ប្រសិនបើកិច្ចព្រមព្រៀងនេះ បានចូលជាធរមានមែននោះ វានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីទីពីររបស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីដើមឆ្នាំ២០២២។ ក្រោមកិច្ចព្រមព្រៀងថ្មីៗនេះ ភាគីកម្ពុជា និងកូរ៉េខាងត្បូង នឹងមានការលើកលែងពន្ធលើទំនិញនាំចេញចូលប្រទេសទាំងពីរប្រមាណ៩៥%។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉ នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានភាគីទាំងពីរចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនាពិធីបើកវេទិកាពិគ្រោះយោបល់កម្រិតខ្ពស់ក្នុងឱកាសខួបអនុស្សាវរីយ៍១០ឆ្នាំ ស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងការប្រកាសជាផ្លូវការនៃសៀវភៅស្តីពីក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA)នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងករណីកិច្ចព្រមព្រៀងនេះ បានចូលជាធរមានតាមការគ្រោងទុកមែននោះ វានឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទីពីររបស់កម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ក្រៅពីកិច្ចព្រមព្រៀងទាំងពីរ កម្ពុជាក៏មានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលបានចូលជាធរមានតំណាលគ្នាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ តាមរយៈកិច្ចព្រមទាំងអស់នេះ បានបង្ហាញឲ្យបង្ហាញឃើញថា ទោះបីកម្ពុជាជាប្រទេសតូច និងកំពុងអភិវឌ្ឍន៍ តែបានបើកចំហរសេដ្ឋកិច្ចខ្ពស់ ជាមួយការផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយម ដោយឈរលើច្បាប់ជាគោល។
ពាក់ព័ន្ធកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណេះដែរ លោកបណ្ឌិត ឆេង គឹមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីយល់ឃើញថា ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមានវានឹងជួយបង្កើនលំហូរនៃការនាំចេញ និងនាំចូលទំនិញរវាងប្រទេសទាំងកាន់តែប្រសើរជាមួយការទទួលបាននូវការអនុគ្រោះពន្ធ ដែលធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរទទួលបានផលិតផល និងសេវាកម្មសម្រាប់ប្រើប្រាស់ជាមួយតម្លៃសមរម្យជាងមុន។ ទោះយ៉ាងណា វាទាមទារឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាស និងអាជីវកម្មក្នុងស្រុកត្រូវបង្កើនប្រសិទ្ធភាព និងគុណភាព ក៏ដូចជានាំយកបច្ចេកវិទ្យាថ្មីៗសម្រាប់បម្រើឲ្យផលិតកម្ម ដើម្បីអាចឆ្លើយតបនឹងតម្រូវការរបស់ភាគីកូរ៉េ ក៏ដូចជាប្រទេសដៃគូពាណិជ្ជកម្មផ្សេងទៀត។ បើពុំនោះទេកម្ពុជាទំនងជាមិនអាចទាញផលប្រយោជន៍បានច្រើនពីកិច្ចព្រមព្រៀងនេះឡើយ។
លោកបណ្ឌិត ឆេង គឹមឡុង បានគូសបញ្ជាក់បន្ថែមថា បើទោះបីបច្ចុប្បន្នលក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរច្រើនបើធៀបនឹងពេលកន្លងមកក៏ដោយ តែបន្តទាមទារឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាស និងអាជីវកម្មនានាលើកកម្ពស់សមត្ថភាពកម្មករ និយោជិត និងផលិតភាពការងារ តាមរយៈការបណ្តុះបណ្តាលពីបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីធានាថា កម្ពុជាមានធនធានមនុស្យពោរពេញដោយសមត្ថភាពសម្រាប់ឆ្លើយតបនឹងតម្រូវការ។
ជាមួយគ្នានេះលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមានវានឹងជួយទាក់ទាញវិនិយោគិនជនជាតិកូរ៉េមកបោះវិនិយោគក្នុងវិស័យនានាកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជនជាតិកូរ៉េ។ តែអ្វីដែលជាក្តីកង្វល់សម្រាប់កម្ពុជា គឺកង្វះកម្លាំងពលកម្មដែលធនធានសមត្ថភាពសម្រាប់បម្រើឲ្យផលិតកម្មរបស់វិនិយោគិនកូរ៉េ ជាពិសេសឥរិយាបថធ្វើការងាររបស់បុគ្គលិក និងកម្មករនិយោជិតរបស់កម្ពុជាតែម្តង។
បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ទំនិញកម្ពុជាជាង១ម៉ឺនបន្ទាត់ពន្ធត្រូវបានលើកលែងពន្ធពេលនាំចេញទៅកាន់ប្រទេសកូរ៉េ។ ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀង RCEP កម្ពុជានឹងលើកលែងពន្ធប្រមាណជិត ៩៤% នៃផលិតផលនាំចូលពីកូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូងនឹងលើកលែងពន្ធប្រមាណជិត៩៦% លើផលិផលរបស់កម្ពុជា។
គួរបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងនៅ៩ខែឆ្នាំ២០២២ មានទំហំសរុបជាង៦០០លានដុល្លារអាមេរិកកើនឡើងជាង៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជិត៥៨១លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅកូរ៉េខាងត្បូងសម្រេចបានជាង ១៧៤លានដុល្លារកើនឡើងជាង២១% ខណៈកម្ពុជានាំចូលទំនិញពីកូរ៉េខាងត្បូងមានទំហំជាង៤២៥លានដុល្លារធ្លាក់ចុះជិត៣%៕