ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា វិស័យអាកាសចរណ៍របស់កម្ពុជា បានបង្ហាញសញ្ញាល្អប្រសើរជាបន្តបន្ទាប់ ដោយមានសម្ទុះកើនឡើងជាមធ្យមក្នុងរង្វង់ជាង១០% ក្នុង១ឆ្នាំ នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ តាមរយៈលទ្ធផលនេះ ឯកឧត្តម មានក្តីរំពឹងខ្ពស់ និងជឿជាក់ថា វិស័យអាកាសចរណ៍កម្ពុជា នឹងកាន់តែមានភាពល្អប្រសើរថែមទៀតនៅក្នុងឆ្នាំ២០២៥ នេះ ពោលគឺនឹងមានកំណើនលើសពី១៤%។
ការបង្ហាញក្តីរំពឹងបែបនេះរបស់ឯកឧត្តម ក៏ដោយសារវិស័យទេសរចណ៍កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមានជាលំដាប់ ទោះបីជាមានបញ្ហាប្រឈមសកលខ្លាំងយ៉ាងណាក៏ដោយ។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹង និងពង្រីកមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ និងការលុបបំបាត់ព័ត៌មានអវិជ្ជមានអំពីកម្ពុជា ថា ជាប្រទេសគ្មានសុវត្ថិភាព ឬជាប្រទេសនៃជម្រកឧក្រិដ្ឋជនជាដើមនោះ ក៏ជាកត្តាសំខាន់ក្នុងការជំរុញវិស័យអាកាសចរណ៍នៅឆ្នាំនេះឱ្យមានភាពល្អប្រសើរផងដែរ។
ទន្ទឹមនឹងមានភាពល្អប្រសើរ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ជឿជាក់ថា វិស័យអាកាសចរណ៍កម្ពុជា ក៏អាចជួបបញ្ហាប្រឈមមួយចំនួនផងដែរ ប្រសិនបើមានករណីមិនល្អណាមួយកើតឡើងដោយចៃដន្យនៅកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាព ឬមុខមាត់ប្រទេសជាតិ ជាដើម ដែលវានឹងធ្វើឱ្យវិស័យអាកាសចរណ៍ និងទេសរចណ៍កម្ពុជា អាចធ្លាក់ចុះ តួយ៉ាងដូចជាករណីថ្មីៗនេះ ពាក់ព័ន្ធនឹងការចាប់ជំរិត និងឆបោកតារាសម្តែងចិន នៅក្នុងប្រទេសថៃ បានធ្វើឱ្យវិស័យទេសចរណ៍ថៃ ធ្លាក់ចុះប្រមាណ២០% ទៅ៥០%។
គួរជម្រាបថា កាលពីឆ្នាំ២០២៤ កន្លងទៅ កម្ពុជា ទទួលបានអ្នកដំណើរចេញចូលតាមផ្លូវអាកាសជាង៦លាននាក់ កើនឡើងជាង២២% បើធៀបនឹងឆ្នាំ២០២៣ និងមានចំនួនជើងហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិ ទាំង៣របស់កម្ពុជា សរុបជាង៥ម៉ឺន៨ពាន់ជើង កើនឡើងជាង១៤%។ នៅពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៦លាននាក់ ដែលជាចំនួនមួយខ្ពស់ជាងពេលមុនមិនទាន់មានវិបត្តិកូវីដ-១៩ ទៅទៀត៕