សារព័ត៌មាន Bangkok Post បានរាយការណ៍ថា ចិនបានសម្រេចផ្អាកការនាំចូលទុរេនពីប្រភពចំនួន៣៣របស់វៀតណាម នៅក្នុងខែនេះ ក្រោយមន្ត្រីជំនាញរកឃើញមានបញ្ហាវេចខ្ចប់។ ការសម្រេចនេះធ្វើឡើងស្របពេលទុរេនវៀតណាម កំពុងដណ្តើមចំណែកទីផ្សារទុរេនថៃ កាន់តែខ្លាំង។ អគ្គនាយកដ្ឋានគយចិន បានប្រាប់មន្ត្រីក្នុងប្រទេសវៀតណាម តាមលិខិតថា ខ្លួននឹងបញ្ឈប់ការនាំចូលទុរេនពីចម្ការចំនួន១៨ និងពីក្រុមហ៊ុនដែលទទួលសិទ្ធិវេចខ្ចប់ចំនួន១៥ ដោយសារតែគេរកឃើញមានលោហៈបង្កប់នៅក្នុងកញ្ចប់វេចខ្ចប់។
ទន្ទឹមនឹងនេះ រដ្ឋបាលគយចិន បានជំរុញឱ្យអាជ្ញាធរវៀតណាម ស៊ើបអង្កេតក្រុមហ៊ុន ដែលរងការផ្អាក និងចាត់វិធានការ ដើម្បីដោះស្រាយបញ្ហា ហើយក៏ជំរុញឲ្យអ្នកជំនាញ បង្កើនការត្រួតពិនិត្យ ដើម្បីការពារស្ថានភាពពាក់ព័ន្ធកុំឱ្យកើតឡើងម្តងទៀតផងដែរ។
លោក ឃ្វៀន ថាញ់ ជុង (Nguyen Thanh Trung) និសិ្សតផ្នែកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យ Fulbright បានឲ្យដឹងថា ទោះបីជាអ្នកដាំទុរេនវៀតណាម អាចទទួលបានអត្ថប្រយោជន៍ពីការនាំចេញទៅកាន់ប្រទេសចិន ក៏ដោយ ប៉ុន្តែការកើនឡើងភ្លាមៗនៃការនាំចេញដោយគ្មានការត្រួតពិនិត្យគុណភាពអាចប៉ះពាល់ដល់កិត្យានុភាពនៃផ្លែទុរេនវៀតណាម ក្នុងរយៈពេលវែង។
កសិករវៀតណាម បានទទួលការអនុញ្ញាតឱ្យដឹកជញ្ជូនទុរេនទៅកាន់ប្រទេសចិន ក្នុងឆ្នាំ ២០២១ ហើយក៏បានក្លាយជាផលិតផលប្រកួតប្រជែងមួយដ៏សម្បើមជាមួយនឹងទុរេនថៃ។ កាលពីឆ្នាំ២០២៣ ប្រទេសចិន បាននាំចូលទុរេននៅក្នុងបរិមាណសរុប១,៤លានតោន ដោយក្នុងនោះវៀតណាម បានដណ្តើមទីផ្សារមួយផ្នែកពីទុរេនថៃ។
ជាមួយគ្នានេះ នៅក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២៤ ថៃបាននាំចេញទុរេនមានតម្លៃ២,២ពាន់លានដុល្លារទៅកាន់ប្រទេសចិន ធ្លាក់ចុះ២,៥% ខណៈការនាំចេញរបស់វៀតណាម បានកើនឡើង៦១% ដោយមានតម្លៃជាង៦៦១លានដុល្លារ។
ការហូរចូលផ្លែទុរេនយ៉ាងគំហុកពីវៀតណាម កំពុងទាញទម្លាក់តម្លៃទុរេននៅប្រទេសចិន ឱ្យមានការធ្លាក់ចុះ ពោលគឺគិតត្រឹមខែមេសា ទុរេនរបស់ចិន នាំចូលពីប្រទេសថៃ មានតម្លៃ៥,៨ ដុល្លារក្នុង១គីឡូក្រាម ខណៈទុរេនវៀតណាម មានតម្លៃត្រឹមតែ៤,២ដុល្លារ ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ