ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយដោយសរសេររៀបរាប់ថា៖ លទ្ធិប្រជាធិបតេយ្យ បានក្លាយជាអាវុធប្រល័យលោកអស់ពេលជាយូរណាស់មកហើយ ខណៈដែលអាមេរិកបានប្រើប្រាស់វាសម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។ រដ្ឋអំណាចចិន តាមរយៈក្រសួងការបរទេសរបស់ខ្លួន ថែមទាំងបានចោទប្រកាន់អាមេរិកថា ជាអ្នកបង្កើតឲ្យមានបដិវត្តពណ៌នៅប្រទេសនានាថែមទៀត។
រដ្ឋអំណាចក្រុងប៉េកាំងបានអះអាងទៀតថា ខ្លួននឹងតស៊ូប្រឆាំងដាច់ខាតចំពោះគ្រប់បែបផែនការនយោបាយដែលយកពាក្យ ប្រជាធិបតេយ្យមកបិទបាំងធ្វើជាលេស ធ្វើជាហេតុផលនយោបាយ ដើម្បីប្រយោជន៍បុគ្គលផ្ទាល់ខ្លួន។
គេនៅចាំបានថា នៅមុនកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យប៉ុន្មានថ្ងៃ រុស្សី និង ចិនក៏បានពួតដៃគ្នាចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងកិច្ចប្រជុំខាងលើនេះដែរ។ ក្រុងប៉េកាំង និង ម៉ូស្កូ ដែលមិនត្រូវបាន អាមេរិកអញ្ជើញឲ្យទៅចូលរួមកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ ក៏បានរិះគន់កិច្ចប្រជុំនោះថា ជាការបែងចែកបក្សពួក ហើយចោទអាមេរិកថា កំពុងព្យាយាមគូសបន្ទាត់មនោគមវិជ្ជានយោបាយជាថ្មី។
មិនទាន់មានការឆ្លើយតបណាមួយពី ភាគីសហរដ្ឋអាមេរិកនោះទេ ក្រោយមានការរិះគន់ជាច្រើន ពិសេសសេចក្តីថ្លែងការណ៍របស់ចិន នៅក្រោយកិច្ចប្រជុំត្រូវបានបញ្ចប់ទៅនេះ។
យ៉ាងណាមិញ អំឡុងពេលកិច្ចប្រជុំកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យរយៈពេល២ថ្ងៃ នៅអាមេរិក លោក ចូ បៃឌិនបាននិយាយថា បច្ចុប្បន្នប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពនៅជុំវិញពិភពលោក កំពុងស្ថិតក្រោមការគំរាមកំហែងពីរបបផ្តាច់ការ។ របបផ្តាច់ការដែលពីមួយថ្ងៃទៅមួយថ្ងៃ តែងព្យាយាមពង្រីកអំណាច និងឥទ្ធិពល លុបបំបាត់ភាពត្រឹមត្រូវ និងជំនួសមកវិញ ដោយការគាបសង្កត់។ ទោះបីមិនបាននិយាយចំៗទៅលើប្រទេសចិន និងប្រទេសរុស្សីក៏ដោយ ប៉ុន្តែគេអាចដឹងបានថា លោកបៃដិន ចង់សំដៅដល់ប្រទេសទាំងពីរនេះ ពិសេសប្រទេសចិនតែម្តង ដែលបច្ចុប្បន្នកំពុងពង្រីកឥទ្ធិលនៅពាសពេញពិភពលោក ហើយដែលជារឿយៗ លោកចូ ប៉ៃឌិន តែងតែចាត់ទុក ប៉េកាំង និងមូស្គូថា ជារដ្ឋផ្តាច់ការធំជាងគេក្នុងលោកផងដែរ៕