បើតាមសម្តេច តេជោ ហ៊ុន សែន ការសម្រេចលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចយ៉ាងដូច្នេះ គឺ ដោយសារកម្ពុជាបានចាក់វ៉ាក់សាំងពេញលេញ អត្រាគ្របដណ្តប់រហូតជិត ៨៨% នៃចំនួន ប្រជាជន ជាង ១៦លាននាក់ហើយ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់អ្នកដំណើរដែលធ្វើដំណើរចូលមកកាន់កម្ពុជា ក៏នឹងមិនត្រូវឲ្យធ្វើតេស្ដដោយម៉ាស៊ីន PCRទៀតនោះដែរ ប៉ុន្ដែត្រូវធ្វើតេស្តរហ័ស ដែលត្រូវរង់ចាំរយៈពេលត្រឹមតែ១៥ ទៅ២០នាទីប៉ុណ្ណោះ គឺអាចដឹងលទ្ធផលបាន។ បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមានហើយនោះ អ្នកដំណើរចូលកម្ពុជា ទាំងអស់អាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជា ដោយមិនកម្រិតតំបន់ ឬខេត្តសម្រាប់ដើរហើទៀតនោះទេ។ ប៉ុន្ដែ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងហើយចូលមកកម្ពុជា តម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល។
សូមបញ្ជាក់ថា កម្ពុជាក៏ដូចជាប្រទេសមួយចំនួននៅតំបន់អាស៊ានដែរ គឺបានបាននិងកំពុងចាប់ផ្ដើមបើកប្រទេសជាបណ្ដើរៗឡើងវិញ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចដែលបានរងផលប៉ះពាល់ដោយសារកូវីដ១៩ ខណៈដែលមួយរយៈចុងក្រោយនេះ កម្ពុជាបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ៕