កប៉ាល់ទេសចរណ៍ អេដូរ៉ា ម៉ាជិច ស៊ីធី (Adora Magic City)របស់ចិន ដែលផលិតក្នុងស្រុកបានបង្ហាញខ្លួននៅកំពង់ផែទេសចរណ៍ សៀងហៃ វូសុងគូ (Shanghai Wusongkou) កាលពីថ្ងៃសៅរ៍ មុនពេលវាបានចាកចេញពីកំពង់ផែនេះនៅថ្ងៃអាទិត្យ នៅក្នុងដំណើរសាកល្បង ដើម្បីត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងខែមករា ខាងមុខ។ នេះបើតាមសេចក្តីរាយការណ៍ ដោយកាសែត ឆាយណាដេលី។
លោក យ៉ាង ជូប៊ីង ( Yang Guobing ) ប្រធានក្រុមហ៊ុនសាជីវកម្មអភិវឌ្ឈន៍នាវាដឹកជញ្ជូនរដ្ឋចិន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ កប៉ាល់ អេដូរ៉ា ( Adora Cruises) បាននិយាយថា ការធ្វើដំណើរលើកដំបូង គឺជាការហ្វឹកហាត់ដ៏សំខាន់មួយ ដែលនាវាទេសចរណ៍ត្រូវធ្វើមុនពេលប្រតិបត្តិការពាណិជ្ជកម្មចាប់ផ្តើម។
លោកបានអះអាងថា កប៉ាល់ទេសចរណ៍ដ៏ធំនេះ គឺជានាវាតម្លៃខ្ពស់តែមួយគត់ ដែលអ្នកសាងសង់កប៉ាល់ចិនទើបតែកសាងបានមួយគ្រឿង ហើយប្រតិបត្តិការនៃនាវានេះនឹងធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសមួយនៅលើពិភពលោកដែលមានជំនាញខាងបច្ចេកវិទ្យាសាងសង់នាវាផ្ទុកយន្តហោះខ្នាតធំ នាវាផ្ទុកឧស្ម័នធម្មជាតិ និងនាវាទេសចរណ៍ខា្នតយក្ស។
កប៉ាល់ទេសចរណ៍នេះ ត្រូវបានគេដឹងថា មានទម្ងន់សរុបប្រមាណជាង១៣ម៉ឺន៥ពាន់តោន អាចផ្ទុកអ្នកដំណើរសរុបជាង៥ពាន់នាក់ ចែកចេញជា២ពាន់១រយបន្ទប់។ ក្រៅពីនោះ វាក៏មានទីលានផ្តល់សេវាកម្មកំសាន្តដែលមានទំហំដល់ទៅ៤ម៉ឺនម៉ែត្រការ៉េផងដែរ៕
ដោយៈ សរ សុជាតិ