ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចេញមកប្រតិកម្មភ្លាមៗ ក្រោយក្រសួងការបរទេសអាមេរិក បានដាក់របាយការណ៍ថ្មីមួយទៅកាន់រដ្ឋសភាអាមេរិក បង្ហាញការព្រួយបារម្ភពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន ដែលអាមេរិកអះអាងថា អាចមានដល់៧០០គ្រាប់ ត្រឹមឆ្នាំ២០២៧ និងដល់១.០០០គ្រាប់ត្រឹមឆ្នាំ ២០៣០។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វីនប៊ីន បាននិយាយថា ស្រដៀងគ្នាទៅនឹងរបាយការណ៍មុនៗដែរ របាយការណ៍ចេញផ្សាយដោយក្រសួងការពារជាតិអាមេរិកលើកនេះ គឺពោរពេញទៅដោយការលំអៀង និងគ្មានសមហេតុសមផលបន្តិចសោះឡើយ ហើយថែមទាំងផ្ទុយពីការពិតថែមទៀត។
លោក វ៉ាង អ្នកនាំពាក្យក្រសួងការបរទេសចិន បន្តថាសហរដ្ឋអាមេរិកព្យាយាមលាបពណ៌ចិនថា ជាអ្នកគម្រាមកំហែងផ្នែកអាវុធ នុយក្លេអ៊ែរ ទាំងដែលតាមពិតទៅ អាមេរិកទៅវិញទេ ដែលជាអ្នកធ្វើឲ្យមានការគម្រាមកំហែងអាវុធនុយក្លេអ៊ែរពិតប្រាកដ។គួរជម្រាបថា ទោះបីការព្យាកររបស់អាមេរិក ថាចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរដល់ ៧០០គ្រាប់នៅឆ្នាំ ២០២៧ និង ១.០០០គ្រាប់នៅឆ្នាំ ២០៣០ក្តី ប៉ុន្តែបើមើលលើចំនួនគ្រាប់នុយក្លេអ៊ែររបស់អាមេរិកវិញ គឺមានច្រើនជាងប្រទេសចិនដល់ទៅ៥ដងឯណោះ។ ពោល សហរដ្ឋអាមេរិក គិតមកទល់ពេលនេះ មានអាវុធនុយក្លេអ៊ែរ ៣.៧៥០គ្រាប់ ក្នុងនោះ មានជិត១ពាន់៤០០ គ្រាប់ផលិតបានក្នុងរយៈពេលចុងក្រោយបំផុត គិតត្រឹមថ្ងៃទី០១ កញ្ញាឆ្នាំនេះតែម្តង។
យ៉ាងណាមិញ នៅថ្ងៃព្រហស្បតិ៍ដដែល ក្រសួងការបរទេសអាមេរិក បានបង្ហាញចេតនា ចង់ពិភាក្សាជាមួយចិនជាថ្មីម្តងទៀត ដើម្បីបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយ។ មែនទែនទៅ កន្លងមកអាមេរិក ធ្លាប់ចែចូវចិន និងរុស្សីដើម្បីឈានទៅសម្រេចកិច្ចសហប្រតិបត្តិការទ្វេភាគីមួយ លើកិច្ចព្រមព្រៀង ដែលឈានទៅកំណត់ចំនួនគ្រាប់នុយក្លេអ៊ែរដែលប្រទេសទាំងបីកំពុងមាន។ ប៉ុន្តែ សំណើនេះត្រូវបានចិនបដិសេធ ដោយបានប្រាប់ឲ្យសហរដ្ឋអាមេរិកកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន មុននឹងមកចរចាជាមួយចិន៕