លោក តាំង លីសេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងណាននីង ប្រទេសចិន បានបញ្ជាក់ថា ផ្លែស្វាយស្រស់របស់កម្ពុជា ត្រូវបានដឹកទៅដល់កំពង់ផែតំបន់ពាណិជ្ជកម្មសេរីក្នុងទីក្រុង Qinzhou នៃតំបន់ស្វយ័តក្វាងស៊ីប្រទេសចិនកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ កម្ពុជាបានចាំចេញផ្លែស្វាយស្រស់ជាលើកដំបូងនៅថ្ងៃទី៧ ឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានការអនុញ្ញាតនាំចេញជាផ្លូវការពីភាគីចិននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។
លោក តាំង លីសេង បានគូសបញ្ជាក់បន្ថែមថា គណៈកម្មាធិការគ្រប់គ្រងកំផែតំបន់ពាណិជ្ជកម្មសេរីទីក្រុង Qinzhou បានរៀបកម្មវិធីវត្តមានផ្លែស្វាយស្រស់របស់កម្ពុជានៅព្រឹកថ្ងៃទី២១ ឧសភា នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុង Qinzhou របស់ចិន និងអគ្គកុងស៊ុលរបស់កម្ពុជាប្រចាំនៅទីក្រុងណាននីង។
បន្ថែមលើនេះ មានការចូលពីមន្ទីរការិយាល័យការបរទេស Beibu Gulf នៃតំបន់ស្វយ័តក្វាងស៊ី, ថ្នាក់ដឹកនាំនាយកដ្ឋានរដ្ឋបាលគយនៃទីក្រុងណាននីង, ថ្នាក់ដឹកនាំគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ក្រុងការិយាពាណិជ្ជកម្ម និងថ្នាក់ដឹកនាំនៃការិយាល័យជំរុញពាណិជ្ជកម្ម និងមន្ត្រីនៃក្រុមហ៊ុននានាប្រមាណ១០០រូប។
អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងណាននីងរូបនេះរំពឹងថា ការរៀបចំពិធីទទួលផ្លែស្វាយស្រស់របស់កម្ពុជានៅពេលនេះ នឹងជួយជំរុញទីផ្សារស្វាយស្រស់កម្ពុជានៅប្រទេសចិនឲ្យកាន់តែប្រសើរថែមទៀត។ ផ្លែស្វាយស្រស់របស់កម្ពុជា ដែលបានដឹកទៅដល់ប្រទេសចិនជាលើកដំបូងចំនួន៨ទូកុងតឺន័រ ដែលមានទម្ងន់ប្រមាណ១៧០តោន៕