លោក អួន ស៊ីឡុត បានកត់សម្គាល់ឃើញថា អាកាសធាតុប្រែប្រួល, តម្លៃជី ថ្នាំកសិកម្មខ្ពស់,និងកង្វះរោងចក្រកែច្នៃ នៅតែជាកត្តាប្រឈមសម្រាប់ខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី លោកបានបន្តកត់សម្គាល់ទៀតថា បច្ចុប្បន្ន ស្ថានភាពអាកាសធាតុហាក់មានភាពអំណោយផលឡើងវិញសម្រាប់ដំណាំស្វាយចន្ទី ដោយលោកគូសបញ្ជាក់ថា បើសិនជា មានអំណោយផលពីអាកាសធាតុ ដំណាំស្វាយចន្ទី នឹងមានការលូតលាស់ល្អ ថែមទាំងផ្ដល់ទិន្នផលខ្ពស់ជាងមុនផងដែរ។ ប្រធានសមាគមរូបនេះ បានបង្ហាញក្ដីរំពឹងខ្ពស់ថា ប្រសិនណា អាកាសធាតុនៅតែអំណោយផល ទិន្នផលគ្រាប់ស្វាយចន្ទី នឹងអាចបន្តកើនឡើង ពីចន្លោះពី ៨០ម៉ឺនតោន ទៅ១លានតោន នៅឆ្នាំ២០២៣។
យ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍ដែលផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២នេះ វៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ក្នុងបរិមាណ ៦៦ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ ថយចុះ ៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។
ប្រទេសវៀតណាម គឺនៅតែជាទីផ្សារខ្នងបង្អែកដ៏ធំសម្រាប់កម្ពុជា ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ខណៈដែលការកែច្នៃនៅក្នុងស្រុកហាក់មិនទាន់មានច្រើនគ្រប់គ្រាន់នៅឡើយ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ប្រធានសមាគមស្វាយចន្ទីកម្ពុជា ក៏បានកត់សម្គាល់ឃើញថា បញ្ហាអាកាសធាតុ នៅចុងឆ្នាំ២០២២នេះ ហាក់កាន់តែមានភាពធូរស្បើយ ដែលអំណោយផលសម្រាប់ដំណាំស្វាយចន្ទី។
សូមបញ្ជាក់ថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សរុប មានប្រមាណជាង ៤លានតោន បានកើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ គិតជាទឹកប្រាក់សរុបមានជាង ២,៦ពាន់លានដុល្លារអាមេរិក។ ដោយឡែក នៅរយៈពេលដដែលនេះ កម្ពុជា ក៏ទទួលបានចំណូលបន្ថែមពីការនាំចេញអង្ករ ចំនួនជាង ៤៣៥លានដុល្លារ និងចំណូលជាង ៤៩២លានដុល្លារ ពីការនាំចេញស្រូវទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕