ចំពេលដែលទីក្រុងប៉េកាំងព្យាយាមបង្ហាញពីទង្វើមិនប្រក្រតី ដោយធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្បែរច្រកសមុទ្រតៃវ៉ាន់ និងនៅសមុទ្រចិនខាងត្បូងផងនោះ ធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការគិតខុសណាមួយនៃយោធាចិន និងកងទ័ពអាមេរិក ដែលបាននិងកំពុងឈរជើងនៅតំបន់នោះ អាចបណ្តាលឲ្យមានការប៉ះទង្គិចគ្នាផ្នែកយោធាដោយជៀសពុំរួច។
មន្រ្តីរដ្ឋបាលនៃដែនសមុទ្រក្នុងខេត្តហ្វូចៀន (Fujian) ប្រទេសចិន បាននិយាយថា «សមយុទ្ធក្បែរកោះភីងតាន (Pigtan) នឹងធ្វើឡើងនៅចន្លោះម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់ ហើយនាវាដែលឆ្លងកាត់ទាំងអស់ត្រូវបានហាមឃាត់មិនឱ្យចូលក្នុងតំបន់នោះទេ។
សូមជម្រាបថា កោះ Pingtan នេះមានចម្ងាយប្រហែល ១២៥ ប៉ុណ្ណោះ ពីឆ្នេរសមុទ្រតៃវ៉ាន់ និងប្រហែល ១៨៥ គីឡូម៉ែត្រពីទីក្រុង Taipei របស់កោះតៃវ៉ាន់។
សមយុទ្ធនេះត្រូវបានប្រកាសនៅរសៀលថ្ងៃព្រហស្បតិ៍ គឺប៉ុន្មានម៉ោងមុនពេលការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Joe Biden ដែលជួបពិភាក្សាគ្នាក្នុងគោលបំណងកាត់បន្ថយភាពតានតឹងនៅកោះតៃវ៉ាន់នេះ។
ក្នុងអំឡុងពេលជំនួបតាមទូរស័ព្ទរវាងមេដឹកនាំប្រទេសមហាអំណាចទាំងពីរនេះដែរ លោក Xi បានប្រាប់លោក Biden ថា សហរដ្ឋអាមេរិកគួរតែជៀសវាង «កុំប្រែលែងលេងជាមួយភ្លើង»ឲ្យសោះជុំវិញសំណុំរឿងកោះតៃវ៉ាន់។
ក្រៅពីសមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ទូរទស្សន៍រដ្ឋចិន CCTV បានបញ្ចេញវីដេអូដ៏កម្រមួយនៃការហ្វឹកហាត់បាញ់គ្រាប់ពិត ដោយនាវាពិឃាតបំពាក់មីស៊ីល (Type 055 Yanan) របស់ចិននៅសមុទ្រចិនខាងត្បូងផងដែរ។
លោកលី ជីនវី (Li Jinwei) ដែលជាប្រធាននាវាចម្បាំងបានប្រាប់ទូរទស្សន៍រដ្ឋចិន CCTV ថា «ការហ្វឹកហ្វឺននេះ គឺផ្តោតលើការអនុវត្តជាក់ស្តែងនៃឧបករណ៍យោធាថ្មី ដើម្បីបង្កើនប្រសិទ្ធភាពបញ្ជាការ និងពន្លឿនការបង្កើតសមត្ថភាពប្រយុទ្ធ»។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗ ក្រោយការប្រកាសទាំងមិនច្បាស់លាស់របស់លោកស្រី Pelosi ប្រធានសភាអាមេរិក មកកាន់កោះតៃវ៉ាន់ រួមជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី ទាំងចិន និងអាមេរិកបាននឹងកំពុងបង្កើនកម្លាំងយោធារបស់ពួកគេរៀងៗខ្លួន នៅជុំវិញច្រកសមុទ្រតៃវ៉ាន់។
ជួនជាមួយគ្នានេះដែរ នៅសប្តាហ៍នេះ កងនាវាចរទី ៧ របស់សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងបញ្ជូននាវាផ្ទុកយន្តហោះ (USS Ronald Reagan) ពីកំពង់ផែក្នុងប្រទេសសិង្ហបុរីឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូងផងដែរ ដែលមន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងឈរជើងនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការដែលបានគ្រោងទុកតែប៉ុណ្ណោះ។
គួរបន្ថែមថា គម្រោងដំណើរទស្សនៈកិច្ចរបស់លោកស្រី Pelosi នៅតំបន់អាស៊ីក៏ស្របពេលជាមួយខួបនៃការបង្កើតកងទ័ពរំដោះប្រជាជននៅថ្ងៃចន្ទនេះផងដែរ ដែលជាថ្ងៃរំលឹកដល់តួនាទីរបស់យោធាចិនក្នុងការការពារអធិបតេយ្យភាពជាតិ ឯកភាព និងបូរណភាពទឹកដីនៃប្រទេសចិន៕