ថ្លែងនៅក្នុងការិយាល័យលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ក្នុងប្រទេសឥណ្ឌូនេស៊ី លោកវ៉ាង យី បាននិយាយដោយឥតលាក់លាមថា៖ «ប្រទេសជាច្រើននៅក្នុងតំបន់កំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងនៃឥទ្ធពលរបស់មហាអំណាចក្នុងការចាប់យកមហាអំណាចមួយប្រឆាំងនឹងមហាអំណាចមួយផ្សេងទៀត»។
លោកវ៉ាង យី ដែលជាទីប្រឹក្សារបស់រដ្ឋចិនផងដែរនោះ បានបន្ថែមយ៉ាងច្បាស់ៗយ៉ាងដូច្នេះថា «នៅក្នុងកាលទេសៈនេះ យើងគួរតែរួមគ្នាការពារតំបន់នេះចេញពីអន្ទាក់នៃភូមិសាស្ត្រនយោបាយ ដើម្បីកុំឲ្យប្រទេសក្នុងតំបន់ក្លាយជា«គ្រាប់អុក» ក៏ដូចជារងការគំរាមគំហែងផ្សេងៗក្នុងការប្រកួតប្រជែងអំណាចដោយពួកមហាអំណាចធំៗ»។ លោកបានសង្កត់ធ្ងន់ថា «អនាគតនៃតំបន់អាស៊ីគួរតែស្ថិតនៅក្នុងកណ្តាបដៃរបស់ពួកយើងទាំងអស់គ្នា»។
យ៉ាងណាក៏ដោយចុះ វាជាការពិតមិនអាចប្រកែកបាន ដែលតំបន់អាស៊ីអាគ្នេយ៍ គឺជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់មួយ ហើយបានក្លាយជាសង្វៀនដ៏ស្រួចស្រាល់របស់ពួកមហាអំណាចក្នុងការប្រជែងឥទ្ធិពលគ្នា ដែលត្រូវគេមើលឃើញថា ប្រទេសមួយចំនួនកំពុងមានការប្រយ័ត្នប្រយែងយ៉ាងខ្លាំងក្នុងការឈរនៅចន្លោះរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន។
គួររំលឹកបន្តិចថា ប្រទេសចិនបានទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូងថា ជាទឹកដីរបស់ខ្លួន ដោយផ្អែកលើអ្វីដែលទីក្រុងប៉េកាំងអះអាងថា ជាផែនទីប្រវត្តិសាស្ត្រ។ ការណ៍នេះបានជំរុញឲ្យប្រទេសជាសមាជិកអាស៊ានដូចជា ហ្វីលីភីន និងវៀតណាមមានការតឹងសរសៃកជាមួយចិនយ៉ាងខ្លាំង ហើយថាការការទាមទាររបស់ចិននេះ គឺផ្ទុយនឹងច្បាប់អន្តរជាតិទាំងស្រុង។
សូមបញ្ជាក់ថា សុន្ទរកថា របស់មន្ត្រីការទូតកំពូលចិននេះ ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅកោះបាលី ដែលក្នុងនោះលោកវ៉ាង យីក៏បានជួបជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកផងដែរក្រោយជំនួប G20។
លោកវ៉ាង យី បានលើកឡើងកាលក្រោយជំនួបកាលពីថ្ងៃចន្ទនោះថា «លោកជាមួយលោក Blinken បានពិភាក្សាគ្នាពីទំនាក់ទំនងប្រកបដោយភាពវិជ្ជមាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ព្រមទាំងគាំទ្រដល់ភាពជាកណ្តាលរបស់អាស៊ាន គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមកនៅក្នុងតំបន់ ជំនួសការប្រឆាំងដោយចេតនា ឬទប់ទល់ម្ខាងនិងចាប់យកភាគីម្ខាងទៀតជាដើម»។
លើសពីនេះ ទាក់ទងនឹងសំណួររឿងតៃវ៉ាន់លោក Wang បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងធ្វើឲ្យខូច និងបំភ្លៃគោលនយោបាយចិនតែមួយ ដោយព្យាយាមលេងសន្លឹកបៀរតៃវ៉ាន់ក្នុងការរំខាន និងរាំងខ្ទប់ឥទ្ធិពល ព្រមទាំងការអភិវឌ្ឍដ៏ឆាប់រហ័សប្រទេសចិនតែម្តង។
ទោះជាយ៉ាងណា ទីក្រុងវ៉ាស៊ីនតោនតែងតែបញ្ជាក់ថា ខ្លួននៅតែប្តេជ្ញាចិត្តគោរពចំពោះគោលនយោបាយចិនតែមួយ និងមិនលើកទឹកចិត្តឱ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យម្តងណាឡើយ ប៉ុន្តែសហរដ្ឋអាមេរិកត្រូវតែផ្តល់មធ្យោបាយការពារខ្លួនទៅឲ្យតៃវ៉ាន់ក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ និងសហរដ្ឋអាមេរិក។
យ៉ាងណាក្តី ភាពតានតឹងរវាងចិនដីគោក និងកោះតៃវ៉ាន់បានកើនឡើងស្ទើរតែផ្ទុះម្ដងៗទៅហើយ ក្នុងរយៈប៉ុន្មានខែថ្មីៗនេះ ដោយសារតែ យោធារបស់ប្រទេសចិនបានធ្វើសមយុទ្ធជើងទឹក ក៏ដូចជាបានហោះចូលក្នុងដែនអាកាសតៃវ៉ាន់ម្តងហើយម្តងទៀតដោយគន្លើនផងដែរ បើទោះបីមានការព្រមានពីដែនកោះនេះក្តី៕