ទីផ្សារសាច់ជ្រូកចិន

ចិនប្រមូលទិញសាច់ជ្រូក ផ្គត់ផ្គង់បុណ្យចូលឆ្នាំចិនដោយសង្ឃឹមថាខ្វះខាត


តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងអាចរក្សាបាននូវស្ថេរភាពថ្លៃ នាឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ បន្ទាប់ពីតម្លៃសាច់ជ្រូកជាមធ្យមបានថយចុះ ១១% ធៀបនឹងខែវិច្ឆិកា ឆ្នាំ២០១៩ ដែលតម្លៃសាច់ជ្រូកបានផ្ទុះឡើងដោយសារ ជម្ងឺប៉េស្តជ្រូក បានរាតត្បាត នៅក្នុងប្រទេសចិន និងឈានដល់ការសម្លាប់ជ្រូករាប់លានក្បាលនោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ចិនប្រមូលទិញសាច់ជ្រូក ផ្គត់ផ្គង់បុណ្យចូលឆ្នាំចិនដោយសង្ឃឹមថាខ្វះខាត (រូបភាព៖http://www.asianews.it/)
ដោយ

បើតាមរបាយការណ៍ពី គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ​នៃប្រទេសចិន បានគូសបញ្ជាក់ថា តម្លៃសាច់​នៅតាមផ្សារ​ទំនើបធំៗ ទូទាំងប្រទេស បានថយចុះ​គួរឲ្យកត់សម្គាល់ ធៀបនឹងខែវិច្ឆិកា ឆ្នាំ២០១៩ ដែលបានកើន​ឡើងខ្ពស់​លើសពីការរំពឹងទុក​ដោយសារ ជម្ងឺប៉េស្តជ្រូក។ ក្នុងនោះ តម្លៃសាច់មាន់ ថយចុះ ១៣% តម្លៃស៊ុត ថយចុះ ១៥% រីឯតម្លៃសាច់ជ្រូក​លក់រាយ ថយចុះ ១១%។

មន្រ្តីជាន់ខ្ពស់​នៃគណៈកម្មការ​អភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានគូសបញ្ជាក់ថា សាច់ជ្រូកសុទ្ធ (សាច់គ្មានជាប់ខ្លាញ់) នៅតាមផ្សារ​ទំនើបធំៗ គឺមានតម្លៃ​ប្រមាណ ៨,៧៤ ដុល្លារ ក្នុងមួយគីឡូក្រាម អំឡុងពេលនេះ ​ហើយរំពឹងនឹងរក្សាបាន​នូវស្ថិរភាព​ថ្លៃរហូតដល់​បុណ្យចូលឆ្នាំចិន នៅសប្តាហ៍​ចុងខែមករានេះ។

របាយការណ៍ បានគូសបញ្ជាក់បន្ថែមថា នាពេលថ្មីៗនេះ ចំនួនជ្រូក​​ ដែលត្រូវបាន​សម្លាប់​ទូទាំងប្រទេស មានការកើនឡើង​ហើយរដ្ឋាភិបាលចិន ក៏បានបញ្ចេញ​ស្តុកជ្រូកកក ហើយការផ្គត់ផ្គង់​សាច់ផ្សេងជំនួស ក៏មានការកើន​ឡើងខ្ពស់ផងដែរ ដើម្បីធានាថ្លៃសាច់​ឲ្យនៅមាន​ស្ថិរភាព។

សម្រាប់វិធានការណ៍​រយៈពេលខ្លី រដ្ឋាភិបាលចិន បានបន្ថូរបន្ថយ​អត្រាពន្ធ លើការនាំចូល​សាច់ជ្រូកកក ដើម្បីអាចនាំចូល​សាច់ជ្រូក​ដែលមានគុណភាព មកកាន់ទីផ្សារចិន ដើម្បីធានា​ការផ្គត់ផ្គង់ និងរក្សាស្ថិរភាពថ្លៃ។

លើសពីនេះ រដ្ឋាភិបាលចិន​បានចាត់វិធានការ​ជាច្រើន ដើម្បីជំរុញ​ការផ្គត់ផ្គង់​សាច់ជ្រូកឡើងវិញ ដូចជា ការជួយឧបត្ថម្ភធន​ពង្រឹង​ផលិតកម្ម​សាច់ជ្រូក ពង្រីកការ​នាំចូលបន្ថែម និងបញ្ចេញនូវ ស្តុកសាច់ជ្រូក​កក។

រដ្ឋាភិបាលចិន បានបញ្ចេញនូវ​ប្រាក់ឧបត្ថម្ភធន​ប្រមាណ ៧ម៉ឺនដុល្លារ ទៅ ៧០ម៉ឺនដុល្លារ​អាមេរិក ពីថវិកាជាតិ ដើម្បីជួយដល់​កសិដ្ឋានធំៗ​ដែលចិញ្ចឹមជ្រូក ដើម្បីគាំទ្រដល់​ការកសាង​កន្លែង​ចិញ្ចឹមរួម ដែលអាច​ការពារពី​ការរីករាលដាល​នៃជម្ងឺ និងរោងចក្រ​ដាក់ចំណី​ដោយស្វ័យប្រវត្តិ។

ចិន ជាប្រទេសដែលប្រើប្រាស់​សាច់ជ្រូក​ច្រើនជាងគេ​បំផុត ហើយកាលពី​ដើមខែកញ្ញានេះ ទើបតែបាន​លុបចោល​ការកម្ម៉ង់ទិញ សាច់ជ្រូកពី​អាមេរិក​ជាង ១,៤ម៉ឺន​តោន ដោយសារតែ​ជម្លោះពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ។

តាមការសិក្សារបស់ ក្រុមប្រឹក្សាផលិត​សាច់ជ្រូកជាតិ​របស់សហរដ្ឋ​អាមេរិក បានបញ្ជាក់ថា ទីផ្សារសាច់​ជ្រូកចិន អាចនឹងមាន​តម្លៃ ២៤ពាន់លានដុល្លារ​អាមេរិក ក្នុងរយៈពេល ១០ឆ្នាំ បើសិនជា អាមេរិក​ទទួលបាន​ការអនុញ្ញាត​នាំចូល​ដោយមិនមាន​គំនាប។

គួររម្លឹកថា ជម្ងឺប៉េស្តជ្រូក​បានរាតត្បាត​នៅក្នុង​ប្រទេសចិន តាំងពីខែសីហា ឆ្នាំ ២០១៨មកម្ល៉េះ ដែលធ្វើឲ្យ ចិនបានបាត់បង់​ការផ្គត់ផ្គង់ជ្រូក យ៉ាងហោចណាស់ក៏ ៤០% នៃចំនួនសរុប ដែលធ្វើឲ្យ ចិន មានកង្វះខាតសាច់​ជ្រូកខ្លាំងបំផុត និងរុញច្រានតម្លៃ​សាច់ជ្រូកនៅចិន​លើសពីការ​រំពឹងទុក៕

None



អត្ថបទបន្ទាប់


ល្បែងភ្នាល់អនឡាញនៅកម្ពុជា៖ អាជ្ញាធរចិនបង្កកប្រាក់ជិត១៦ លានដុល្លារ និងចាប់ខ្លួនជនសង្ស័យ ៣៦នាក់

កាលពីពេលថ្មីៗនេះ យ៉ាងហោចណាស់មានមនុស្ស៣៦នាក់ត្រូវបាន ត្រូវបានអាជ្ញាធរចិន ក្រោមកិច្ចសហការជាមួយនឹងអាជ្ញាធរកម្ពុជាចាប់ខ្លួន និងទឹកប្រាក់ក្នុ…

វៀតណាម បន្ថែមការនាំចូលសាច់ជ្រូកពី អាមេរិក និងអឺរ៉ុប ដើម្បីបំពេញកង្វះខាត

ប្រទេសវៀតណាមនៅតែបន្តបន្ថែមការនាំចូលសាច់ជ្រូកពីក្រៅប្រទេស ជាពិសេសមកពី ទីផ្សារអាមេរិក និងអឺរ៉ុប ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលអាចប្រឈម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ