សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ នាឱកាសពិធីបុណ្យសមុទ្រ ឆ្នាំ២០១៩ នៅខេត្តកំពត កាលពីពេលកន្លងទៅថ្មីៗនេះថា កម្ពុជា មិនមែនធ្វើសេដ្ឋកិច្ច ដោយផ្អែកលើវិស័យណាមួយនោះទេ គឺត្រូវពឹងផ្អែកលើគ្រប់វិស័យ ហើយក្នុងនោះ មានវិស័យទេសចរណ៍ ជាមាសបៃតង ដែលកំពុងក្លាយទៅជាការពិត ខណៈកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានមួយភាគ បានមកពីផ្នែកសេវានេះតែម្តង។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា ក្នុងមួយឆ្នាំៗ ចំនួនភ្ញៀវទេសចរបរទេស ដែលចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា មានកើនឡើងជាបន្ដបន្ទាប់ ហើយនៅក្នុងឆ្នាំ ២០១៩ កម្ពុជា រំពឹងនឹងទទួលបានភ្ញៀវទេសចរណ៍ប្រមាណ ៦,៦ លាននាក់។
បើយើងមើលពី ចំណូលបានមកពី ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គិតត្រឹមរយៈពេល ១១ខែ ដើមឆ្នាំ ២០១៩នេះ គឺមានការធ្លាក់ចុះប្រមាណ ១៤ភាគរយ ពោលគឺ ធ្លាក់មកនៅ ៨៩លានដុល្លារអាមេរិក ក្នុងនោះ ភ្ញៀវទេសចរបរទេសជាង ១,៩ លាននាក់ បានទិញសំបុត្រចូលទស្សនា ដែលតួលេខនេះ មានការធ្លាក់ចុះប្រមាណ ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញឲ្យដឹងថា វិស័យទេសចរណ៍នៅកម្ពុជា នៅតែរក្សាបាននូវភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរបរទេស គិតត្រឹមរយៈពេល ១០ខែ ដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥,២ លាននាក់ ដែលមានកំណើន ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ ហើយនៅក្នុងនោះ ចំនួនភ្ញៀវទេសចរចិន បន្តកើនឡើងដល់ជាង ២លាននាក់ ដែលមានកំណើន ២៤ភាគរយ ឈរលើកំពូលតារាងតែម្តង។
អ្វីដែលគួរឲ្យកត់សម្គាល់គឺ ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមផ្លូវអាកាសមកកាន់ តំបន់មាត់សមុទ្រកម្ពុជា មានជាង ១លាននាក់ កើនឡើងជាង ៤២ភាគរយ ខណៈដែលការធ្វើដំណើរទៅកាន់ ខេត្តសៀមរាប មានជាង ១,៨ លាននាក់ ធ្លាក់ចុះប្រមាណ ១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។
យ៉ាងណាក៏ដោយចុះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ ក្នុងពិធីបើកវេទិកាវិនិយោគលើ វិស័យទេសចរណ៍នៅកម្ពុជាលើកទី ២ ឲ្យបានដឹងថា ក្រៅពីតំបន់សៀមរាបអង្គរ ដែលជាតំបន់បេតិកភណ្ឌវប្បធម៌ កម្ពុជា ក៏មានតំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែងទៀតនៅទូទាំងប្រទេស ដែលតំបន់ទាំងអស់នេះ មានសក្តានុពលសម្រាប់ធ្វើការវិនិយោគក្នុងវិស័យទេសចរណ៍។
ឯកឧត្តម បន្ថែមថា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគពី ឆ្នាំ ២០១៦ដល់ខែសីហា ឆ្នាំ២០១៩ មាន ៨១៣គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ២២ពាន់លានដុល្លារអាមេរិក ក្នុងនោះគម្រោងទេសចរណ៍ និងផ្នែកពាក់ព័ន្ធ មានចំនួន ៣៨គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៩ពាន់លានដុល្លារអាមេរិក។
បើតាមរបាយការណ៍ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបង្ហាញថា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័ត មានចំនួន ២៦៨គម្រោងដែលមានទុនវិនិយោគសរុបជាង ៦,៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះ វិស័យទេសចរណ៍ គឺមានតែ ១៨គម្រោងប៉ុណ្ណោះ តែមានទុនវិនិយោគសរុបជាង ៤,៨ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យតួលេខនេះ វ៉ាដាច់វិស័យផ្សេងៗតែម្តង ហើយការកើនឡើងដ៏លើសលុបនៃ ទុនក្នុងវិស័យទេសចរណ៍នេះគឺដោយសារតែមាន គម្រោងវិនិយោគធំៗជាច្រើន នៅតាមតំបន់ឆ្នេរសមុទ្រ ហើយវានឹងត្រូវការពេលវេលាច្រើន សម្រាប់ការអភិវឌ្ឍផងដែរ។
តាមការឲ្យដឹងពី ក្រសួងទេសចរណ៍ នៅឆ្នាំ ២០១៨ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦,២ លាននាក់ កើនឡើង ១០% និងនាំមកនូវប្រាក់ចំណូលប្រមាណ ៤,៣ ពាន់លានដុល្លារអាមេរិក ដែលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ១២ភាគរយ ហើយកម្លាំងពលកម្មបម្រើឲ្យវិស័យនេះ មានជាង ៦២ម៉ឺននាក់ ហើយនៅឆ្នាំ ២០១៩ កម្ពុជា រំពឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៦លាននាក់ ហើយនៅឆ្នាំ ២០៣០ ប្រមាណ ១៥លាននាក់ ដោយរំពឹងរកចំណូលបានប្រមាណ១០ពាន់លានដុល្លារអាមេរិក និងបង្កើតឱកាសការងារប្រមាណ ២លានកន្លែង។
គួរជម្រាបដែរថា វិស័យទេសចរណ៍នៅកម្ពុជា ក៏ទទួលបាននូវការវាយតម្លៃខ្ពស់ពីសំណាក់អង្គការ និងភ្នាក់ងារទេសចរណ៍អន្តរជាតិជាច្រើន ដោយផ្អែកទៅលើលទ្ធផលស្រាវជ្រាវពីការស្នាក់នៅ ការធ្វើដំណើរកម្សាន្ត និងជាពិសេសគឺ បទពិសោធន៍ជាក់ស្តែង ដែលភ្ញៀវទេសចរទទួលបានពី ប្រទេសកម្ពុជា៕