នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ប្តេជ្ញាបើកចំហសេដ្ឋកិច្ចចិន!

នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ប្តេជ្ញាបើកចំហសេដ្ឋកិច្ច និងធ្វើកំណែទម្រង់ប្រទេសចិន


នាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Li Qiang) ដែលទើបចូលកាន់តំណែងថ្មី បន្ទាប់ពីលោក លី ខឺឈាងនោះ បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៣០មីនា នៅឯវេទិកាសេដ្ឋកិច្ចមួយថា ការអនុវត្តសេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពប្រសើរឡើងនៅក្នុងខែមីនានេះក្នុងរយៈពេល២ខែដំបូងឆ្នាំនេះ ខណៈដែលប្រទេសចិននឹងពង្រីកតម្រូវការក្នុងស្រុក និងពង្រឹងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន។ លោកបន្ថែមថា ប្រទេសចិន ប្តេជ្ញានឹងបើកចំហសេដ្ឋកិច្ច និងធ្វើកំណែទម្រង់ឲ្យកាន់តែប្រសើរឡើងថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ប្តេជ្ញាបើកចំហសេដ្ឋកិច្ច និងធ្វើកំណែទម្រង់ប្រទេសចិន

លោក លី ឈាង នាយករដ្ឋមន្ត្រីថ្មីរបស់ចិន បាននិយាយអះអាងថា មិនថាស្ថានភាពពិភពលោកមានការវិវឌ្ឍទៅជាយ៉ាងណានោះទេ គឺប្រទេសចិននឹងនៅតែប្តេជ្ញាចិត្តចំពោះកំណែទម្រង់ និងការបើកចំហរទៅមុខជានិច្ច ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ លោកក៏បានអះអាងទៀតថា ភាពតានឹងនៃភូមិសាស្ត្រនយោបាយ គឺបានត្រឹមតែធ្វើឲ្យការអភិវឌ្ឍនៅទូទាំងពិភពលោកដើរថយក្រោយតែប៉ុណ្ណោះ។

ថ្លែងនៅលើវេទិកាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សិង្ហបុរី និងអេស្ប៉ាញដែលមានទំនាក់ទំនងពាណិជ្ជកម្មនិងការទូតជិតស្និទ្ធិជាមួយទីក្រុងប៉េកាំងនោះ លោកលី ឈាង បានលើកឡើងពីវឌ្ឍនភាពនៃសេដ្ឋកិច្ចចិននៅដើមឆ្នាំនេះថា ខែមីនាមានភាពល្អប្រសើរជាងខែមករា និងខែកុម្ភៈ ជាពិសេសសន្ទុះសេដ្ឋកិច្ចសំខាន់ៗដូចជាការប្រើប្រាស់ និងការវិនិយោគបានបន្តមានភាពប្រសើរឡើងខណៈដែលវិស័យការងារ និងតម្លៃជាទូទៅនៅមានស្ថិរភាពនៅឡើយ។

លោក ឈាង បានបន្ថែមទៀតថា នៅក្នុងជំហានបន្ទាប់ ចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ស្ថិរភាព និងស្វែងរកវឌ្ឍនភាព ខណៈដែលចិនកំពុងរក្សាបាននូវស្ថិរភាព បង្រួបបង្រួម និងពង្រីកសន្ទុះនៃការងើបសេដ្ឋកិច្ចឡើងវិញ និងជំរុញភាពល្អប្រសើរឡើងនៃដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិនឱ្យកើនឡើងជាលំដាប់។

នាយករដ្ឋមន្ត្រីថ្មីរបស់ចិនរូបនេះក៏បាននិយាយដែរថា ចិននឹងបង្កើតវិធានការថ្មីជាបន្តបន្ទាប់នៅក្នុងការពង្រីកការចូលទៅដល់ទីផ្សារ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសអាជីវកម្ម ហើយសន្តិភាពគឺជារឿងសំខាន់បំផុតសម្រាប់ការអភិវឌ្ឍ។

ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី២នៅក្នុងពិភពលោកនោះ កំពុងងើបឡើងវិញបន្តិចម្តងៗក្រោយពីប្រទេសនេះបានទម្លាក់ចោលនូវវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ភ្លាមៗនៅក្នុងខែធ្នូឆ្នាំមុន ប៉ុន្តែការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ គឺនៅមិនទាន់មានស្ថិរភាពនៅឡើយទេ។ ទោះយ៉ាងណាលោក លី ឈាង បាននិយាយថា ឥឡូវនេះមានសញ្ញានៃការស្ទុះងើបឡើងវិញជាបណ្ដើរៗហើយ។

ប្រទេសចិនបានកំណត់គោលដៅសម្រាប់កំណើនផលិតផលក្នុងស្រុកតិចតួច គឺអត្រាកំណើនត្រឹម ៥% ប៉ុណ្ណោះនៅឆ្នាំនេះ បន្ទាប់ពីនៅឆ្នាំមុន កំណើនសេដ្ឋកិច្ចចិនគឺសម្រេចបានក្នុងកម្រិតទាបជាងអ្វីដែលរំពឹងទុក។ ប៉ុន្តែតួលេខកំណត់គោលដៅនៅឆ្នាំ២០២៣នេះ គឺនៅទាបជាងតួលេខ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នព្យាករមួយចំនួនទៀតបានប៉ាន់ស្មានទុក។

លោកនាយករដ្ឋមន្ត្រី លី ឈាង ក៏បាននិយាយដែរថា ភាពវឹកវរ និងជម្លោះ មិនត្រូវកើតមានឡើងនៅតំបន់អាស៊ីនោះទេ បើមិនដូច្នេះទេអនាគតនៃតំបន់នេះ នឹងត្រូវខាតបង់ជាមិនខាន ហើយលោក ឈាង បានបន្ថែមថា ប្រទេសចិននឹងដើរតួជា «យុថ្កា» សម្រាប់សន្តិភាពពិភពលោក៕




អត្ថបទបន្ទាប់


តើចិន និងអាមេរិកព្រមានដាក់គ្នាអ្វីខ្លះ ជុំវិញវត្តមានមេដឹកនាំតៃវ៉ាន់នៅលើទឹកដីសហរដ្ឋអាមេរិក?

ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន បានធ្វើដំណើរទៅដល់ទីក្រុងញូវយ៉កសហរដ្ឋអាមេរិកហើយកាលពីថ្ងៃពុធទី២៩មីនា ដែលស្ថិតនៅក្រោមក្រសែភ្នែកសម្លឹ…

អង់គ្លេសទទួលបានភ្លើងខៀវ ដើម្បីចូលជាសមាជិកនៃកិច្ចព្រមព្រៀង CP TPP ហើយ

តើចក្រភពអង់គ្លេសនឹងអាចសម្រេចគោលដៅចូលជាសមាជិកនៃកិច្ចព្រមព្រៀង CP TPP ដែរឬយ៉ាងណា? ក្រោយពីការចាកចេញពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេសបានព្យាយាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ