លោកស្រីបន្តទៀតថា សហរដ្ឋអាមេរិក ខំប្រឹងដូចនេះក៏ដោយសារតែជឿជាក់ថា ទាំងប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីន មានសិទ្ធិស្មើៗគ្នាក្នុងការរស់នៅប្រកបដោយសុវត្ថិភាព និងសន្តិសុខ។
ទោះបីអាមេរិកបង្ហាញពីជំហរចង់ជួយឲ្យភាគីជម្លោះទាំងពីរមានបទឈប់បាញ់មួយពិតមែន ប៉ុន្តែរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ឯណោះវិញ បានចេញមកអាងចាងចោទប្រកាន់សហរដ្ឋអាមេរិកថា បានរារាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនឲ្យចេញសេចក្តីថ្លែងការណ៍រួមលើបញ្ហានេះ។
ដោយឡែក បើមើលទៅលើទំនោរទៅខាងភាគីអ៊ីស្រាអែល មិនបានបង្ហាញពីជំហរចង់ឲ្យមានបទឈប់បាញ់នៅឡើយទេ ដោយថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូបាននិយាយថា ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សានៅតែបន្តយ៉ាងពេញទំហឹង។
ជាក់ស្តែង គ្រាន់តែនៅមួយយប់ថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទសប្តាហ៍នេះ មានជនស៊ីវិលប៉ាឡេស្ទីនជាង៤០នាក់ស្លាប់ ដោយសារការវាយប្រហារពីទ័ពអាកាសអ៊ីស្រាអែល ក្នុងនោះ មានកុមារ១០នាក់បានស្លាប់ផងដែរ។ អ៊ីស្រាអែល អះអាងថា ពួកគេមិនមានបំណងសម្លាប់ផ្ដាច់ផ្ដិលជីវីតពលរដ្ឋប៉ាឡេស្ទីននោះទេ ផ្ទុយទៅវិញពួកគេសំដៅវាយប្រហាររូងក្រោមដីរបស់ក្រុមហាម៉ាស ប៉ុន្តែជាអកុសលវាបានធ្វើឲ្យដួលរលំផ្ទះប្រជាពលរដ្ឋ។ ជារឿយៗក្រុមហាម៉ាស់តែងតែត្រូវបានអ៊ីស្រាអែលចោទប្រកាន់ថា បានយកពលរដ្ឋធ្វើជាខែលការពារដោយបានបង្កប់ខ្លួនរស់នៅក្នុងទីប្រជុំជន និង រូងក្រោមដី។
អ្វីជាដើមហេតុ
បង្កឲ្យមានការប៉ះទង្គិចគ្នាដ៏ក្តៅគគុករវាងអ៊ីស្រាអែល
និងក្រុមហាម៉ាសប៉ាឡេស្ទីនក្នុងពេលនេះ?
មែនទែនទៅ នេះមិនមែនជាលើកទី១នោះទេ ដែលអ៊ីស្រាអែល និងក្រុមហាម៉ាសបើកការប្រយុទ្ធគ្នា ឆ្លងព្រំដែនដ៏ក្តៅគគុកបែបនេះ។ គេនៅចាំបានថាការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំចុងក្រោយបំផុត គឺនៅអំឡុងឆ្នាំ២០១៤។ ជម្លោះទឹកដីរវាងក្រុមហាម៉ាសប៉ាឡេស្ទីន និង អ៊ីស្រាអែល ជាជម្លោំរ៉ាំរ៉ៃរាប់សិបឆ្នាំមកហើយ ប៉ុន្តែថ្មីៗនេះ ការប៉ះគ្នារវាងអ៊ីស្រាអែល និង ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលភាគច្រើនតាំងទីលំនៅក្នុងតំបន់ហ្កាហ្សា បានកក្រើកឡើងសារជាថ្មីម្តងទៀត។
មុនឈានដល់ការប៉ះទង្គិចគ្នាដោយអាវុធដូចពេលនេះ គេសង្កេតឃើញថាចាប់ពីពាក់កណ្តាលខែមេសា ជារឿយៗមានផ្ទុះអំពើហិង្សារវាងប្រជាជនប៉ាឡេស្ទីន និង ប៉ូលីសអ៊ីស្រាអែល ដែលមកជួបជុំគ្នាប្រារព្ធពិធី តមអាហារនៅវិហារអ៊ីស្លាម នៅសង្កាត់ស័ក្តិសិទ្ធនៃក្រុងហ្សេរុយសាឡឹម ក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល។
ការផ្ទុះអំពើហិង្សារវាងប្រជាជនប៉ាឡេស្ទីន និងប៉ូលីសអ៊ីស្រាអែលក៏ដោយសារតែ ប្រជាជនប៉ាឡេស្ទីនខឹងសម្បារនឹងប៉ូលីស ដែលបានដាក់រនាំងរារាំងពួកគេមិនឲ្យប្រមូលផ្តុំគ្នាទៅបន់ស្រន់នៅវិហារអ៊ីស្លាមឈ្មោះ «អាល់ អាសារ»។
អំពើហិង្សាកើតមានជាបន្តបន្ទាប់ ហើយបង្កជាបាតុកម្មប្រឆាំងអាជ្ញាធរអ៊ីស្រាអែល រហូតដល់ថ្ងៃច័ន្ទទី១០សប្តាហ៍មុន គ្រាដែលបាតុករជាពលរដ្ឋប៉ាឡេស្ទីនបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយអាជ្ញាធរអ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្សជាង ៥០០នាក់រងរបួស។
ប្រការនេះត្រូវបានក្រុមហាម៉ាសប៉ាឡេស្ទីនធ្វើការសងសឹកដោយបានផ្តើមបាញ់គ្រាប់រ៉ុកកែតជាច្រើនគ្រាប់ចូលទឹកដីអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានវាយបកវិញតាមរយៈការទម្លាក់គ្រាប់បែក និងបំផ្លាញទីតាំងរបស់ក្រុមហាម៉ាសប៉ាឡេស្ទីនជាច្រើន។ ចាប់ពីពេលនោះមកការប្រយុទ្ធគ្នាបានផ្ទុះឡើងជាបន្តបន្ទាប់ និងកាន់តែក្តៅគគុកទៅៗ រហូតមកទល់ពេលនេះ។
សូមបញ្ជាក់ថា ការប្រយុទ្ធគ្នាបានឈានចូលដល់សប្តាហ៍ទីពីរហើយ ដោយគិតមកទល់ពេលនេះ យ៉ាងហោចណាស់មានមនុស្សជិត ២០០នាក់បានស្លាប់ ភាគច្រើនជាពលរដ្ឋប៉ាឡេស្ទីន និង ក្រុមហាម៉ាស៕