
វិធានការនេះ គឺជាការសងសឹកចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ដែលបញ្ជាឲ្យអ្នកការទូតចិនត្រូវសុំការយល់ព្រមសម្រាប់ទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យនានា និងសម្រាប់ការជួបជាមួយមន្ត្រីមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ។
អ្នកនាំពាក្យក្រសួងការបរទេសចិន ឆាវ លីជៀន (Zhao Lijian) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងដាក់"ការរឹតត្បិតស្មើគ្នា" ទៅលើមន្ត្រីស្ថានទូតនិងស្ថានកុងស៊ុលរបស់អាមេរិក ។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិនដដែល បានអំពាវនាវឲ្យអាមេរិកដកការសម្រេចចិត្តរបស់ខ្លួនវិញ ។
ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃខ៍ ផុមផេអូ (Mike Pompeo) បានថ្លែងការណ៍កាលពីថ្ងៃទី២ កញ្ញា ថា ការតម្រូវឲ្យអ្នកការទូតចិនបំពេញនូវលក្ខខណ្ឌថ្មីៗទាំងនេះ គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះការរឹតត្បិតរបស់រដ្ឋាភិបាលចិនដែលបានដាក់រួចមកហើយ មកលើមន្ត្រីការទូតអាមេរិក ។
ការវិវឌ្ឍថ្មីនេះកើតឡើងចំពេលដែលភាពតានតឹងកាន់តែកើនកម្ដៅ រវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលអាមេរិក លើបញ្ហានានារាប់តាំងពីបញ្ហាសេដ្ឋកិច្ច រហូតដល់បញ្ហាសន្តិសុខ ដូចជា ការបង្កើនកម្លាំងយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ និងការគាំទ្ររបស់អាមេរិកចំពោះកោះតៃវ៉ាន់ ៕ ប្រភព៖ Kyodo News