ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣នេះ គ្រោងនឹងចែកនៅក្នុងពិធីប្រគល់ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ជាមួយនឹងទីក្រុងទេសចរណ៍ដែលជាប់ជ័យលាភីទាំង ២១ ក្នុងតំបន់អាស៊ាន ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ អំពីលទ្ធផលនៃការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣។
ដោយមានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា ទីក្រុងឆ្នើមចំនួន៣ របស់កម្ពុជា បានចូលរួមប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ហើយក៏ទទួលបានជ័យលាភីជាប់ជាទីក្រុងស្អាតរបស់អាស៊ានលើកទី៣។ បើតាមគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣នេះ គ្រោងនឹងចែកនៅក្នុងពិធីប្រគល់ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ជាមួយនឹងទីក្រុងទេសចរណ៍ដែលជាប់ជ័យលាភីទាំង ២១ ក្នុងតំបន់អាស៊ាន ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បាននិងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិត តំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន ដែលបានឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជា ក្នុងតំបន់។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអះអាងថា ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាម បណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ សំដៅ ធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ។
សូមបញ្ជាក់ថា កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ចាប់ពីថ្ងៃទី១៦ដល់ ២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តាមរយៈ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ កម្ពុជា នឹងកាន់តែមានឱកាសក្នុងការទាក់ទាញអ្នកទេសចរ ក៏ដូចជា អ្នកវិនិយោគឱ្យចូលមកប្រទេសកម្ពុជា ហើយវេទិកានេះទៀតសោត នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខាន ដោយសារការរីករាលដាលជំងឺកូវីដ១៩៕