ការធ្លាក់ចុះនេះ ត្រូវបានថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាវាយតម្លៃថា គឺដោយសារនៅឆ្នាំ២០២៣ ពុំមានការជួញដូរធំដុំ គួបផ្សំអ្នកវិនិយោគមានការព្រួយបារម្ភចំពោះបញ្ហាការដួលរលំធនាគារមួយចំនួននៅសហរដ្ឋអាមេរិកជះឥទ្ធិពលមិនល្អដល់សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា។ ទោះយ៉ាងណាថ្នាក់ដឹកនាំ CSX រំពឹងថា ទំហំជួញដូរភាគហ៊ុននៅកម្ពុជានឹងល្អប្រសើរឡើងវិញ ក្រោយការហក់ចូលទីផ្សាររបស់ក្រុមហ៊ុនថ្មីធំៗចំនួនពីរ នាពេលឆាប់ៗនេះ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ទំហំជួយដូរភាគហ៊ុននៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់នៅ៥ខែជាប់ៗគ្នា ពោលគឺបានធ្លាក់ចុះពីទំហំជួញដូរជាមធ្យម៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ មកនៅត្រឹម៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ។ ការធ្លាក់ចុះនេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺអាចបណ្តាលមកពីអ្នកវិនិយោគមានការព្រួយបារម្ភចំពោះបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ជាពិសេសការដួលរលំធនាគារធំៗនៅអាមេរិកក្នុងការធ្វើឲ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា។ ម្យ៉ាងទៀត នៅឆ្នាំ២០២៣ នេះ ពុំសូវមានការជួញដូរធំៗដូចឆ្នាំមុន ដែលមានការជួញដូររាប់សិបលានដុល្លារនោះទេ។
ឯកឧត្តម ហុង សុហួរ ជឿជាក់ថា ប្រសិនបើការព្រួយបារម្ភចំពោះស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ជាពិសេសនៅសហរដ្ឋអាមេរិករបស់អ្នកវិនិយោគ មិនបានជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសណាមួយ រួមទាំងកម្ពុជាទេនោះ ទីផ្សារភាគហ៊ុនរបស់កម្ពុជាទំនងជាអាចវិលមករកភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ។ ជាមួយគ្នានេះឯកឧត្តមរំពឹងថា ទំហំជួញដូរភាគហ៊ុននៅកម្ពុជានឹងមានកើនឡើងមួយកម្រិតទៀត ក្រោយក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី និងក្រុមហ៊ុន សេលកាត របស់អ្នកឧកញ៉ា គិត ម៉េង បានចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាផ្លូវការនៅផ្សារមូលបត្រកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមរំពឹងផងដែរថា តាមរយៈវត្តមានរបស់ក្រុមហ៊ុនទាំងពីរ ក៏នឹងធ្វើឲ្យតម្លៃភាគហ៊ុននៅកម្ពុជា ដែលកំពុងមាននិន្នាការធ្លាក់ចុះមានសន្ទុះងើបឡើងវិញផងដែរ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាអះអាងថា នៅឆ្នាំ២០២៣ នេះមានក្រុមហ៊ុនចំនួន៧ គ្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា ដែលធ្វើឲ្យឯកឧត្តមរំពឹងថា ការជួញដូរភាគហ៊ុនជាមធ្យមនឹងអាចកើនដល់ ១លានដុល្លារនៅឆ្នាំ២០២៣។ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៨បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ ៩ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល៕