របាយការណ៍ ពីរាជរដ្ឋាភិបាលជប៉ុន ដែលបានបង្ហាញនៅក្នុងសារព័ត៌មានជប៉ុន Asian Nikkei Review បានឲ្យដឹងថា ចំនួនពលករបរទេស ដែលធ្វើការនៅប្រទេសជប៉ុន បច្ចុប្បន្ន បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានឡើយ រហូតដល់ ជាង ១,៤លាននាក់ ដែលមានកំណើន២ដង គិតត្រឹម៥ឆ្នាំចុងក្រោយនេះ ខណៈដែលប្រទេសជប៉ុន កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្ម។
បើមើលទៅលើរបាយការណ៍ ឃើញថា ពលករចិន និងវៀតណាម គឺឈរក្នុងតំណែងលេខរៀងទី ១ និងលេខ២ ដែលបានបញ្ជូនពលករទៅធ្វើការនៅជប៉ុនច្រើនជាងគេបំផុត។ តួយ៉ាង គិតនៅត្រឹមខែតុលាឆ្នាំ ២០១៨ ពលរជនជាតិចិន ដែលធ្វើការនៅជប៉ុនមានជិត ៤០ម៉ឺននាក់ ស្មើនឹងប្រមាណ ២៧% នៃចំនួនពលករបរទេសសរុបដែលធ្វើការនៅជប៉ុន។ រីឯ ពលករវៀតណាមវិញ មានប្រមាណជាង ៣១ម៉ឺននាក់ ស្មើនឹង២២% នៃពលករបរទេសសរុប។ បន្ទាប់មក គឺពលករពីជនជាតិភីលីពីន ឈរលំដាប់លេខ៣ មានប្រមាណ១៦ម៉ឺននាក់ ស្មើនឹង១១% ។
របាយការណ៍ បានបង្ហាញទៀតថា បើមើលទៅលើអត្រាកំណើនប្រចាំឆ្នាំ នៃចំនួនពលករគិតជាភាគរយ ឃើញថា ពលករវៀតណាម គឺមានកំណើនខ្ពស់ជាងគេ ពោលគឺចំនួនពលករវៀតណាមបានកើនឡើង ៣២% ឯណោះ បើធៀបនឹងឆ្នាំមុន។
ដោយឡែក បើតាមរបាយការណ៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជា បានឲ្យដឹងដែរថា គិតត្រឹមដើមឆ្នាំ២០១៩នេះ កម្ពុជា បានបញ្ជូនពលករ កម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន មានចំនួន ប្រមាណជិត ១ម៉ឺននាក់ និងឈរក្នុងលំដាប់លេខរៀងទី ៧ នៃចំនួនពលករបរទេស ទាំង១៥ ប្រទេស។
ក្នុងចំណោមពលករពីក្រៅប្រទេសទាំងអស់ ដែលធ្វើការនៅជប៉ុន មានលើស ៤៣ម៉ឺននាក់ ឬស្មើនឹង៣០% គឺធ្វើការនៅក្នុងឧស្សាហកម្មផលិត និងមានប្រមាណ ១៤% ទៅ ១៧% ផ្សេងទៀត គឺធ្វើការក្នុង វិស័យលក់រាយ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។
ដ្បិតតែ ចំនួនពលករបរទេសមានការកើនឡើងជាលំដាប់ក៏ពិតមែន ប៉ុន្ដែ ចំនួននេះ គឺនៅតែមានចំណែកតូចនៅឡើយ បើធៀបនឹងកម្លាំងពលកម្មក្នុងស្រុករបស់ជប៉ុន ពោលគឺមានប្រមាណ តែ ២% ប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះដែរ រាជរដ្ឋាភិបាលជប៉ុន ក៏ទើបតែបានសម្រេចអនុម័តច្បាប់ថ្មីទាក់ទងនឹងពលករបរទេសនេះដែរ ដោយនឹងត្រូវចូលជាធរមាននៅ ខែមេសាខាងមុខនេះ ហើយបើតាមការប៉ាន់ស្មានរបស់រាជរដ្ឋាភិបាលប្រទេសនេះ ច្បាប់ថ្មីនេះ អាចនឹងលើកទឹកចិត្តឲ្យពលករពីក្រៅប្រទេស ចូលមកធ្វើការក្នុងប្រទេសជប៉ុនកាន់តែច្រើនឡើងថែមទៀត ពោលគឺអាចមានលើសពី ៣៤ម៉ឺននាក់ គិតត្រឹមរយៈពេល ៥ឆ្នាំបន្ទាប់នេះ៕