គម្រោងផ្លូវរថភ្លើងតម្លៃរាប់ពាន់លានដុល្លារតភ្ជាប់ពីទីក្រុងគួនមិញ ខេត្តយូណាន ប្រទេសចិន ទៅកាន់រដ្ឋធានីវៀងចន្ទ ប្រទេសឡាវ បាននិងកំពុងមានសន្ទុះសាងសង់ទៅមុខគួរយ៉ាងរលូន។ ស្របជាមួយគ្នានេះ ប្រទេសចិន ក៏ទើបតែបើកសម្ពោធ ផ្លូវដឹកជញ្ជូនទំនិញដ៏សំខាន់មួយទៀតជាមួយ វៀតណាមផងដែរ។
គម្រោងតភ្ជាប់ផ្លូវដឹកជញ្ជូនជាមួយប្រទេសជិតខាងកម្ពុជាទាំងពីរនេះ ត្រូវបានដឹងថា គឺធ្វើឡើងក្រោមក្របខណ្ឌគម្រោងខ្សែក្រវាត់មួយ ផ្លូវមួយរបស់មហាអំណាចចិន។
ផ្លូវរថភ្លើងតភ្ជាប់ពីចិន ទៅឡាវ
ផ្លូវរថភ្លើងតភ្ជាប់ពីចិន ទៅកាន់ប្រទេសឡាវ បានចាប់ផ្ដើមសាងសង់តាំងពីខែកញ្ញា ២០១៦ ដែលវាជាគម្រោងស្ថិតក្រោមក្របខណ្ឌគោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយរបស់ចិន ជាមួយនឹងទំហំទឹកប្រាក់សាងសង់ ៦ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន គម្រោងនេះ បាននិងកំពុងធ្វើការចាក់ពង្រាយថ្ម ដែលគេរំពឹងថា នឹងបញ្ចាប់ការចាក់ថ្មនៅក្នុង ខែមិថុនាខាងមុខនេះហើយ និងគ្រោងបញ្ចប់ឲ្យបានរួចរាល់ទាំងស្រុងនៅត្រឹមឆ្នាំ ២០២២។
ផ្លូវរថភ្លើងដែលតភ្ជាប់ពីទីក្រុងគួនមិញ ប្រទេសចិន ទៅកាន់រដ្ឋធានីវៀងចន្ទ ប្រទេសឡាវនេះ មានប្រវែងសរុបជាង ១ពាន់គីឡូម៉ែត្រ ដែលតភ្ជាប់ចេញពីបណ្ដាញផ្លូវរថភ្លើងដឹកជញ្ជូនទំនិញក្នុងស្រុករបស់ចិន ហើយក្នុងនោះ ក៏មានការសាងសង់ស្ពានឆ្លង ចិន ឡាវ ប្រវែងជាង ៣,៥គីឡូម៉ែត្រផងដែរ។
នៅពេលដែលផ្លូវរថភ្លើងនេះ សាងសង់រួចរាល់ និងដាក់ឲ្យដំណើរការ សមត្ថភាពផ្លូវរថភ្លើងនេះ អាចដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ពីទីក្រុងគួនមិញប្រទេសចិន ទៅកាន់រដ្ឋធានីវៀងចន្ទប្រទេសឡាវ ដោយប្រើប្រាស់ពេលវេលាប្រហែលតែមួយថ្ងៃប៉ុណ្ណោះ។
ផ្លូវបញ្ជូនទំនិញតាមព្រំដែនចិន វៀតណាម
ការភ្ជាប់ផ្លូវដឹកជញ្ជូនតាមព្រំដែនជាមួយវៀតណាមឯណោះវិញ ប្រទេសចិនថ្មីៗ នេះដែរ ទើបតែបានបើកដាក់ឲ្យដំណើរការនូវផ្លូវដឹកជញ្ជូនទំនិញទៅមករវាងប្រទេសទាំងពីរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឲ្យកាន់តែមានសន្ទុះខ្លាំងក្លាមួយកម្រិតទៀត។
ផ្លូវនេះ តភ្ជាប់ចេញពីកំពង់ផែភូចៃ ក្នុងទីក្រុងភីងឆាង ខេត្តគ័ងស៊ី ប្រទេសចិន ទៅកាន់ខេត្តតាន់ថាញ់ ប្រទេសវៀតណាម។
ខេត្តគ័ងស៊ីនេះ គឺជាទីតាំងដ៏សំខាន់ក្នុងការតភ្ជាប់ពាណិជ្ជកម្មរវាងចិន និងវៀតណាម រួមទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
បើនិយាយពីពាណិជ្ជកម្មបរទេសនៅក្នុងខេត្តគ័ងស៊ី របស់ប្រទេសចិន ឃើញថា ប្រទេសវៀតណាម គឺជាដៃគូពាណិជ្ជកម្មបរទេសធំបំផុតមួយ ដែលមាន ប្រហែល ៤៣% នៃទំហំពាណិជ្ជកម្មបរទេសសរុបក្នុងខេត្តនេះ។
ផ្លូវដែលជាសរសៃឈាមថ្មីមួយបន្ថែមទៀត សម្រាប់វិស័យដឹកជញ្ជូនចិន និងវៀតណាមមួយនេះ ត្រូវបានសាងសង់ឡើងក្នុងតម្លៃទឹកប្រាក់ ជិត១០លានដុល្លារអាមេរិក ដែលមានប្រវែងជិត ៥គីឡូម៉ែត្រ ទទឹង ១៩ម៉ែត្រកន្លះ និងបានចាប់ផ្ដើមសាងសង់ឡើងកាលពីឆ្នាំ ២០១៥។
ផ្លូវថ្មីនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា មិនត្រឹមតែបម្រើដល់ប្រយោជន៍វិស័យដឹកជញ្ជូន និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្ដែ ក៏បម្រើដល់ប្រយោជន៍វិស័យទេសចរណ៍ផងដែរ។
គួរបញ្ជាក់ថា គម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយនេះ គឺស្ថិតនៅក្នុងគម្រោង ផ្លូវសូត្រ ដែលពោរពេញដោយមហិច្ឆតា របស់មហាអំណាចចិន ដែលបានប្រកាសបើកដំណើរការឡើងកាលពីឆ្នាំ ២០១៣ ហើយគម្រោងនេះ ជាផែនការមេ របស់ប្រទេសចិនសម្រាប់ផ្តល់ហិរញ្ញប្បទានដល់ប្រទេសនៅតំបន់អាស៊ីនិងអឺរ៉ុប ហើយចិនខ្លួនឯងនឹងទទួលបានឥទ្ធិពលវិញពីតំបន់ទាំងនោះ។
បើតាមការស្រាវជ្រាវរបស់វិទ្យាស្ថានក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិ (CFR) បានឲ្យដឹងថា បច្ចុប្បន្នមានប្រទេសជាង ៦០ប្រទេស ដែលមានប្រជាជនសរុបប្រមាណ ២ភាគ ៣នៃពិភពលោក បានចុះហត្ថលេខាលើគម្រោងនានា ក៏ដូចជាកំពុងជាប់ពាក់ព័ន្ធនឹងគម្រោងខ្សែក្រវាត់មួយ ផ្លូវមួយនេះ។
វិទ្យាស្ថានស្រាវជ្រាវ ដដែលបានឲ្យដឹងទៀតថា តាមអ្នកវិភាគបានប៉ាន់ស្មានថា ប្រទេសដែលទទួលយកការវិនិយោគក្រោមក្របខណ្ឌ ខ្សែក្រវាត់១ ផ្លូវ១ ច្រើនគឺបំផុត គឺ ប៉ាគីស្ថាន ដែលមានទឹកប្រាក់ ៦៨ ពាន់លានដុល្លារអាមេរិក។ តាមការប៉ាន់ស្មាន របស់អ្នកវិភាគ ជាសរុប ប្រទេសចិន បានចំណាយលើគម្រោងនេះ អស់ ២០០ ពាន់លានដុល្លារអាមេរិកហើយ។
ធនាគារវិនិយោគអាមេរិក Morgan Stanley បានព្យាករថា នៅឆ្នាំ២០២៧ ចិននឹងចំណាយលើគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយនេះ រហូតដល់ ១,២ ទៅ១,៣ ទ្រីលានដុល្លារអាមេរិក៕