តម្រូវការរថយន្តជជុះបានកើនឡើងកាន់តែខ្លាំងនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តជប៉ុន និងអឺរ៉ុប បានដកខ្លួនចេញ ដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅដើមឆ្នាំ២០២២ ដោយធ្វើឱ្យម៉ាកយីហោរថយន្តរបស់ចិន ល្បីៗមួយចំនួន សំឡឹងឃើញឱកាសនៅក្នុងទីផ្សាររុស្ស៊ី កាន់តែខ្លាំងឡើង ជាពិសេសរថយន្តជជុះរបស់ចិន តែម្ដង។
ជាក់ស្ដែងប្រភពពីក្រុមឧស្សាហកម្មមួយបានឱ្យដឹងថា ប្រទេសចិន បាននាំចេញរថយន្តជជុះប្រហែល៤០ម៉ឺនគ្រឿង ទៅកាន់ប្រទេសរុស្ស៊ី និងបណ្ដាប្រទេសនៅតំបន់អាស៊ីកណ្ដាល នៅក្នុងឆ្នាំ២០២៤ ដោយបានកើនឡើង៤៥% បើធៀបនឹងឆ្នាំ២០២៣ និងជាកំណត់ត្រាដ៏ខ្ពស់បំផុតមួយ ហើយក្រុមហ៊ុនចិន ដែលបាននាំចេញរថយន្តច្រើនបំផុតទៅកាន់ប្រទេសទាំងនេះ គឺក្រុមហ៊ុន Geely និងក្រុមហ៊ុន Li Auto ដែលមានតម្លៃជិត៣ម៉ឺនដុល្លារអាម៉េរិក ក្នុងមួយគ្រឿង ឬទាបជាងនេះ។
បើតាមសមាគមអ្នកចែកចាយរថយន្តចិន ការលក់រថយន្តជជុះនៅក្នុងប្រទេសចិន បានកើនឡើង៧%ឡើងដល់ជិត២០លានគ្រឿង។ ទោះបីជាការលក់រថយន្តថ្មី និងជជុះនៅក្នុងស្រុកកំពុងកើនឡើងក៏ដោយ ប៉ុន្តែកំណើននេះបានថយចុះដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចចិន ដូច្នេះហើយវាទំនងជាអាចជំរុញឱ្យក្រុមហ៊ុនបង្កើនការនាំចេញដើម្បីកាត់បន្ថយការស្តុកទុកច្រើនពេក។
បើតាមទិន្នន័យចុងក្រោយពីក្រសួងពាណិជ្ជកម្មរបស់ចិន ប្រទេសកៀហ្ស៊ីស៊ីស្ថាន គឺជាប្រទេសនាំចូលរថយន្តជជុះរបស់ចិនច្រើនជាងគេបំផុតក្នុងឆ្នាំ២០២៣ បន្ទាប់មកគឺរុស្ស៊ី និងប្រទេសអ៊ូបេគីស្ថាន ខណៈប្រទេសទាំងបីនេះមានចំណែករួមគ្នាប្រហែលពាក់កណ្តាលនៃការនាំចេញរថយន្តជជុះរបស់ចិន។
សូមរំលឹកថា ប្រទេសចិន បានចាប់ផ្តើមនាំចេញរថយន្តជជុះក្នុងចំនួនដ៏ច្រើនក្នុងឆ្នាំ២០១៩ បន្ទាប់ពីមានការអនុម័តពីរដ្ឋាភិបាល។ ដំបូងឡើយនីតិវិធីនៃការនាំចេញរថយន្តជជុះរបស់ចិន ត្រូវបានដំណើរការនៅតាមការិយាល័យគយមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែក្រោយមក នីតិវិធីនេះ ក៏ទំនងជាត្រូវបានពង្រីកថែមទៀតនៅតាមការិយាល័យគយទូទាំងប្រទេសក្នុងខែកុម្ភៈ ឆ្នាំ២០២៤៕
អត្ថបទ៖ សុខ មង្គល