ទោះយ៉ាងណា សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ កុំបោះបង់វិធានការការពារខ្លួនឲ្យសោះ ពោលគឺ ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ ៣ការពារ និងទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់គ្នាៗ។
សម្តេច តេជោ ហ៊ុន សែននៅថ្ងៃអង្គារ ទី២២ កុម្ភៈនេះ បានបញ្ជាក់ថា កម្ពុជាមិនទាន់មានការចាំបាច់អ្វី ត្រូវធ្វើការបិទខ្ទប់រាជធានីភ្នំពេញ ឬតាមបណ្ដាផ្សារនានាដូចពីមុននោះទេ ដ្បិតថា ប្រជាជនកម្ពុជាភាគច្រើន បានចាក់វ៉ាក់សាំងរួចរាល់អស់ហើយ ហើយកម្ពុជាក៏កំពុងបន្ដចាក់ដូសជំរុញផងដែរ ប៉ុន្ដែ ការពឹងផ្អែកតែលើវ៉ាក់សាំងមួយមុខក៏មិនមែនជារឿងល្អក្នុងការទប់ស្កាត់កូវីដ១៩ ពោលគឺ វាក៏ត្រូវមានការចូលរួមឲ្យបានខ្ជាប់ខ្ជួនពីប្រជាពលរដ្ឋទាំងអស់គ្នាតាមរយៈការអនុវត្តវិធានសុខាភិបាលរបស់រាជរដ្ឋាភិបាល បីកុំ បីការពារ។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកលក់ថ្នាំទាំងអស់នៅអំឡុងពេលកូវីដ១៩រីករាលដាលនេះ សូមកុំឆ្លៀតឱកាសលក់ថ្នាំដំឡើងថ្លៃ ហើយក្រសួងសុខាភិបាលត្រូវត្រួតពិនិត្យឲ្យបានម៉ត់ចត់អំពីគុណភាពថ្នាំដែលបានលក់ទាំងនោះ តើសុទ្ធ ឬមិនសុទ្ធ? ព្រោះបច្ចុប្បន្ន ស្របពេលដែលតម្រូវការថ្នាំកើនឡើងខ្ពស់ ក៏មានជនឆ្លៀតឱកាសលក់ថ្នាំក្លែងក្លាយច្រើនផងដែរ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី កម្ពុជាបច្ចុប្បន្ន ត្រូវការបង្កើនការនាំចូលថ្នាំបន្ថែមទៀត ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង។
សូមបញ្ជាក់ថា អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ថ្មីៗនេះបានព្រមានថា ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅកម្ពុជា អាចនឹងកើនដល់តួលេខ ៤ខ្ទង់ក្នុងមួយថ្ងៃ នៅពេលឆាប់ៗមុខនេះ ប្រសិនបើប្រជាពលរដ្ឋមិនមានការប្រុងប្រយ័ត្នក្នុងការពារខ្លួន។
យ៉ាងណាមិញ នៅរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅកម្ពុជាមានរាប់រយនាក់ក្នុងមួយថ្ងៃ និងសុទ្ធសឹងជាប្រភេទមេរោគបំប្លែងថ្មីអូមីក្រុង។ តួយ៉ាង នៅថ្ងៃទី ២២ ខែកុម្ភៈ កម្ពុជាប្រកាសរកឃើញអ្នកឆ្លងថ្មីជិត៦០០នាក់ និងមានអ្នកស្លាប់ថ្មី២នាក់បន្ថែមទៀត នាំឲ្យករណីឆ្លងសរុបបានកើនដល់ជាង១២ម៉ឺន៧ពាន់នាក់ និងអ្នកស្លាប់សរុប ជាង៣ពាន់នាក់។
ដោយឡែក សម្រាប់ការចាក់វ៉ាក់សាំងនៅកម្ពុជាវិញ គិតមកទល់ពេលនេះ សម្រេចបានលទ្ធផលប្រមាណ៩០%ហើយ នៃចំនួនប្រជាជនសរុប១៦លាននាក់ ហើយកម្ពុជាក៏ទើបតែប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារចាប់ពីអាយុ៣ឆ្នាំឡើងទៅផងដែរ៕