អ្នកដែលបានចូលរួមកិច្ចប្រជុំមានក្រុមហ៊ុនវិនិយោគនិងអភិវឌ្ឍន៍អចលនទ្រព្យចិនធំៗ និង ធនាគារចិនធំៗមួយចំនួនផងដែរ ។ ក្រុមហ៊ុន និងវិនិយោគិនធំៗទាំងនេះ បានបង្ហាញក្តីបារម្ភចំពោះបញ្ហាបំណុល ដែលរុញច្រាន អោយក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយរបស់ចិន គឺ Evergrande ធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ។ មិនតែប៉ុណ្ណោះ វាបានជះឥទ្ធិពលដល់វិស័យអចលនទ្រព្យ នៅទូទាំងប្រទេសចិនតែម្តង។
Evergrande ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំលំដាប់ទី២របស់ប្រទេសចិន បច្ចុប្បន្នក្រុមហ៊ុន Evergrande នេះកំពុងមានបំណុលសរុបជាង ៣០០ពាន់លានដុល្លារអាមេរិក។ បំណុលដ៏ច្រើនសម្បើមបែបនេះ ធ្លាប់បានធ្វើឱ្យទីផ្សារពិភពលោកមានភាពរង្គោះរង្គើ ខណៈអ្នកជំនាញធ្លាប់បានព្រមានដែរថា ប្រសិនបើគេមិនអាចដោះស្រាយឲ្យបានឆាប់ទេ វានឹងអាចបង្កហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិនទាំងមូល។
ដើម្បីចូលរួមដោះស្រាយបញ្ហានេះ សម្ព័ន្ធ Kaisa (Kaisa Group) ដែលជាក្រុមហ៊ុនលក់អចលនទ្រព្យធំមួយរបស់ចិន បានផ្តល់យោបល់នៅក្នុងកិច្ចប្រជុំ ដោយជំរុញឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ ជួយក្រុមហ៊ុនឯកជន សម្រួលសាច់ប្រាក់ឲ្យមានភាពងាយស្រួល តាមរយៈការទិញយកគម្រោងនានា និងការផ្តល់យុទ្ធសាស្ត្រ។
ដោយឡែកក្រុមហ៊ុន Vanke ជាក្រុមហ៊ុនមួយក្នុងចំណោមកំពូលក្រុមហ៊ុនអចលនទ្រព្យទាំង៣ របស់ចិន បានអះអាងថា ខ្លួនមិនមានបញ្ហាហិរញ្ញវត្ថុនោះទេ ប៉ុន្តែក្រុមហ៊ុន បានអំពាវនាវឱ្យរដ្ឋអំណាចចិន មានគោលនយោបាយច្បាស់លាស់មួយ ដើម្បីជៀសវាងហានិភ័យហិរញ្ញវត្ថុជាប្រព័ន្ធទូទាំងប្រទេសចិន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
យ៉ាងណាមិញ ភាគីក្រុមហ៊ុនទាំងប៉ុន្មានខាងលើ រួមទាំងរដ្ឋអំណាចក្រុងប៉េកាំងផងដែរ បានបដិសេដក្នុងការឆ្លើយតបជាមួយសារព័ត៌មានរ៉យទ័រ ជុំវិញបញ្ហានេះ។
សូមជម្រាបថា គិតមកដល់ពេលនេះ អស់ពេលជាច្រើនខែមកហើយ ដែលក្រុមហ៊ុន Evergrande បានធ្លាក់ក្នុងវិបត្តិបំណុល និងព្យាយាមរកដំណោះស្រាយសងបំណុលរបស់ខ្លួន ទាំងក្នុងនិងក្រៅប្រទេស ដែលចូលមកដល់ថ្ងៃកំណត់ជាបន្តបន្ទាប់។ ផ្សារហ៊ុនរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះជាង ១%ទៀត នៅថ្ងៃអង្គារសប្តាហ៍នេះ៕