សារព័ត៌មាន CNA បានស្រង់សម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang ដែលបានថ្លែងនៅក្នុងសន្និសីទថា «ប្រទេសចិន បានសម្រេចបរិច្ចាគប្រាក់សុទ្ធ ៣០លានដុល្លារអាមេរិកបន្ថែមទៀត ទៅឲ្យអង្គការ WHO ដែលថវិកានេះ គឺបន្ថែមលើការថវិកាដែលបានបរិច្ចាគកាលពីមុន ២០លានដុល្លារ ដើម្បីជាការគាំទ្រការប្រយុទ្ធប្រឆាំងជាសកលនៃមេរោគកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកំពុងអភិវឌ្ឍ»។
លោក Geng បន្ថែមថា ការរួមចំណែករបស់ប្រទេសចិន នៅក្នុងភ្នាក់ងារអង្គការសហប្រជាជាតិ គឺឆ្លុះបញ្ចាំងឲ្យឃើញពីការគាំទ្រ និងភាពជឿជាក់របស់រដ្ឋាភិបាល និងប្រជាជនចិន ទៅលើអង្គការ WHO។
សហរដ្ឋអាមេរិក ដែលជាចូលរួមវិភាគទានដ៏ធំបំផុតនៅក្នុងអង្គការសុខភាពពិភពលោក កាលពីសប្ដាហ៍មុននេះ បានចោទប្រកាន់អង្គការនេះថា ខ្វះការគ្រប់គ្រងវិបត្តិកូវីដ-១៩ និងធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីរដ្ឋាភិបាលក្រុងប៉េកាំង នៅពេលដែលប្រទេសទាំងពីរនេះកំពុង ឈ្លោះប្រកែកគ្នាលើបញ្ហាមេរោគឆ្លងនេះ។
នៅក្នុងការប្រកាសពីការបង្កកការផ្ដល់មូលនិធិកាលពីសប្ដាហ៍មុននេះ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចោទអង្គការ WHO ថា បានជួយលាក់បាំងស្ថានភាពផ្ទុះរាលដាលពិតប្រាកដនៃមេរោគកូវីដ-១៩ នៅក្នុងប្រទេសចិន មុនមេរោគនេះ បន្ដពង្រីកការរីករាតត្បាតខ្លាំង។
លោកត្រាំ និយាយថា អាមេរិកបានផ្ដល់ថវិកាចន្លោះពី ៤០០ ទៅ៥០០ដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ទៅដល់អង្គការសុខភាពពិភពលោក ផ្ទុយទៅវិញចិនបានចូលរួមវិភាគទានតែប្រហែល៤០លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហើយ ឬអាចតិចជាងនេះទៅទៀត៕