លោក វូ ជុនយូ ប្រធានផ្នែករោគរាតត្បាតនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ប្រទេសចិន បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ចិនថា ចលនារបស់មហាជនក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ស្របពេលដែលការរីករាលដាលជំងឺរាតត្បាតកំពុងបន្ត អាចរុញឱ្យការឆ្លងនៅក្នុងតំបន់ជនបទមានកាន់តែខ្លាំង ប៉ុន្តែក្នុងរយៈពេលខ្លី រលកកូវីដ ទំនងជាមិនកើតឡើងនោះទេ។
យ៉ាងណាមិញសម្រាប់រយៈពេលវែង ពោលគឺនៅ២ទៅ៣ខែខាងមុខ កូវីដ១៩អាចរាលដាលទៅចម្លងដល់មនុស្សប្រមាណ៨០%នៃប្រជាជនចិន។ នេះបើតាមការព្រមានពីលោក វូ ជុនយូ ដដែល។
ការព្រមានពីមន្ត្រីជំនាញចិនរូបនេះធ្វើឡើងស្របពេលដែល ជនជាតិចិនរាប់រយលាននាក់កំពុងធ្វើដំណើរនៅទូទាំងប្រទេសសម្រាប់ការជួបជុំគ្នាក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ក្រោយត្រូវបានផ្អាកអស់ប៉ុន្មានឆ្នាំជាប់គ្នា ក្រោមវិធានការទប់ស្កាត់ដ៏តឹងរ៉ឹង ដែលទើបនឹងបានបន្ធូរបន្ថយ កាលពីខែមុន។
ទិន្នពីរដ្ឋាភិបាលក្រុងប៉េកាំងឱ្យដឹងថា គិតពីពេលទម្លាក់ចោលវិធានការទប់ស្កាត់ដ៏តឹងរ៉ឹង មកត្រឹមថ្ងៃទី១២ខែមករា មានពលរដ្ឋចិនប្រមាណ ៦ម៉ឺននាក់ស្លាប់ដោយសារកូវីដ១៩នៅក្នុងមន្ទីរពេទ្យ។
ទោះយ៉ាងណា អ្នកជំនាញមួយចំនួនបាននិយាយថា តួលេខនេះប្រហែលជារាប់មិនអស់ពីផលប៉ះពាល់ទាំងស្រុងនោះទេ ព្រោះវាមិនរាប់បញ្ចូលអ្នកដែលស្លាប់នៅផ្ទះឡើយ ហើយដោយសារតែគ្រូពេទ្យជាច្រើនបាននិយាយដែរថា មានករណីស្លាប់ខ្លះពុំត្រូវបានគេអនុញ្ញាតឱ្យរាប់បញ្ចូលជាមូលហេតុស្លាប់ដោយសារកូវីដថែមទៀត៕