មន្ត្រីជាន់ខ្ពស់ក្រុងប៉េកាំងលោក វ៉ាង យី បានទាមទារអាមេរិកឲ្យផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចសម្រាប់ អាហ្វហ្គានីស្ថាន រួមជាមួយនឹងជំនួយមនុស្សធម៌ផ្សេងៗទៀត សម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន។ លើសពីនេះទៅទៀត លោក វ៉ាង យី ថែមទាំងបានជំរុញឲ្យអាមេរិកធ្វើការជិតស្និទជាមួយក្រុមតាលីបង់ ដើម្បីសម្រួលឲ្យសហគមន៍អន្តរជាតិ ចូលរួមជាមួយមេដឹកនាំតាលីបង់ថ្មីនៅអាហ្វហ្កានីស្ថាន ដើម្បីផ្តល់ការណែនាំ ជាវិជ្ជមានដល់ពួកគេក្នុងការដឹកនាំប្រទេស។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទ លោក វ៉ាង យី បាននិយាយថា៖ «សហរដ្ឋអាមេរិកត្រូវធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីផ្តល់ឱ្យអាហ្វហ្គានីស្ថាននូវតម្រូវការសេដ្ឋកិច្ច ការចិញ្ចឹមជីវិតរបស់ពលរដ្ឋ និងជំនួយមនុស្សធម៌ជាបន្ទាន់ ដើម្បីជួយឱ្យរបបថ្មីនេះ រក្សាដំណើរការធម្មតានៃស្ថាប័នរដ្ឋាភិបាល រក្សាសន្តិសុខ និងស្ថិរភាពសាធារណៈ ទប់ស្កាត់ការធ្លាក់ចុះតម្លៃរូបិយបណ្ណ និង ការកើនឡើងតម្លៃទំនិញ ជាដើម។ល។»
គួរកត់សម្គាល់ថា ការជជែកគ្នាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំប្រទេសមហាអំណាចទាំងពីរធ្វើឡើងនៅបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីសប្តាហ៍មុននៅខាងក្រៅអាកាសយាន្តដ្ឋានក្រុងកាប៊ុល ដែលបានសម្លាប់មនុស្សប្រហែល ១៧០នាក់ ក្នុងនោះមាន ១៣នាក់ជាយោធាអាមេរិកផងដែរ។
សហរដ្ឋអាមេរិកបានឆ្លើយតបវិញ ដោយការវាយប្រហារតាមអាកាសទៅលើសមាជិកសកម្មប្រយុទ្ធ ដែលគេសង្ស័យថា ជាក្រុម អាយស៊ីស (ISIS) និងជាបណ្តាញរបស់ក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាមនៅអាហ្វហ្កានីស្ថាន ហើយបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនោះ។
គួរជម្រាបថា គិតមកទល់ពេលនេះ ពុំទាន់មានប្រទេស ឬភាគីណាមួយទទួលស្គាល់ជាផ្លូវការស្របច្បាប់ នូវរដ្ឋាភិបាលថ្មីដែលដឹកនាំដោយក្រុមតាលីបង់នោះទេ ប៉ុន្តែចិនស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលផ្តើមមានទំនាក់ទំនងជាមួយក្រុមតាលីបង់ ចាប់តាំងពីពួកគេវាយដណ្តើមបានក្រុងកាប៊ុលកាលពីថ្ងៃទី ១៤ សីហាកន្លងទៅមកម្ល៉េះ៕