តំបន់សេដ្ឋកិច្ចពិសេស

តំបន់សេដ្ឋកិច្ចពិសេសជាប់ព្រំដែនថៃ រំពឹងទាក់ទាញក្រុមហ៊ុនថ្មីៗ ពីប្រទេសថៃ ខណៈការចំណាយថ្លៃផលិតនៅថៃកំពុងកើនខ្ពស់


ប្រតិបត្តិករ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីពេលថ្មីៗនេះ បានបើកនូវសួនឧស្សាហកម្មថ្មីមួយទៀត នៅជាប់ព្រំដែនប្រទេសថៃ និងរំពឹងថា អាចទាក់ទាញរោងចក្រផលិតថ្មីៗជាច្រើនទៀត ពិសេសពីប្រទេសថៃ ចំពេលដែលកំណើនប្រាក់ឈ្នួលកម្លាំងពលកម្មនៅក្នុងប្រទេសថៃ កំពុងកើនឡើង។
តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ភីភី (រូបភាព៖ Google)

បើតាម​ទិន្នន័យ​ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ឲ្យដឹងថា បច្ចុប្បន្ន ក្រុងប៉ោយប៉ែត ដែលជា​តំបន់​ជាប់ព្រំដែន​ថៃនេះ មាន​តំបន់សេដ្ឋកិច្ចពិសេស​ចំនួន ៣ ហើយ ដែលមាន​មានរោងចក្រ​សរុបចំនួន ១៧​ រោងចក្រ និងបាន​ផ្ដល់ការងារដល់ពលរដ្ឋប្រមាណ ៧ពាន់​៥០០ កន្លែង។

ជាក់ស្ដែង នាពេល​ថ្មីៗនេះ តំបន់សេដ្ឋកិច្ចពិសេស​ថ្មីមួយទៀត នៅក្រុងប៉ោយប៉ែត គឺតំបន់​សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ត្រូវបានសម្ពោធ​បើក​ឲ្យដំណើរការជាផ្លូវការហើយ ដែលវា​មាន​ផ្ទៃដីសរុប​៧០ ហិកតា មានទីតាំង​ប្រមាណតែ​៨គីឡូម៉ែត្រប៉ុណ្ណោះ​ពីព្រំដែន និងប្រើពេលវេលា​ធ្វើដំណើរ​ប្រហែល​តែ​៤ម៉ោងប៉ុណ្ណោះ ចេញពីទីក្រុងបាងកក មកកាន់តំបន់សេដ្ឋកិច្ចពិសេសមួយនេះ។ 

តំបន់សេដ្ឋកិច្ចពិសេសស​ប៉ោយប៉ែត ភីភី ត្រូវបានគេមើលឃើញថា គឺជា​ចំណុច​ការតភ្ជាប់ដ៏សំខាន់ នៅក្នុង​ច្រករបៀងសេដ្ឋកិច្ច ដែលពង្រីក​ចេញពីទីក្រុងបាងកក​ប្រទេសថៃ ឆ្ពោះទៅភាគខាងត្បូង​កាត់ខេត្ត​សៀមរាប រាជធានីភ្នំពេញ របស់កម្ពុជា រហូតដល់​ទីក្រុងហូជីមិញ​ប្រទេសវៀតណាម។

ក្រុមហ៊ុន ជប៉ុន Sumitronics Manufacturing ដែលបាន​ដែលមាន​ផលិត​គ្រឿងបរិក្ខាអេឡិចត្រូនិក ក៏បាន​បើកដំណើរការ​រោងចក្រ​ថ្មី របស់ខ្លួន​នៅ​តំបន់សេដ្ឋកិច្ចពិសេស​ប៉ោយប៉ែត​ភីភី​នេះផងដែរ។

ការចំណាយ​លើ​ថ្លៃពលកម្មនៅកម្ពុជា ត្រូវបានគេមើលឃើញថា គឺមាន​តែប្រហែលពាក់កណ្ដាល​នៃតម្លៃពលកម្ម​នៅក្នុងប្រទេសថៃប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុនដែលមាន​គុណវុឌ្ឍិក៏នឹងរីករាយ​នឹងការដកពន្ធ​និងអភ័យឯកសិទ្ធិ​ផ្សេងទៀត​នៅតំបន់​សេដ្ឋកិច្ច​ប៉ោយប៉ែតនេះ។ 

ត្រូវបាន​ស្រង់សម្ដី ដោយ​សារព័ត៌មាន Asian Nikkei Review លោក ហ៊ីរ៉ូហ្ស៊ី យូអ៊ីម៉ាហ្សូ នាយក​ប្រតិបត្តិ​តំបន់សេដ្ឋកិច្ចពិសេស​ភ្នំពេញ បាន​បញ្ជាក់ថា អ្វីដែលលោក​ចង់​បង្ហាញនោះ គឺនៅកម្ពុជា​មានតម្លៃផលិតកម្ម​ថោក។

ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺជាទីតាំង​វិនិយោគ​ដែលបង្កើត​ឡើងសម្រាប់​ទាក់ទាញ​វិនិយោគផ្ទាល់​ពីបរទេស ដែលជាទូទៅ រដ្ឋាភិបាល​បានផ្តល់​លក្ខខណ្ឌ​លើកទឹកចិត្ត​ផ្សេងៗ ដូចជា ការអនុគ្រោះពន្ធ ការបម្រើ​ជូនសេវា​ច្រកចេញ​ចូល​តែមួយ ការសម្រួល​បែបបទ​នាំចេញ នាំចូលទំនិញ ការសម្រួល​បែបបទ​រដ្ឋបាលនានា និងលក្ខខណ្ឌផ្សេងៗ​ទៀតជាច្រើន ដើម្បីជំរុញ​សកម្មភាព​វិនិយោគ។ 

លោកឧកញ៉ា សៀ ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន WorldBridge Group និងជាម្ចាស់​គម្រោង​អភិវឌ្ឍន៍​តំបន់សេដ្ឋកិច្ច​ពិសេស ​Kerry World Bridge​ មានប្រសាសន៍ថា ការបង្កើតតំបន់​សេដ្ឋកិច្ច​ពិសេស គឺចាំបាច់ណាស់​ដើម្បីក្លាយខ្លួន​ជាតួអង្គ​ដ៏សំខាន់​ក្នុងតំបន់ សម្រាប់តភ្ជាប់​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​កម្ពុជា​ក្នុងក្របខណ្ឌ​សហគមន៍​សេដ្ឋកិច្ចអាស៊ាន។ 

លោកឧកញ៉ាបន្ថែមថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នឹងជួយជំរុញ​ការពង្រីកការធ្វើពាណិជ្ជកម្ម​នៅក្នុងតំបន់កាន់តែ​មានភាពមមាញឹក និងទាក់ទាញខ្លាំង​សម្រាប់ការវិនិយោគ។

ជាមួយគ្នានេះដែរ បើតាម​កាសែតបាងកកប៉ុស្ដិ៍​របស់ថៃ បាន​ឲ្យដឹងថា តាម​ការ​សិក្សា​របស់ស្ថាប័ន​ប្រឹក្សាយោបល់ Korn Fery បាន​ឲ្យដឹងថា កំណើន​ប្រាក់បៀវត្សរ៍​នៅឆ្នាំ២០២០ នៅក្នុងប្រទេសថៃ នឹងត្រូវកើនឡើង៥% ។ ហើយបន្ទាប់ពី​គណនា សម្រាប់អត្រា​អតិផរណា ១,៣%រួចមក ឃើញថា កំណើន​ប្រាក់ចំណូល​ពិត​របស់បុគ្គលិក​នៅប្រទេសថៃ នឹងកើនឡើង​ជិត​៣,៧%។ 

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា លោក ម៉ាសាហ៊ីរ៉ុ មីខាមី ក៏បាន​ឲ្យដឹងដែរថា កំណើន​សេដ្ឋកិច្ច​ខ្ពស់​បរិយាកាសវិនិយោគល្អ និងទីតាំង​យុទ្ធសាស្ត្រ​របស់កម្ពុជា បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​វិនិយោគ​ដ៏ទាក់ទាញ​សម្រាប់​វិនិយោគជប៉ុន។ លោក ម៉ាសាហ៊ីរ៉ុ មីខាមី បាន​ឲ្យដឹងទៀតថា តំបន់សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត ភីភី នឹងចូលរួមចំណែក​ដល់ការទាក់ទាញ​ការវិនិយោគ​ប្រភេទ «ថៃបូក១» បន្ថែមទៀត​មកកាន់កម្ពុជា។

គួរបញ្ជាក់ថា បើតាម​ទិន្នន័យពី ក្រុមប្រឹក្សាអភីវឌ្ឍន៍កម្ពុជា បច្ចុប្បន្ន​នៅទូទាំងប្រទេស​កម្ពុជា មានតំបន់សេដ្ឋកិច្ច​ពិសេស ដែលមានដំណើរការ​ចំនួន​២៣ កន្លែង ដែលមាន​រោងចក្រ​ចំនួន​៤៩០ និងបង្កើត​ការងារ​បាន​ចំនួន ប្រមាណ​ជាង​១៣​ម៉ឺន​កន្លែង។ ដោយឡែក​ ទីក្រុងប៉ោយប៉ែត​មានតំបន់​សេដ្ឋកិច្ចពិសេស​ចំនួន​៣កន្លែង ដែលមានរោងចក្រ​ចំនួន​១៧ និងបង្កើតការងារ​បានចំនួន ៧.៥០០ កន្លែង ក្នុងនោះ រោងចក្រ​ ដែលជាការវនិយោគ​មកពីប្រទេស​ជប៉ុន​មានចំនួន​៨ និងបង្កើតការងារ​បានចំនួន​ជាង ២ពាន់កន្លែង៕

None



អត្ថបទបន្ទាប់


តុលាការ​​នឹង​បើក​​ជំនុំជម្រះ​ក្ដី លោក កឹម សុខា នៅថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​ក្រោយ

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​កំណត់​កាល​បរិច្ឆេទ​ជំនុំ​ជម្រះ​សំណុំរឿង​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ នៅថ្ងៃ​ទី…

លោក កឹម សុខា៖ បើ​មនុស្ស​គ្រប់​រូប​មិន​ត្រូវ​បាន​គេ​រំលោភ​បំពាន សង្គម​នឹង​មាន​ស្ថិរភាព

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ ទី១០ ខែ​ធ្នូ​នេះ ថា សង្គម​មួយ​មាន​ស្ថិរភាព​ទៅ​បាន លុះត្រា​តែ​មន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ