ស្រពពេលពលរដ្ឋចិន រាប់លាននាក់ បានត្រឡប់ទៅស្រុកកំណើតដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ជាច្រើនបានផ្សាយពាណិជ្ជកម្មប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីអូសទាញអតិថិជនឱ្យទិញផ្ទះរបស់ពួកគេជាមួយនឹងការផ្ដល់ជូនពិសេសៗចាប់ពីការបង់ប្រាក់ទាបរហូតដល់ការចែកសំបុត្រយន្តហោះ និងទូរសព្ទ iPhone ដោយឥតគិតថ្លៃ។
ចំណែកការលើកទឹកចិត្តខ្លះទៀត ក៏ត្រូវបានផ្សព្វផ្សាយនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីនៅសប្តាហ៍នេះផងដែរ ខណៈដែលពលរដ្ឋចិន រាប់រយលាននាក់ បានឈប់សម្រាករយៈពេលមួយសប្ដាហ៍ដោយអ្នកអភិវឌ្ឍន៍ខ្លះសង្ឃឹមថា ពលរដ្ឋចិន ទាំងនេះ អាចនឹងពិចារណាទិញផ្ទះរបស់ពួកគេ។
សាខាក្រុមហ៊ុនអចលនទ្រព្យ Cifi Holdings Group នៅទីក្រុងសេនយ៉ាង (Shenyang) ដែលកិច្ចសន្យានៃការលក់ផ្ទះរបស់ខ្លួនបានធ្លាក់ចុះជាង៥០% ក្នុងឆ្នាំ២០២៤ នោះបានសន្យាថា ខ្លួននឹងចែកជូនទូរស័ព្ទ iPhone 16 និងសំបុត្រយន្តហោះដោយឥតគិតថ្លៃសម្រាប់អ្នកដែលបានធ្វើដំណើរទៅទីក្រុងសេនយ៉ាង និងទិញអាផាតមិនមួយខ្នងរបស់ពួកគេ។
ចំណែកនៅទីក្រុងស៊ូចូវ (Suzhou) វិញ ក្រុមហ៊ុន Long for Group Holdings កំពុងផ្តល់មូលនិធិធ្វើដំណើរទៅកាន់ទីក្រុងហាប៊ីន (Harbin) ដែលជាកន្លែងទេសចរណ៍ដ៏ក្តៅគគុកមួយនៅភាគខាងជើងប្រទេសចិន សម្រាប់អ្នកដែលបានទិញអាផាតម៉ិនរបស់ពួកគេនៅទីនោះ៕
អត្ថបទ៖ សុខ មង្គល