ប្រទេសចិន ធ្លាប់បានផ្អាកការធ្វើដំណើរកម្សាន្ដក្នុងស្រុក និងក្រៅប្រទេស លើកដំបូងនៅក្នុងខែ មករា ដែលវាជាផ្នែកមួយនៃវិធានការតឹងរឹង ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគ ដែលបានផ្ទុះការឆ្លងរីករាលដាលដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន។ ទោះយ៉ាងណា ចាប់ពីខែកក្កដា ប្រទេសចិន បានអនុញ្ញាតឲ្យ មានការធ្វើដំណើរកម្សាន្ដក្នុងស្រុកឡើងវិញ ចំពេលដែលករណីឆ្លងមេរោគរាតត្បាតមានការធ្លាក់ចុះជាលំដាប់។
ការដាក់បំរាមលើការធ្វើដំណើរកម្សាន្ដជាក្រុមចេញក្រៅប្រទេស ពីសំណាក់រដ្ឋាភិបាលចិននេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសមួយចំនួន ដូចជា ប្រទេសថៃជាដើម ដោយប្រទេសនេះ មានការពឹងផ្អែកខ្លាំង លើភ្ញៀវទេសចរចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ការប្រកាសផ្អាកការធ្វើដំណើរកម្សាន្ដជាក្រុមចេញក្រៅប្រទេសរបស់អាជ្ញាធរចិននេះ គឺធ្វើឡើង នៅចំពេលដែលប្រទេសថៃ ទើបតែបានចាប់ផ្ដើមទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនាពេលថ្មីៗនេះ ដោយនៅក្នុងថ្ងៃបើកដំបូង គឺប្រទេសថៃ ទទួលបានក្រុមភ្ញៀវទេសចរចិន ៤១នាក់ សម្រាប់ជើងដំបូង។
អំឡុងពេលនៃការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិ នៅដំណាក់កាលទី ១របស់ថៃនេះ គឺកំណត់ចំនួនភ្ញៀវទេសចរត្រឹមតែ ១ពាន់ ២រយនាក់ ក្នុងមួយខែប៉ុណ្ណោះ ពោលគឺ មានទាបជាងការទទួលភ្ញៀវទេសចរបរទេស មុនពេលវិបត្តិកូវីដ១៩ ដែលធ្លាប់មានដល់ទៅ ៣លាននាក់ក្នុងមួយខែៗ ៕