អ្នកសេដ្ឋកិច្ចបានវាយតម្លៃថា កំណើនលំហូរវិនិយោគយ៉ាងគំហុកនេះ គឺដោយសារកម្ពុជាមានបរិយាកាសវិនិយោគកាន់តែប្រសើរ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី និងប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសមួយចំនួន។ ជាពិសេសកម្ពុជាបានកែសម្រួលលក្ខខណ្ឌវិនិយោគល្អប្រសើរជាងមុន។
គ្រាន់តែមួយខែដើមឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោងថ្មីៗចំនួន២៥ ដែលមានទុនវិនិយោគជិត ២ពាន់៣រយលានដុល្លារអាមេរិក ដោយបានផ្តល់ការងារជូនប្រជាពលរដ្ឋជិត២ម៉ឺន៤ពាន់កន្លែង។ តួលេខនេះមានការកើនឡើងយ៉ាងគំហុកបើធៀបនឹងខែមករា ឆ្នាំ២០២១ ដោយកាលនោះ CDC បានអនុម័តគម្រោងចំនួន១១មានទុនវិនិយោគ ៤៣,៨លានដុល្លារ និងបានផ្តល់ការងារជាង ៧ពាន់៨រយកន្លែង។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាសង្កេតឃើញថា ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់(RCEP)បានចូលជាធរមានកាលពីដើមឆ្នាំ២០២២ ការវិនិយោគលើគម្រោងថ្មីៗបានកើនឡើងជាបន្តបន្ទាប់ ទាំងកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩។ អ្នកជំនាញរូបនេះបានចាត់ទុកកំណើនវិនិយោគនេះ ជាសញ្ញាល្អក្នុងការចូលរួមស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជា ដ្បិតថាគម្រោងវិនិយោគថ្មីៗទាំងនោះមានចម្រុះវិស័យមិនមែនកាត់ដេររួមមានវិស័យកសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន សុខាភិបាល បដិសណ្ឋារ និងរបស់របរប្រើប្រាស់។
ស្រដៀងគ្នានេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាជឿជាក់ថា នៅក្រោយពិធីបុណ្យចូលឆ្នាំចិនដែលទើបបញ្ចប់កាលពីពេលថ្មីៗ នឹងមានក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនចិនបន្តចូលមកបោះទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដើម្បីចាប់យកឱកាសនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាជាមួយប្រទេសផ្សេងៗក្នុងតំបន់។ អ្នកជំនួញរូបនេះរំពឹងថា តាមរយៈវត្តមានក្រុមហ៊ុនវិនិយោគថ្មីៗទាំងនោះ វានឹងធ្វើឲ្យការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់កាន់តែមានភាពល្អប្រសើរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងសរុបចំនួន១៦១គម្រោង ដោយមានទុនវិនិយោគជិត៤ពាន់លានដុល្លារ និងបានបង្កើតការងារដល់ប្រជាជនជាង១០ម៉ឺនកន្លែង៕