាណ៧០% ត្រូវបានចេញទៅចិន និងប្រមាណ៣០%នាំចេញទៅទីផ្សារផ្សេងៗ។
បើតាមលោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងខែមេសា ឆ្នាំ២០២១ ការនាំចេញអង្កររបស់កម្ពុជាសម្រេចបានប្រមាណ ៥ម៉ឺនតោន មានការធ្លាក់ប្រមាណ ២ម៉ឺនតោន បើធៀបនឹងខែមេសា នៅឆ្នាំ២០២០ ដែលមានប្រមាណ ៧ម៉ឺនតោន។
ដោយឡែក សម្រាប់ការនាំចេញអង្កររយៈពេល៤ខែដំបូងនៅឆ្នាំ២០២០១នេះ សម្រេចបានជាង១៩ម៉ឺនតោន មានការធ្លាក់ចុះដល់ទៅជិត៣៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ និងការដាក់បម្រាមធ្វើចរាចរណ៍ឆ្លងពីខេត្តមួយទៅខេត្តមួយ ដែលបានដកចេញកាលពីពេលថ្មីៗ ត្រូវបានគេមើលឃើញថា បានបង្កជាការរាំងស្ទះដល់ការនាំចេញអង្កររបស់កម្ពុជានៅក្នុងខែមេសានេះផងដែរ។ បើតាមឯកឧត្តម ប៉ែន សុវិជាតិ ការរាំងស្ទះនេះ ដោយសារបុគ្គលិកក្រុមហ៊ុនត្រួតពិនិត្យអង្ករសម្រាប់នាំចេញ ដែលស្នាក់នៅភ្នំពេញមិនអាចធ្វើដំណើរទៅបំពេញការងារបាន។ ប៉ុន្តែបញ្ហានេះ ត្រូវបានក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធដោះស្រាយរួចហើយ៕