តួរលេខដែលផ្សព្វផ្សាយដោយមជ្ឃមណ្ឌលព័ត៌មានអចលនទ្រព្យនៃការិយាល័យព័ត៌មានលំនៅដ្ឋានរបស់ធនាគារនៅក្នុងប្រទេសថៃបានអះអាងថា កាលពីឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ មានអគារខុនដូរនៅក្នុងប្រទេសថៃសរុបរហូតដល់ទៅជាង១ម៉ឺន១ពាន់យូនីត ត្រូវបានលក់ចេញទៅឲ្យជនបរទេស ដោយមានតម្លៃសរុបរហូតដល់ទៅប្រមាណជាង ១ពាន់៧រយលានដុល្លារ ។
ប្រភពដដែលបានបន្តថា អតិថិជនជាជនជាតិចិនឈរនៅលំដាប់កំពូល នៅក្នុងចំណោមជនបរទេសសរុប១០ សញ្ជាតិផ្សេងទៀត ដែលបានទិញខុនដូច្រើនជាងគេនៅក្នុងប្រទេសថៃកាលពីឆ្នាំមុន ។
ប្រភពដដែលបានបញ្ជាក់ថា ជនជាតិចិនបានទិញខុនដូនៅថៃមានរហូតដល់ទៅជាង ៥ពាន់៧រយយូនីត ពោលគឺនៅក្នុងតួលេខមួយដ៏ច្រើនលើសលុបបំផុត ។ បន្ទាប់មក គឺជនជាតិរុស្ស៊ីដែលមានប្រមាណជាង ៨០០ យូនីត, អាមេរិក មានជាង ៥៤០ យូនីត, អង់គ្លេសជិត៤០០ យូនីត, បារាំងជាង ៣៥០ យូនីត, មីយ៉ាន់ម៉ាមានប្រមាណ៣៥០ យូនីត រួមទាំងជនជាតិផ្សេងទៀតដូចជាអាល្លឺម៉ង់ អូស្រ្តាលី ឥណ្ឌា និងប្រជាជននៅកោះតៃវ៉ាន់ជាដើម ។
ប្រភពដដែលបានឲ្យដឹងថា បើគេពិពណ៌នាអំពីការចំណាយសាច់ប្រាក់ ដើម្បីទិញអគារខុនដូនៅថៃនេះវិញ ក៏ជនជាតិចិននៅតែឈរនៅលំដាប់កំពូលដែរ ប៉ុន្តែការចំណាយដ៏លេចធ្លោរមួយទៀត គឺពលរដ្ឋមីយ៉ាន់ម៉ា ដែលជាប្រទេសក្បែរខាងថៃតែម្ដង។
តួរលេខបានអះអាងថា ជនជាតិចិនបានចំណាយសាច់ប្រាក់រហូតដល់ទៅជាង៨៥០ លានដុល្លារទិញខុនដូរនៅក្នុងប្រទេសថៃ, ជនជាតិរុស្ស៊ីឈរនៅលំដាប់ទី ២ ដោយចំណាយជាង ៧៨លានដុល្លារ, ចំណែកមីយ៉ាន់ម៉ាវិញ គឺឈរចំណាត់ថ្នាក់ទី៣ ដោយចំណាយ ជាង ៧៣,២ លានដុល្លារ ពោលគឺច្រើនជាងជនជាតិអាមេរិកាំងដែលចំណាយប្រមាណ ជិត៧០លានដុល្លារ។
វិស័យអចលនទ្រព្យរបស់ថៃ ត្រូវបានគេរំពឹងថា នឹងអាចនចាប់ផ្ដើមស្ទុះងើបឡើងវិញនៅឆ្នាំនេះ ដោយមានក្ដីសង្ឃឹមខ្ពស់តាមរយៈលំហូរចូលនូវទេសចរជនបរទេស ពិសេសជនជាតិចិន រួមទាំងវិនិយោគបរទេសផ្សេងៗទៀតផងដែរ៕