មន្រ្តីនៃក្រសួងសាធារណការប្រាប់ខេមបូណូមីសតាមតេឡក្រាមថា មានពលរដ្ឋមួយចំនួនធំ មានការយល់ច្រលំចំពោះការស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត (ការកាត់ឈ្មោះឡាន) នេះ។ មន្រ្តីរូបនេះ បានបញ្ជាក់ថា «ពាក់ព័ន្ធនឹងករណីផ្ទេរកម្មសិទ្ធិនេះ តាមជាគោលការណ៍របស់ក្រសួងដូចជាមិនមានការកំណត់ឲ្យប្រជាពលរដ្ឋ លោកត្រូវតែធ្វើការផ្ទេរកម្មសិទ្ធិទេ គឺលោកមិនបាច់ផ្ទេរក៏បានដែរ តែដើម្បីឲ្យបានសមស្របទៅតាមនីតិវិធីច្បាប់ មានបញ្ជាក់មានការទទួលខុសត្រូវ ដឹងឭចំពោះមុខច្បាប់ ហើយបានចុះបញ្ជីនៅគល់បញ្ជីចំពោះអ្នកដែលជាម្ចាស់កម្មសិទ្ធិ គឺគាត់គួរតែទៅបំពេញបែបបទផ្ទេរកម្មសិទ្ធឲ្យហើយ»។
អានអត្ថបទទាក់ទង៖ តើការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវធ្វើដូចម្តេចខ្លះ?
នៅពេលដែលសួរថា តើរថយន្ដដែលមិនបានទៅផ្ទេរកាត់ឈ្មោះនោះ នឹងត្រូវរងការផាកពិន័យដែរ ឬយ៉ាងណា? មន្រ្តីជំនាញរូបនេះ បានឆ្លើយតបយ៉ាងដូច្នេះថា « ពាក់ព័ន្ធទៅនឹងការផាកពិន័យ ដូចដែលខ្ញុំបានបញ្ជាក់ជូនអញ្ចឹង គឺមិនមានការផាកពិន័យទេ តែបើសិនបច្ចុប្បន្នម្ចាស់រថយន្តហ្នឹង គាត់បើកប៉ះពារ ឬក៏មានបញ្ហាអីមួយ មានពាក្យបណ្តឹងណាមួយទៅលើរថយន្តគឺគេស្វែងរកទាំងម្ចាស់ដើមអីទាំងអស់ហើយ តែបើយើងបានផ្ទេរហើយវាអត់បញ្ហាទេ តែប្រសិនយើងមិនបានផ្ទេរ នីតិវិធីដោះស្រាយនឹងកាន់តែវែងឆ្ងាយនាំឲ្យខាតពេលវេលាយើង»។
បើតាមមន្រ្តីរូបនេះ ការកំណត់រយៈពេលផ្ទេរកម្មសិទ្ធិយានយន្តត្រឹមដំណាច់ខែមិថុនានេះ មិនមែនជាការកំណត់សម្រាប់ការផាកពិន័យដល់អ្នកដែលមិនបានមកកាត់នោះទេ តែជាការកំណាត់ថា ចាប់ពីខែកក្កដាទៅ នីតិវិធីនៃការផ្ទេរនឹងវិលរកធម្មតាវិញ ពោលគឺ រាល់ការផ្ទេរកម្មសិទ្ធិចាប់ពីខែកក្កដា ឆ្នាំ២០២០ទៅ តម្រូវឲ្យមានវត្តមានម្ចាស់ដើមនៃយានយន្តនោះទើបអាចផ្ទេរបាន។
បើតាមក្រសួងសាធារណការ ចំពោះឯកសារដែលប្រជាពលរដ្ឋត្រូវភ្ជាប់ទៅជាមួយនៅពេលដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្តរួមមាន៖
-ពាក្យសុំផ្ទេរកម្មសិទ្ធិ(មានផ្ដល់ជូននៅទីតាំងផ្ដល់សេវា)
-លិខិតទិញលក់
-បណ្ណសម្គាល់យានយន្តច្បាប់ដើម
-លិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណរបស់ភាគីទាំងអ្នកលក់ និងអ្នកទិញ
-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
-លិខិតស្នើសុំពីអង្គភាព ឬស្ថាប័នសាមី (ចំពោះផ្លាកលេខអង្គភាព)
ចំពោះតម្លៃសេវានៃការស្នើសុំផ្ទេរកម្មសិទ្ធិរួមមាន៖
-រថយន្តធុនតូច ឬធុនស្រាល ក្នុងរាជធានីខេត្ត ៤៨.០០០ រៀល
-រថយន្តធុនតូច ឬធុនស្រាល ឆ្លងរាជធានីខេត្ត ១០១.០០០ រៀល
-រថយន្តធុនធំ ឬធុនធ្ងន់ ក្នុងរាជធានីខេត្ត ៦៧.០០០ រៀល
-រថយន្តធុនធំ ឬធុនធ្ងន់ ឆ្លងរាជធានីខេត្ត ១២៥.០០០ រៀល
គួរបញ្ជាក់ថា តម្លៃសេវានេះ គឺមិនទាន់រាប់បញ្ចូលតម្លៃពន្ធប្រថាប់ត្រា ៤%នោះទេ ហើយនីតិវិធីនៃការស្នើសុំនឹងត្រូវរួចរាល់ក្នុងរយៈពេលយ៉ាងយូរ ២ថ្ងៃប៉ុណ្ណោះ ដោយមិនរាប់បញ្ជូលរយៈពេលនៃការបង់ពន្ធប្រថាប់ត្រានៅពន្ធដារនោះទេ។ បើតាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច នីតិវិធីនៃការស្នើសុំបង់ពន្ធប្រថាប់ត្រា ត្រូវចំណាយរយៈពេលពី ៣ ទៅ៥ថ្ងៃ នៃថ្ងៃធ្វើការ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ទៅថ្ងៃខាងមុខ ក្រសួងនឹងសម្រួលនីតិវិធីបង់ពន្ធប្រថាប់ត្រា ដោយពលរដ្ឋអាចនឹងបង់ពន្ធនៅកន្លែងផ្តល់សេវាស្នើសុំផ្ទេរកម្មសិទ្ធិយានយន្តតែម្តង ដោយមិនចាំបាច់ទៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធផ្សេងទៀតឡើយ៕