បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានឲ្យដឹងថា កម្មវិធីនេះ មានគោលបំណងលើកទឹកចិត្តស្រ្តីឱ្យចូលរួមកាន់តែច្រើនផុសផុល នៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការពាំនាំ និងកែប្រែកម្ពុជាឲ្យក្លាយទៅជាប្រទេសមួយដែលមានសក្តានុពល និងរីកចម្រើននៅក្នុងយុគសម័យឌីជីថល។
ជុំវិញការរៀបចំនេះ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានមានប្រសាសន៍ថា កន្លងមក យើងមើលឃើញថា ស្ដ្រីកម្ពុជាមានចំនួនតិចតួចណាស់ ដែលបានចាប់យកជំនាញ និង ធ្វើការលើវិស័យនេះ បើទោះបីជាពួកគាត់មានសមត្ថភាព និង ភាពច្នៃប្រឌិតប្លែកៗមិនចាញ់បុរសក៏ដោយ។
ឯកឧត្តមបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីជំរុញការចូលរួមបន្ថែមទៀត យើងចាំបាច់ បង្កើតកម្មវិធីលើកទឹកចិត្តនានា។ ជាលទ្ធផល ពានរង្វាន់ស្ដ្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យានេះ នឹងជួយបំផុសស្ដ្រីឲ្យមានចាប់អារម្មណ៍លើបច្ចេកវិទ្យា និងចូលរួមជាបន្តបន្ទាប់»។
កម្មវិធីនេះមានពានរង្វាន់ផ្នែកបច្ចេកវិទ្យាចំនួន ៣ ប្រភេទ គឺ សហគ្រិនឆ្នើមស្ដ្រីក្នុងបច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award) វិស្វករជោគជ័យក្នុងជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award) ស្ដ្រីដែលចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសហគមន៍ (Cambodian Woman ICT For Community Award)។
សូមបញ្ជាក់ថា ស្រ្តីឆ្នើមនៅកម្ពុជាទាំង៣ ដែលត្រូវបានជ្រើសរើស ទាល់តែជាក្រុមស្ត្រីកម្ពុជាដែលមាន សក្តានុពល ក្នុងផ្នែកបច្ចេកវិទ្យា មានភាពជាអ្នកដឹកនាំខ្ពស់ ព្រមទាំងបានប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីបម្រើការក្នុងស្ថាប័នរបស់ខ្លួន និងសហគមន៍របស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ន។ ក្រៅពីនេះ ពួកគាត់ ក៏ត្រូវតែជាស្រ្តីកម្ពុជាដែលបានលះបង់នូវពេលវេលា និង កម្លាំងកាយចិត្តរបស់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងការចូលរួមស្វែងរកដំណោះស្រាយផ្នែកណាមួយក្នុងវិស័យបច្ចេកវិទ្យា សម្រាប់យកមកបម្រើផលប្រយោជន៍ ក្នុងសង្គមកម្ពុជា។
សាធារណជនអាចចូលរួមក្នុងកម្មវិធីនេះបាន ដោយស្នើបេក្ខភាព ស្រ្តីដែលលោកអ្នកគិតថាជាស្រ្តីឆ្នើមឬស្រ្តីគំរូក្នុងវិស័យនេះ។ ការស្នើបេក្ខភាពអាចធ្វើឡើងតាមអនឡាញ ដោយចូលទៅក្នុងតំណភ្ជាប់ http://cbrd.gov.kh/nominations ឬ អាចទំនាក់ទំនងតាមសារអេឡិកត្រូនិក [email protected] ឬ ទូរស័ព្ទលេខៈ 023 723 121 ឬ 086 47 87 72៕