ក្រុមហ៊ុន Shimao ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ជាក្រុមហ៊ុនអភិវឌ្ឍន៍ចិនដ៏សំខាន់ដំបូងគេមួយ ដែលានខកខានការសងបណ្ណបំណុលក្រៅប្រទេសរបស់ខ្លួនកាលពីខែមុន ហើយក៏ជាក្រុមហ៊ុនចិនដ៏ធំដំបូងគេមួយ ដែលបានចាប់ផ្តើមការចរចាលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញជាមួយម្ចាស់បំណុលផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុន Shimao នឹងមិនរាប់បញ្ចូលបំណុលក្រៅប្រទេសចំនួនជាង ២ ពាន់លានដុល្លារ រួមទាំងប្រាក់កម្ចីគម្រោងនៅក្រៅប្រទេស និងប្រាក់កម្ចីដែលគាំទ្រដោយស្ថាប័នហិរញ្ញវត្ថុនៅលើដីគោក ឬគ្រប់គ្រងដោយច្បាប់ចិនដីគោកនោះទេ។
ក្រោមសំណើរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញក្នុងទំហំជិត១២ពាន់លានដុល្លារ ក្រុមហ៊ុនបានបែងចែកជាពីរកម្រិត គឺកម្រិត Class A ដែលមានបំណុលជាង៤ពាន់៦រយលានដុល្លារ ត្រូវបង់សង់រំលោះក្នុងរយៈពេល ៣៦ ទៅ៧២ខែ។ រីឯ កម្រិត Class B ដែលមានទំហំបំណុលជាង៧ពាន់លានដុល្លារ ត្រូវសងក្នុងរយៈពេល៣៩ទៅ ៩៣ខែ។
សូមបញ្ជាក់ថា វិស័យអចលនទ្រព្យចិន បានរងផលប៉ះពាល់ ដោយសារតែការបរាជ័យសងបណ្ណបំណុលជាបន្ដបន្ទាប់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ដែលក្រុមហ៊ុនទាំងនោះ គឺមានចំនួន៣ក្រុមហ៊ុន ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥ដែលបានបោះផ្សាយបណ្ណបំណុលនៅក្នុងប្រទេសចិន រួមមាន ក្រុមហ៊ុន China Evergrande Group, ក្រុមហ៊ុន Kaisa Group និង Sunac China ខណៈដែលក្រុមហ៊ុន Shimao គឺជាក្រុមហ៊ុនធំបំផុតទី៦ ដែលបានបោះផ្សាយបណ្ណបំណុល និងបរាជ័យក្នុងការសងបំណុលទាំងនេះ៕