ប្រទេសចិន និងឥណ្ឌា ជាអ្នកផ្តល់កម្ចីលក្ខណៈទ្វេភាគីដ៏ធំបំផុតរបស់ស្រីលង្កា ខណៈដែលប្រទេសដីកោះមួយនេះ បានជួបនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតអស់រយៈ ៧០ឆ្នាំចុងក្រោយ។ ម្ចាស់បំណុលទាំងពីរប្រទេសនេះ បានខិតខំជួយសម្រាលបន្ទុកបំណុលរបស់ស្រីលង្កា ដើម្បីបើកផ្លូវសម្រាប់ការទទួលបានជំនួយបន្ថែមពីស្ថាប័នហិរញ្ញវត្ថុពិភពលោក IMFផងដែរ។
កាលពីថ្ងៃទី១៩ ខែមករាកន្លងទៅ ធនាគារអាហរ័ណនីហរ័ណចិន បានផ្ញើលិខិតទៅកាន់រដ្ឋាភិបាលស្រីលង្កា ដោយបញ្ជាក់ថា ខ្លួននឹងផ្តល់នូវការពន្យារពេល លើសេវាបំណុលរយៈពេល២ឆ្នាំ គឺនៅឆ្នាំ២០២២ និង ២០២៣ ក្រោមវិធានការភ្លាមៗមួយ ផ្អែកតាមសំណើរបស់រដ្ឋាភិបាលក្រុងកូឡំបូ។ ក្នុងន័យនេះ គឺប្រទេសស្រីលង្កា មិនចាំបាច់សងលុយដើម និងការប្រាក់នោះទេ សម្រាប់រយៈពេល ២ឆ្នាំនេះ។
យោងតាមទិន្នន័យរបស់ IMF បានបង្ហាញឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២០ ស្រីលង្កា បានជំពាក់បំណុលធនាគារចិននេះ ចំនួនជិត៣ ពាន់លានដុល្លារ ឬប្រហែល ៣,៥% នៃបំណុលបរទេសសរុប។
សរុបជារួម ស្រីលង្កាបានជំពាក់ម្ចាស់បំណុលគឺប្រទេសចិនក្នុងទឹកប្រាក់ ៧ពាន់៤រយលានដុល្លារ ឬស្មើនឹងជិត១ភាគ៥នៃបំណុលក្រៅប្រទេសសរុប គិតត្រឹមចុងឆ្នាំ ២០២២។ នេះបើយោងតាមការគណនាដោយស្ថាប័នស្រាវជ្រាវមួយគឺ China Africa Research Initiative។
ដោយឡែក កាលពីដើមខែមករានេះ ឥណ្ឌាបានបញ្ជាក់ប្រាប់ IMF ថា ខ្លួនបេ្តជ្ញាគាំទ្រស្រីលង្កា ជាមួយនឹងការផ្តល់ហិរញ្ញប្បទាន និងការសម្រាលបំណុល ប៉ុន្តែប្រទេសដីកោះដែលមានប្រជាជន២២លាននាក់នេះ ក៏តម្រូវឱ្យមានការគាំទ្រពីចិនផងដែរ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយជាមួយនឹង IMF។
បើតាមទិន្នន័យក្រសួងសេដ្ឋកិច្ចស្រីលង្កា បង្ហាញថា គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២ បំណុលសាធារណៈរបស់ប្រទេសមួយនេះមានដល់ទៅ ១២២% នៃផលិតផលក្នុងស្រុកសរុប។ ក្នុងនោះ ចិន ជប៉ុន និងឥណ្ឌា គឺជាម្ចាស់បំណុលធំៗ ដោយចិនតំណាងឱ្យ ៥២%នៃបំណុលសរុប បន្ទាប់មកគឺជប៉ុន ២០% និងឥណ្ឌា ១២%៕